អគ្គិភ័យនៅកាស៊ីណូប៉ោយប៉ែត បង្ហាញពីភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ស្ដីពីការបង្ការនិងការពន្លត់អគ្គិភ័យ

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

អគ្គិភ័យដ៏ប្រល័យក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ បានធ្វើឱ្យសុវត្ថិភាពអគ្គិភ័យក្លាយជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនៅរាជធានីភ្នំពេញ។

យ៉ាងហោចណាស់ មនុស្សចំនួន ២៨នាក់ បានស្លាប់នៅក្នុងអគ្គិភ័យដែលទំនងជាបណ្ដាលមកពីបញ្ហាអគ្គិសនីនៅកាស៊ីណូ ហ្គ្រេនដាយ​មិន (​Grand Diamond) ក្នុងក្រុងប៉ោយប៉ែត កាលពីចុងខែមុន។ ក្នុងអំឡុងពេលនៃការជួយសង្គ្រោះ និងសម្អាតអគារដ៏ធំមួយនេះ ជនរងគ្រោះ និងក្រុមជួយសង្គ្រោះបរទេសបានលើកឡើងពីក្ដីបារម្ភអំពីកង្វះប្រព័ន្ធប្រកាសអាសន្ន និងឧបករណ៍បាញ់ទឹក ក៏ដូចជាការជាប់គាំងនៃទ្វារ និងជណ្តើរយន្ត។

ក្តី​បារម្ភ​នេះ ​គឺលើសពីករណីកាស៊ីណូហ្គ្រេនដាយមិន ដោយ​មន្ត្រី​អធិការកិច្ចអគ្គិភ័យ​បាន​លើកឡើងថា ​មាន​ការ​ល្មើស​សុវត្ថិភាព​អគ្គិភ័យទូទៅ​នៅ​ទូទាំង​ប្រទេស។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ក្រសួងមហាផ្ទៃ បានផ្តល់ឱ្យអ្នករាយការណ៍ព័ត៌មាននូវបទប្បញ្ញត្តិផ្សេងៗគ្នាស្តីពីសុវត្ថិភាពអគ្គិភ័យ ទោះបីជាបទប្បញ្ញត្តិទាំងនោះមិនមានចែ​ងលម្អិតអំពីលក្ខខណ្ឌតម្រូវសម្រាប់អគារទាំងឡាយក៏ដោយ។ ក្រុមហ៊ុនអធិការកិច្ចក៏មិនបានចែកចាយអំពីច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យរបស់​ប្រទេសកម្ពុជាដែរ ប៉ុន្តែបាននិយាយថា ច្បាប់នេះមានលក្ខណៈទូលំទូលាយ។ ទោះយ៉ាងណា តំណាងក្រុមហ៊ុនបានបន្ថែមថា «អគារជាច្រើន» មិនបានជាប់ក្នុងការវាយតម្លៃឡើយ ហើយលទ្ធផលមិនអាចបង្ហាញជាសាធារណៈទេ។

កញ្ញា ជិន ដាលូច អ្នកគ្រប់គ្រងសេវាវាយតម្លៃ និងប្រឹក្សានៅក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា ស្តង់ដារសុវត្ថិភាពអគ្គិភ័យ គឺជាក្តីបារម្ភទូទៅ ក្នុងចំណោមអ្នកជួលអគារ ទាំងក្នុងស្រុក និងអន្តរជាតិ។

កញ្ញាបាននិយាយថា៖ «ផ្អែកលើបទពិសោធរបស់យើង ក្រុមហ៊ុនអន្តរជាតិទាំងអស់តម្រូវឱ្យមានស្តង់ដារសុវត្ថិភាពអគ្គិភ័យនៅក្នុងអគាររបស់ពួកគេ បើមិនដូច្នេះទេ ពួកគេមិនពិចារណាក្នុងការជួលអគារនោះទេ»។

