គ្រួសាររបស់ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ អះអាងថា ពួកគេបានរើសម្ភារចេញផ្ទះដែលស្នាក់នៅរាប់សិបឆ្នាំទាំងសោកស្តាយ បន្ទាប់ពីប្រគល់ដីនិងផ្ទះឱ្យរដ្ឋវិញ និងក្រោយពេលលោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នក្រោមឱវាទចាត់វិធានការច្បាប់ដើម្បីដកយកដីនិងផ្ទះនោះមកវិញ ដោយថាជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។
វិធានរឹបអូសអចលនទ្រព្យលោក គង់ គាំ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនិងជាមេដឹកនាំបក្សកាន់អំណាចនេះ បានកើតឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងលោក គង់ គាំ ក្រោយលោក គង់ គាំ ចេញមុខរិះគន់ប្រភពថ្ងៃ៧មករា និងប្រភពគណបក្សប្រជាជនកម្ពុជា។
ប្រធានគណបក្សឆន្ទៈខ្មែរ និងជាកូនប្រុសបង្កើតរបស់លោក គង់ គាំ ផង គឺ លោក គង់ មុនីកា ប្រាប់វីអូឌីនៅថ្ងៃសៅរ៍ថា រដ្ឋាភិបាលបានឱ្យគ្រួសាររបស់លោករើសសម្ភារចេញពីដី និងផ្ទះ ដែលស្នាក់នៅបច្ចុប្បន្នឱ្យអស់ត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
លោកបញ្ជាក់ថា សម្ភារដែលរើចេញពីផ្ទះកំពុងស្នាក់នៅនេះ នឹងយកទៅដាក់នៅផ្ទះប្អូនស្រី របស់លោកនៅម្ដុំផ្សារដីហ៊ុយខ្លះ ខណៈសម្ភារខ្លះទៀត ត្រូវយកទៅផ្ញើផ្ទះសាច់ញាតិ និងមិត្តភក្ដិបណ្ដោះអាសន្នសិន។
លោកបន្តថា៖«យើងធ្លាប់រស់នៅតាំងពីតូចដល់ធំប៉ុណ្ណឹងហើយ ត្រូវបានចាកចេញពីផ្ទះកំណើតរបស់ខ្លួន ជារឿងដែលយើងពិបាកនឹងទទួលយកបានណាស់ ក៏ប៉ុន្តែយើងនៅតែព្យាយាមធ្វើទៅតាមអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីការតស៊ូយើងទៅមុខទៀត»។
លោកបន្តថា ដីផ្ទះដែលគ្រួសាររបស់លោកកំពុងស្នាក់នៅហើយត្រូវរដ្ឋរឹបអូសយកមានទំហំជាងកន្លះហិកតា ហើយបើលក់វិញដីនេះ មានតម្លៃ ៨ ០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ឬជិត៥០លានដុល្លារ។
នៅពេលសួរថា តើនឹងចេញធ្វើសកម្មភាពនយោបាយបន្តទៀតដែរឬទេ? ហើយតើមានជំហរនយោបាយបែបណាដែរ?
