លោក គង់ សភា ជាអតីតតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៃគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បានអះអាងថា លោក ហូរ វ៉ាន់ នឹងមិនវិលមកកម្ពុជា ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីបើកផ្លូវសម្រាប់លោកទេ ប្រសិនបើចេតនានៃការអំពាវនាវនេះមិនឆ្លុះបញ្ចាំងពីសុចរិត និងការផ្សះផ្សាខាងនយោបាយនោះទេ។
ថ្លែងពីសហរដ្ឋអាមេរិក តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២០ ខែមករានេះ លោក គង់ សភា ដែលអះអាងបញ្ជាក់ពីជំហរលោក ហូរ វ៉ាន់ បានឱ្យដឹងថា លោក ហូរ វ៉ាន់ នឹងមិនមកកម្ពុជា ដោយត្រឹមសារអំពាវនាវបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ ប្រសិនបើការផ្ញើសារនេះមិនឈរលើគោលការណ៍ស្មោះត្រង់ និងមិនអាចជឿទុកចិត្តបានទេនោះ។
បើតាមលោក គង់ សភា មិនមែនតែលោក ហូរ វ៉ាន់ ម្នាក់ទេដែលមានជំហរបែបនេះ សូម្បីអតីតមន្ត្រីនយោបាយជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ក៏យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលមានចិត្តទូលាយ និងបើកផ្លូវឱ្យមានការពិគ្រោះយោបល់ដោយស្មើភាពគ្នា ពួកគេនឹងវិលមកកម្ពុជាវិញ។
លោកបន្តថា៖ «ខ្ញុំគិតថា បើគាត់បើកវប្បធម៌សន្ទនា ហើយជជែកគ្នាទៅ ការវិលត្រលប់របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វាជាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យឡើងវិញ។ អ៊ីចឹងបើកដោយសន្តិភាពប្រជាធិបតេយ្យពិតប្រាកដ ច្បាស់ជាថ្នាក់[ដឹកនាំ]ទាំងអស់ និងគាត់[ហូរ វ៉ាន់] ចូលរួមហើយ។ ប៉ុន្តែបើក្នុងគោលបំណងអាក្រក់ អាហ្នឹងយើងអត់ទាន់វិលត្រលប់ទៅទេ»។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ នៅថ្ងៃនេះ ដោយលោកប្រាប់ថាជាប់រវល់។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមករា ម្សិលមិញ បញ្ជាក់ជំហរជាថ្មីទៀតថា អ្វីដែលលោកបើកផ្លូវឱ្យលោក ហូរ វ៉ាន់ ចូលកម្ពុជាវិញនេះ ព្រោះសត្រូវរបស់លោកមានតែម្នាក់គត់ នោះប្រហែលជាលោកចង់សំដៅដល់លោក សម រង្ស៊ី។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាលើកទី១ហើយដែលលោកផ្ញើសារទៅលោក ហូរ វ៉ាន់ ក្នុងការអនុគ្រោះឱ្យអ្នកនយោបាយចាស់វស្សារូបនេះបានវិលចូលកម្ពុជាវិញ ដោយគ្មានទោសពៃរ៍បែបនេះ។
លោកបន្តថា៖ «អាវ៉ាន់ អញផ្ដាំទៅ អាអើយមកស្រុកមកអាវ៉ា។ មកស្រុកមក ឯងទៅតាមគេធ្វើអីហ្អា! មក អញលើកទោសឱ្យ បើឯងចង់មក ព្រោះសេចក្តីត្រូវការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអាដែងអាអ្នកនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្តាច់ខ្លួនចេញមក អញលើកលែងទោស និយាយគ្នាឱ្យច្បាស់ៗអ៊ីចឹង។ បើវាឈ្លើយ វាហួសហេតុពេកតែម្តង វាមិនដឹងយ៉ាងម៉េចវា»។
នេះជាការអំពាវនាវសារជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអ្នកនយោបាយជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលនៅក្បែរលោក សម រង្ស៊ី ផ្តាច់ខ្លួនចេញ ហើយលោកនឹងផ្តល់ការលើកលែងទោសឱ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីមោទកភាព កាលពីខែតុលា ឆ្នាំ២០២២ ថាក្នុងពេលលោកកម្ទេចអង្គការចាត់តាំងរបស់ខ្មែរក្រហម គឺលោកប្រើយុទ្ធសាស្រ្តនយោបាយ DIFID ទាំង៥ ប៉ុន្តែលើកនេះវិញ លោកនាយករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា ដើម្បីកម្ចាត់ដៃគូនយោបាយដែលលោក ហ៊ុន សែន ហៅថាជាក្រុមជ្រុលនិយមរបស់លោក សម រង្ស៊ី គឺលោកប្រើយុទ្ធសាស្រ្តត្រឹមតែ ២ប៉ុណ្ណោះ គឺធ្វើឱ្យឯកោ ហើយបញ្ចប់យកតែម្តង។
តាមរយៈយុទ្ធសាស្រ្តនយោបាយតាមបែប DIFID នេះហើយ ដែលគេសង្កេតឃើញរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវដួលរំលំ ក្រោយឆ្នាំ១៩៩៨។ នៅមុនពេលក្រុមមេដឹកនាំខ្មែរក្រហម មានលោក អៀង សារី ជាដើម មិនទាន់ផ្តាច់ខ្លួន និងកំពុងនៅមានអំណាច ហើយតស៊ូនយោបាយនៅតាមជាយដែនកម្ពុជា-ថៃ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានសន្យាថាមិនសួរនាំ ឬយកទោសពៃរ៍អ្វីដែរ បើពួកគេផ្តាច់ខ្លួនចេញពីរបបខ្មែរក្រហមនេះ។ ប៉ុន្តែនៅនាទីចុងក្រោយ ក្បាលម៉ាស៊ីនដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យទាំងនោះ សព្វថ្ងៃ ត្រូវបានកាត់ទោសដោយសាលាក្ដីខ្មែរក្រហម។
ចំណែកលោក ឯម សុវណ្ណរ៉ា អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ការផ្ញើសារត្រឹមអ្នកនយោបាយនេះ នៅមិនទាន់គ្រប់គ្រាន់និងអាចជឿទុកចិត្តបាននៅឡើយទេ ប្រសិនបើមិនមានសេចក្តីសម្រេចណាមួយចេញពីតុលាការទេនោះ។ លោកបន្តថា សាររបស់អ្នកនយោបាយអាចបត់បែនបានគ្រប់ពេលវេលា ហេតុនេះការយកប្រៀបលើដៃគូ បើទោះជាធ្វើទៅខាតមួយគ្រា ក៏គេត្រូវតែប្រថុយសិនដែរ ដើម្បីបានជ័យជម្នះនៅពេលក្រោយទៀត។
លោកបន្តថា៖ «យើងអត់ដឹងដែរ ប៉ុន្តែចង់និយាយថា បើមានចេតនាច្បាស់លាស់ គួរតែមានការចេញសាលដីកា ឬក៏ការលើកលែងទោសពីតុលាការ។ នេះវាគ្រាន់តែជាសម្ដីរបស់អ្នកនយោបាយ យើងពិបាកជឿណាស់ ពីព្រោះគាត់ធ្វើ គាត់ប្រកាសអ៊ីចឹងហើយ។ ការប្រកាសបែបនេះ ខ្ញុំគិតថាមិនកសាងជំនឿជឿជាក់រឹងមាំទៅដល់អ្នកនយោបាយបក្សប្រឆាំងឱ្យចូលមកទេ»។
កន្លងទៅនេះ គេសង្កេតឃើញមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន ដូចជា អ្នកស្រី កឹម តុលា ជាដើម បានវិលត្រលប់មកស្រុកកំណើតវិញ បន្ទាប់ពីភៀសខ្លួនទៅក្រៅប្រទេស នៅពេលបក្សសង្គ្រោះជាតិ ត្រូវរំលាយកាលពីចុងឆ្នាំ២០១៧។ ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីបក្សជំទាស់ទាំងនោះ ក្រោយមានការប្រកាសរបស់រដ្ឋាភិបាលដែលធានាមិនយកទោសពៃរ៍ តែចុងក្រោយ ពួកគេត្រូវបានចាប់ខ្លួនដដែល៕