អ្នកជួលក្នុងស្រុក ក៏តែងតែសួរអំពីសុវត្ថិភាពអគ្គិភ័យផងដែរ។ កញ្ញា ជិន ដាលូច បានប៉ាន់ប្រមាណថា ប្រហែល ៨០% នៃអ្នកជួលក្នុងស្រុកបានសួរអំពីសុវត្ថិភាពអគ្គិភ័យនៅពេលរកជួលអគារ។

កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការបង្ការ និងការពន្លត់អគ្គិភ័យ​ ជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០១៤ ដោយ​កំណត់ថា ​ក្រសួង​មហាផ្ទៃ​ជា​ស្ថាប័ន​ទទួល​ខុស​ត្រូវ​ជា​ចម្បង​ចំពោះ​អគ្គិភ័យ ការ​ពន្លត់​អគ្គិភ័យ និង​ការ​ផាក​ពិន័យ។ ស្ថាប័ននេះក៏បានបង្កើត «លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ» សម្រាប់អគារដែលមានហានិភ័យខ្ពស់ និងមានសុពលភាពរយៈពេលពីរឆ្នាំ។

ដំណើរការត្រួតពិនិត្យជាក់ស្តែងត្រូវបានចែងក្នុងក្រឹត្យមួយចំនួនក្រោយឆ្នាំ២០១៨ ចំពោះអគារទើបសាងសង់ថ្មី និងអគារដែលទើបជួសជុលកែលម្អថ្មី។ កញ្ញា ជិន ដាលូច បាននិយាយថា លក្ខខណ្ឌតម្រូវក្នុងការត្រួតពិនិត្យនៅតែមិនច្បាស់លាស់សម្រាប់អគារចាស់ៗ។​

គួរកត់សម្គាល់ថា ក្រឹត្យទាំងនេះបានដាក់បញ្ចូលមន្ត្រីអធិការកិច្ចអគ្គិភ័យនៅក្នុងប្រទេស ទៅក្នុងក្រុមហ៊ុនឯកជនតែមួយ គឺក្រុមហ៊ុន Cambodian Fairwinds Enterprises

ប្រធានក្រុមហ៊ុន  Cambodian Fairwinds Enterprises ឈ្មោះ វ៉ាង ឃីតមែន (Wang Kitman) គឺជាឧកញ៉ា និងទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់មហាសេនាពីរដ្ឋាភិបាល ដោយសាររួមចំណែកក្នុងការជួយសង្គម ហើយលោកត្រូវបានតែងតាំងជាទីប្រឹក្សាប្រធានរដ្ឋសភា លោក ហេង សំរិន រួមជាមួយនឹងមនុស្ស៣១នាក់ផ្សេងទៀត កាលពីខែតុលា ឆ្នាំ២០១៨ និងទទួលបានឋានៈស្មើរដ្ឋលេខាធិការ។

លោក អ៊ែនឌ្រូ វ៉លឡែកស៍ (Andrew Wallace) ប្រធានផ្នែកប្រឹក្សាផ្លូវច្បាប់របស់ក្រុមហ៊ុន Cambodian Fairwinds មិនបានចែកចាយអំពីទម្រង់ដែលប្រើសម្រាប់អធិការកិច្ចនោះទេ ប៉ុន្តែបាននិយាយថា ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យរបស់កម្ពុជាគឺ «មានភាពទូលំទូលាយជាងច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យរបស់ប្រទេសជាច្រើននៅក្នុងតំបន់ ប៉ុន្តែជាក់ស្តែងមិនទាន់មានភាពរីកចម្រើនដូចសមាគមជាតិបង្ការអគ្គិភ័យ (NFPA) ឬស្តង់ដាររបស់អង់គ្លេសឡើយ»

ជំនួសមកវិញ លោកបានលើកឡើងអំពីករណីល្មើសជាទូទៅមួយចំនួននៃវិធានការបង្ការអគ្គិភ័យដូចខាងក្រោម៖

  • ការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់
  • ដុំរ៉ូឡូទុយយោពន្លត់អគ្គិភ័យ (fire hose reels) និងក្បាលទុយយោបាញ់ទឹកពន្លត់អគ្គិភ័យ (fire hydrants) បំពាក់មិនត្រឹមត្រូវ និងមិនគ្រប់គ្រាន់
  • ផ្លូវពិបាកចូលសម្រាប់រថយន្តពន្លត់អគ្គិភ័យ
  • របាំងបង្ការអគ្គិភ័យកុំឱ្យឆេះរាលដាល (fire separation) មិនគ្រប់គ្រាន់រវាងអគារ ឬក្នុងអគារ
  • កង្វះប្រព័ន្ធបាញ់ទឹក (sprinkler systems)
  • កង្វះប្រព័ន្ធប្រកាសអាសន្នអំពីអគ្គិភ័យ (fire alarm panels) និងឧបករណ៍ពន្លត់អគ្គិភ័យផ្សេងទៀត
  • ប្រភេទឧបករណ៍ពន្លត់អគ្គិភ័យមិនសមស្របចំពោះហានិភ័យអគ្គិភ័យណាមួយ
  • ជណ្តើរ ច្រកចេញ និងទ្វារអាសន្ន ពេលមានអគ្គិភ័យ មិនគ្រប់គ្រាន់ និងមិនសមស្រប
  • ការប្រើប្រាស់អគារលាយឡំគ្នាដោយប្រើប្រាស់បន្ទប់បង្ការអគ្គិភ័យ (fire compartment) តែមួយ
  • បុគ្គលិក​ទទួល​បាន​ការ​ហ្វឹកហ្វឺនអំពីការពន្លត់អគ្គិភ័យ​មិនបាន​ល្អ ដោយ​មិន​មាន​ការ​បញ្ជាក់​ពី​បណ្ឌិត្យសភា​ជាតិ​បង្ការ​អគ្គិភ័យ​កម្ពុជា
  • កង្វះផែនការសុវត្ថិភាពអគ្គិភ័យជាលាយលក្ខណ៍អក្សរ ឬការហ្វឹកហ្វឺនពន្លត់អគ្គិភ័យដែលមានការបញ្ជាក់ ឬកំណត់ត្រាថែទាំឧបករណ៍សុវត្ថិភាពអគ្គិភ័យ
  • ផ្លាកសញ្ញាបង្ហាញច្រកចេញមិនច្បាស់ មិនគ្រប់គ្រាន់ ឬពុំត្រឹមត្រូវ
  • ភ្លើងសញ្ញាប្រកាស​អាសន្នមិនគ្រប់គ្រាន់ ឬការថែទាំមិនបានល្អ
  • ប្រព័ន្ធសម្រាប់ឱ្យផ្សែងចេញមិនមានគុណភាព ឬមិនមាន ឬ​បំពាក់មិនបានត្រឹមត្រូវ
  • ច្រកអាសន្ន ពេលមានអគ្គិភ័យ ត្រូវបានចាក់សោ ឬបិទ
  • មិនសូវមានស្ដង់ដារប្រតិបត្តិការ ដែលធ្វើឱ្យការបង្ការអគ្គិភ័យមិនទទួលបានជោគជ័យ

លោក Wallace បាននិយាយថា អគារ និងទីតាំងផ្សេងទៀតដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់នៃអគ្គិភ័យ គឺតម្រូវឱ្យស្នើសុំលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យពីក្រសួងមហាផ្ទៃ បន្ទាប់ពីមានការត្រួតពិនិត្យរួចរាល់ពីបុគ្គលិកក្រុមហ៊ុន Cambodian Fairwinds Enterprises។

លោក​បាន​បន្ត​ថា អគារ​ចាំបាច់​ត្រូវមានការ​ត្រួតពិនិត្យ​ក្នុងអំឡុងពេលសាងសង់ មុន​នឹង​ប្រគល់​​ទៅ​ឱ្យ​ប្រតិបត្តិករ និង​ត្រូវមានការត្រួតពិនិត្យរៀងរាល់២ឆ្នាំ​ម្តង។