លោក គង់ មូនីកា សុំមិនធ្វើអត្ថាធិប្បាយ ដោយចង់រក្សាភាពស្ងៀបស្ងាត់សិន។
លោកថា៖«យើងនៅតែមានការព្រួយបារម្ភអំពីដំណើរការក្រៅពីជីវភាព ក្រៅពីដំណើរជីវិតនយោបាយ។ យើងតែងគិតពីដំណើរការប្រជាធិបតេយ្យ លំហប្រជាធិបតេយ្យនៅខាងមុខក៏ប៉ុន្តែឥឡូវរហូតដល់ពេលនេះ ដូចខ្ញុំជម្រាបអ៊ីចឹងយើងមិនទាន់អាចនិយាយបានអ្វីឱ្យស៊ីជម្រៅតទៅទៀតទេ។ សុំនិយាយប៉ុណ្ណឹង ហើយរក្សាភាពស្ងៀមស្ងាត់បណ្ដោះអាសន្នសិន»។
លោក គង់ គាំ និងភរិយា បានប្រគល់ដី និងផ្ទះមួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រលប់មកឱ្យក្រសួងការបរទេសវិញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នក្រោមបង្គាប់ពន្លឿនវិធានរឹបអូសដីនិងផ្ទះលោក គង់ គាំ ដែលបច្ចុប្បន្នជាស្នាក់ការកណ្តាលគណបក្សភ្លើងទៀន។
ក្រោយពីលោក គង់ គាំ និងភរិយា បានផ្ដិតមេដៃ ប្រគល់ដីនិងផ្ទះឱ្យរដ្ឋវិញ លោក ហ៊ុន សែន ក៏បានសរសេរលើហ្វេសប៊ុកឈប់ប្ដឹងលោក គង់ គាំ បន្តទៀត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកការសម្រេចរបស់គ្រួសាររបស់លោក គង់ គាំ សុំរក្សាភាពស្ងៀមស្ងាត់ថា ជារឿងត្រឹមត្រូវ ប៉ុន្តែលោកក៏គួរសម្រេចចិត្តឱ្យបានច្បាស់លាស់នៅពេលសម្រាក ឬផ្អាកធ្វើសកម្មភាពនយោបាយមុនការបោះឆ្នោត។
លោកថា៖«យើងដឹងហើយថា នៅក្នុងយុទ្ធសាស្ត្រឬក៏នៅក្នុងកិច្ចអ្នកនយោបាយ ពេលណាដែលបញ្ហាកំពុងប្រឈមខ្លាំង ហើយយើងធ្វើការប្រកួតប្រជែងកាន់តែខ្លាំងឡើងថែមទៀតទេ។ រឿងមួយយើងអាចវាយតម្លៃ និងគិតទៅដល់អនាគតរបស់កម្ពុជា បន្តបាន យើងបន្ត ម៉ោងដែលយើងមិនអាចបន្តបាន យើងមិនអាចជម្នះក្នុងពេលភ្លាមៗបានទេ។ ដូច្នេះ ការសម្រេចគាត់ និងកូនចៅដែលជាគ្រួសាររបស់គាត់ ជារឿងមួយ ត្រូវមកធ្វើការត្រិះរិះពិចារណាហើយគួរតែចូលរួមលើកទឹកចិត្ត ដើម្បីឱ្យគាត់ សម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិ»។
លោកថា អ្នកនយោបាយ និងអ្នកធ្វើការសង្គម គួរតែជួយលើកទឹកចិត្តដល់គ្រួសាររបស់លោក គង់ គាំ ខណៈគាត់កំពុងជួបវិបត្តិនយោបាយជាក់ស្ដែង ដែលរងការប៉ះទង្គិចផ្លូវចិត្តខ្លាំង។
ដីនិងផ្ទះរបស់លោក គង់ គាំ ដែលរដ្ឋាភិបាលរឹបអូសយកត្រលប់មកវិញ ភ្ជាប់នឹងការទាមទារជំងឺចិត្តចំនួន ១លានដុល្លារ ខណៈដីនោះគឺជាអតីតស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី តែបច្ចុប្បន្នជាស្នាក់កណ្តាលរបស់គណបក្សភ្លើងទៀន។
ក្រោយពីរឹបអូសទ្រព្យសម្បត្តិបានហើយ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុនសែន ក៏ បានព្រមានចាប់ខ្លួនអ្នករិះគន់ដាក់ពន្ធនាគារដោយមិនរុញរាទៀតឡើយ រាប់ចាប់តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ នៅពេលរកឃើញថា នៅបន្តសាបព្រោះវប្បធម៌រិះគន់គណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្រ្តី អះអាងថា នឹងឈប់ឱ្យអ្នករិះគន់ទាំងនោះរត់រួចខ្លួនទៀតហើយ ទោះត្រូវភៀសខ្លួនតាមមធ្យោបាយណាក៏ដោយ៕