អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លុប​ចោល​លិខិត​ទទួល​ស្គាល់​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ទីតាំង​​ផ្តល់​ជូន​ពលរដ្ឋ​ប៉ះពាល់​​ផ្លូវ​រថភ្លើង​

សាលាក្រុងប៉ោយប៉ែត។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងប៉ោយប៉ែត)

រដ្ឋ​បាលក្រុងប៉ោយប៉ែត បានបញ្ចប់សេចក្ដីសម្រេចរបស់អាជ្ញាធរមូលដ្ឋាន​​ដែលចេញបណ្ណ កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលរស់នៅទីលានសួរច្បារ និងដីអណ្ដូងស្នប់ នៅទីតាំងដីលំនៅឋានសម្រាប់ដោះស្រាយជូន​ពលរដ្ឋមកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង ដែលមានលក្ខណៈជាប្រព័ន្ធ។

ការ​និរាករណ៍ឬលុបចោលនេះ ធ្វើឡើងស្របពេលទីស្ដីការគណៈរដ្ឋមន្ត្រីចេញលិខិតមួយបញ្ជាទៅរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យវាស់វែងដីរបស់ពួកគាត់ និងចេញបណ្ណកម្មសិទ្ធិទៅឱ្យបុគ្គល២នាក់ឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល ដែលរស់នៅរាជធានីភ្នំពេញវិញ។

សេចក្ដីសម្រេចរបស់អភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល ចេញកាលពីថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៣ ដោយនិរាករណ៍រាល់សេចក្ដីសម្រេចទាំងឡាយណារបស់រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ដែលចេញជូនប្រជាពលរដ្ឋ ក្នុងការទទួលបានសិទ្ធិ ដាក់ពាក្យស្នើសុំចុះបញ្ជីកម្មសិទ្ធិដីធ្លីមានលក្ខណៈជាប្រព័ន្ធលើដីទីលានសួរច្បារ និងដីអណ្ដូងស្នប់ទាំងអស់ នៅទីតាំងដីលំនៅឋានសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋមកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង (ក្រុងប៉ោយប៉ែត)នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបញ្ជាក់ថា សេចក្ដីសម្រេចនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា​តទៅ។

ជុំវិញរឿងនេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣  ពលរដ្ឋជិត១០០នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​តវ៉ាដើម្បីទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យរកដំណោះស្រាយដីធ្លីជូនពួកគេ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹងមួយទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឱ្យពិនិត្យមើលលើបុគ្គលឈ្មោះ ហង្ស ម៉ៅ និងបក្ខពួកដែលបានយកឯកសារមិនត្រឹមត្រូវប្រើប្រាស់ ដើម្បីកាន់កាប់ដីធ្លីនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យចុះបញ្ជីដីធ្លីទៅឱ្យបុគ្គលឈ្មោះ ហេង ពៅ និងឈ្មោះ សាយ សុធុល បានកាន់កាប់ជាកម្មសិទ្ធិតាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលឆ្នាំ២០១១។

មួយទៀតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បិទបញ្ចប់ការបកស្រាយ និងប្រើប្រាស់កិច្ចសន្យានានា ហើយចំពោះអ្នកក្លែងបន្លំឯកសារដើម្បីទទួលយកប្រាក់ទូទាត់ផលប៉ះពាល់ដីធ្លីនេះ ក្នុងការធ្វើផ្លូវសាធារណៈពីក្រសួងសេដ្ឋកិច្ចនោះ គឺរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវចាត់វិធានការច្បាប់ និងស្នើដល់ស្ថាប័នតុលាការឃុំខ្លួនឈ្មោះ ហង្ស ម៉ៅ និងបក្ខពួកតាមច្បាប់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