លោក​មិនបានបញ្ជាក់​ពីចំនួនអគារដែលក្រុមហ៊ុនបានធ្វើអធិការកិច្ចឡើយ ប៉ុន្តែ​បាន​បន្ថែម​ថា ​អគារ ​«ជាច្រើន​» មិនបានជាប់​ក្នុង​ការ​ត្រួតពិនិត្យ។

លោក​ថា លទ្ធផល​នៃការវាយតម្លៃមិន​អាចផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ ដើម្បីកុំឱ្យ​ម្ចាស់អគារឃើញពីភាពខ្វះចន្លោះ និងកែតម្រូវ។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ក្រសួងមហាផ្ទៃ បានផ្តល់ឯកសារមួយចំនួនស្តីពីសុវត្ថិភាពអគ្គិភ័យ ប៉ុន្តែមិនមានឯកសារណាមួយដែលបានបញ្ជាក់ពីស្តង់ដារពិតប្រាកដសម្រាប់ការបង្ការអគ្គិភ័យនៅតាមអគារនោះទេ។ ក្រឹត្យ​ដែលបានចុះ​កាលពីខែមិថុនា ឆ្នាំ២០១៨ តម្រូវ​ឱ្យ​អគារ​ទាំង​អស់​មាន​ផែនទី​បង្ហាញពីច្រកអាសន្នពេលមានអគ្គិភ័យ និង​ឧបករណ៍ពន្លត់​អគ្គិភ័យ ​នៅត្រឹម​ឆ្នាំ២០២០ ហើយ​កំណត់​ការ​ផាក​ពិន័យ​រហូត​ដល់​ទៅ ៥ ០០០ដុល្លារ​ សម្រាប់​អ្នក​ល្មើស​នឹងក្រឹត្យនេះ។ ឯកសារដាច់ដោយឡែកមួយ និយាយថា ម្ចាស់អគារត្រូវផ្តល់សម្លៀកបំពាក់សុវត្ថិភាពអគ្គិភ័យសម្រាប់ក្រុមដែលបានទទួលការបណ្តុះបណ្តាលដែលនឹងទទួលខុសត្រូវនៅពេលមានអគ្គិភ័យ។ ឯកសារទីបី និយាយថា ប្លង់រចនាសម្ពន្ធអគារត្រូវតម្កល់ទុកនៅប៉ុស្តិ៍នគរបាល និងដាក់ពន្ធនាគារចំពោះមន្ត្រីដែលមិនបំពេញកាតព្វកិច្ចក្នុងការបង្ការអគ្គិភ័យ (៦ខែ ទៅ២ឆ្នាំ) អ្នកដែលរារាំងការពន្លត់អគ្គិភ័យ (២ ទៅ៥ឆ្នាំ) និងអ្នកដែលប្រកាសមិនពិតអំពីអគ្គិភ័យ (១ ទៅ២ឆ្នាំ)។

ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ក្រសួងមហាផ្ទៃ​ លោក នេត វន្ថា មិន​អាច​ទាក់​ទងតាមទូរសព្ទ​បាន​ទេ​ ក្នុង​សប្តាហ៍​នេះ។ លោក ព្រំ យ៉ន ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់សាលារាជធានីភ្នំពេញ​ បាន​បង្វែរ​សំណួរ​ទៅ​លោក ស៊ុំ សុឃីម ស្នងការ​រង​នគរបាល​រាជធានីភ្នំពេញ ដែល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លេខទូរសព្ទបន្ទាន់ចំនួនបីខ្សែ នៅលើគេហទំព័រនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មិនអាចទាក់ទងបានទេ។

អគារល្បីៗជុំវិញរាជធានីភ្នំពេញ ជាទូទៅ បង្ហាញថា ពួកគេមានឧបករណ៍ពន្លត់អគ្គិភ័យស្តង់ដារ ដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធប្រកាសអាសន្ន ដុំរ៉ូឡូទុយយោពន្លត់អគ្គិភ័យ និងឧបករណ៍សុវត្ថិភាពអគ្គិភ័យផ្សេងទៀត នៅពេលអ្នករាយការណ៍ព័ត៌មានចុះទៅមើលដល់កន្លែង ទោះបីជាអ្នកគ្រប់គ្រងអគារស្ទាក់ស្ទើរក្នុងការនិយាយអំពីវិធានការបង្ការអគ្គិភ័យ
ក៏ដោយ។

អគារកាស៊ីណូណាហ្គាវើលដ៍ មានបំពង់ពន្លត់អគ្គិភ័យ ដាក់នៅចម្ងាយពី១០០ ទៅ២០០ម៉ែត្រ ចំកណ្ដាលតុកាស៊ីណូ និងម៉ាស៊ីនស្លុត (slot machines) និងនៅក្នុងផ្សារទំនើប ក្នុងផ្លូវដើរក្រោមដី។ នៅជិតស្ពានឆ្លងពីអគារមួយទៅអគារមួយមានដុំរ៉ូឡូទុយយោពន្លត់អគ្គិភ័យ នៅក្នុងប្រអប់កញ្ចក់ដែលបំពាក់នៅលើជញ្ជាំង និងមានបំពង់ពន្លត់អគ្គិភ័យមួយចំនួននៅក្នុងផ្សារទំនើបដែលទុកចោល។ អគារមួយនៅកោះពេជ្រឈ្មោះ ម័រហ្គែន ថូវឺ (Morgan Tower) បានបង្ហាញពីវិធានការសុវត្ថិភាពស្រដៀងគ្នានេះដែរ។ អ្នក​រាយការណ៍​ព័ត៌មាន​ មិន​អាច​ទទួល​បាន​ការ​អត្ថាធិប្បាយ​ពីនរណាម្នាក់នៅក្នុងអគារនេះឡើយ។

បើទោះជាពេលខ្លះ អគ្គិភ័យមិនបណ្តាលឱ្យបាត់បង់អាយុជីវិតក៏ដោយ អគ្គិភ័យអាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរយៈពេលជាច្រើនខែបន្ទាប់។ នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី​១ ដែល​មាន​អគ្គិភ័យ​ឆាបឆេះផ្សារមួយ​​នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំមុន អាជីវករ​លក់​សម្លៀក​បំពាក់​​ម្នាក់បាន​និយាយ​ថា គាត់​បាន​បាត់បង់​សម្លៀកបំពាក់សរុបជាទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​ដែលគាត់លក់នៅផ្សារនោះ ជាប់សាលាបឋមសិក្សាវត្តមហាមន្ត្រី រាជធានីភ្នំពេញ។

លោកស្រី សុខ លីន អាយុ២៨ឆ្នាំ ដែលជាម្ចាស់តូបលក់សាច់នៅផ្សារដែលឆេះនោះ បាននិយាយថា លោកស្រីបានបាត់បង់អ្វីៗទាំងអស់នៅក្នុងអគ្គិភ័យដែលមានរយៈពេលប្រហែល២ម៉ោង។ បណ្តាអាជីវករ​បាន​និយាយ​ថា ការ​ឆ្លើយ​តប​ពី​អ្នក​ពន្លត់​អគ្គិភ័យ​មាន​សភាព​យឺតយ៉ាវ។

លោកស្រី សុខ លីន បាន​និយាយ​ថា៖ «ខ្ញុំ​​បាត់​បង់​ទ្រព្យសម្បត្តិច្រើនជាងគេ​។ វា​ប៉ះ​ពាល់ផ្លូវ​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Poipet Casino Fire Highlights Cambodia’s Opaque Fire Safety Rules

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