បើទោះបីជាឃាតកម្មលើអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា កន្លងទៅរយៈពេល ១៩ឆ្នាំទៅហើយក្តៅ ប៉ុន្តែឃាតករពិត និងអ្នកនៅពីក្រោយខ្នងនៅពុំទាន់ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ ខណៈក្រុមអ្នកធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងការងារ នៅតែទទូចចង់បានយុត្តិធម៌ពិត។
ថ្លែងក្នុងខួបគម្រប់១៩ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅជាប់រូបសំណាករបស់លោកទល់មុខវត្តលង្កា ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ដោយសាររដ្ឋាភិបាលជាអ្នកកាន់អំណាចនាពេលបច្ចុប្បន្ន ដូច្នេះពួកគេមានអាទិភាពក្នុងការស្វែងរកឃាតករពិតក្នុងសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈចង់រក។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំជឿជាក់ថាលោក[រដ្ឋាភិបាល]មានអាទិភាពគ្រប់គ្រាន់ នៅក្នុងការស្វែងរកឃាតករ។ បើសិនណាគាត់អត់រក ខ្ញុំគិតថារកមិនឃើញទេ ប៉ុន្តែបើគាត់រក ខ្ញុំជឿថារកឃើញ»។
អ្នកស្រីបន្ថែមថា ជិត២០ឆ្នាំមកនេះ ទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ព្រមទាំងសង្គមស៊ីវិល សហជីពជាដើម តែងតែទទូចម្តងហើយម្តងទៀតដោយចង់ឃើញយុត្តិធម៌ពិតក្នុងសំណុំរឿងនេះ ប៉ុន្តែរហូតមកទល់ពេលនេះពន្លឺយុត្តិធម៌នៅតែគ្មានដដែល។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែត្បិតតែមិនងាយអីចឹង ខ្ញុំក៏សូមសំណូមពរដល់បងប្អូនដែលកំពុងរងភាពអយុត្តិធម៌ សូមបន្តការងារតស៊ូបន្តទៅមុខទៀត ព្រោះមានតែការប្តេជ្ញាចិត្តរបស់បងប្អូន មានតែការប្តេជ្ញាចិត្តរបស់កម្មករ មានតែការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាហ្នឹងទេ ដែលធ្វើឱ្យយើងទទួលបានយុត្តិធម៌»។
ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា គឺ លោក ជា មុន្នី ថ្លែងក្នុងពិធីដាក់កម្រងផ្កាគម្រប់ខួប១៩ឆ្នាំនៃការបាញ់សម្លាប់បងប្រុសរបស់លោកនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថា កាលនៅមានជីវិត លោក ជា វិជ្ជា បានបំពេញកាតព្វកិច្ចយ៉ាងល្អជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ លោកក៏បានបំពេញកាតព្វកិច្ចជាតំណាងសហជីពការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពជូនកម្មករ កម្មការិនី ព្រមទាំងពលរដ្ឋទូទៅផងដែរ។
លោកបន្តថា ជិត២០ឆ្នាំមកនេះ វីវៈភាពរបស់លោក ជា វិជ្ជា នៅតែត្រូវបានមនុស្សជាច្រើនគោរព ពិសេសក្នុងចង្កោមអង្គការ សង្គមស៊ិវិល សហជីព តាមរយៈការចូលរួមគម្រប់ខួបឃាតកម្មលើរូបលោករហូតមក បើទោះបីជាបច្ចុប្បន្ន មានការយាយី ការរឹតត្បិតសិទ្ធិសេរីភាព មកលើពួកគេក៏ដោយ។
លោក ជា មុន្នី និយាយថា៖ «យើងសូមអំពាវនាវដល់រដ្ឋាភិបាល ត្រូវតែស្វែងរកឃាតករ។ មានន័យថា ១៩ឆ្នាំ បើមិនបានរកឃាតករ មានន័យថា ឃាតករនៅជាមួយអ្នកពាក់ព័ន្ធធំៗហ្នឹងឯង។ យើងអត់ចង់បញ្ចេញកំហឹងទេ ព្រោះពេលវេលាវាគង់តែមកដល់ទេៗ។ សម្រាប់ខួប១៩ឆ្នាំនេះ សូមឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា ដែលបានចែកឋានទៅ សូមឱ្យលោកទៅកាន់សុគតិភពទៅចុះ។ ចំណែកឯយើងខ្ញុំ ជាអ្នកជំនាន់ក្រោយ យើងនៅតែបន្តជំរុញស្វែងរកឃាតករ»។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមសហជីពជួបជុំគ្នាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ប៉ុន្តែត្រូវគោរព និងអនុវត្តតាមកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមក ហើយសហជីពត្រូវសហការជាមួយអាជ្ញាធរ ដើម្បីធានានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់ចំសៀតផ្កា និងដើមទ្រូង ដេកស្លាប់ក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតមួយ ក្រោយវត្តលង្កា រាជធានីភ្នំពេញ។ ការបាញ់សម្លាប់លោក ជា វិជ្ជា ពេលនោះកើតមានឡើង បន្ទាប់ពីលោកបានទទួលរងការគំរាមសម្លាប់ និងការគំរាមកំហែងជាបន្តបន្ទាប់ពីជនមិនស្គាល់មុខ ចំពោះសកម្មភាពសហជីពរបស់លោកដើម្បីការពារប្រយោជន៍និងសិទ្ធិសេរីភាពកម្មករ។
រយៈពេល១៩ឆ្នាំមកនេះ អាជ្ញាធរនៅមិនទាន់បាននាំខ្លួនឃាតកពិតប្រាកដ និងអ្នកបញ្ជានៅពីក្រោយខ្នងយកមកផ្តន្ទាទោសនោះទេ ក្រៅតែពីជនសង្ស័យពីររូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសង្គមស៊ីវិល និងសហជីពហៅថា ជាឃាតកសិប្បនិមិត្តតែប៉ុណ្ណោះ។
ប៊ន សំណាង និង សុក សំអឿន ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២០ឆ្នាំ ពីបទ «ឃាតកម្មដោយចេតនា» លើលោក ជា វិជ្ជា តែត្រូវបានតុលាការកំពូលដោះលែង និងឱ្យរួចផុតពីការចោទប្រកាន់វិញ កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីពួកគេត្រូវជាប់ពន្ធនាគារសរុបជាង៥ឆ្នាំ ដោយតុលាការកំពូលសំអាងថា អ្នកទាំងពីរគ្មានកំហុស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា សំណុំរឿងរបស់លោក ជា វិជ្ជា នេះ សមត្ថកិច្ចនៅមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតនៅឡើយទេ ដោយថារឿងនេះសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «អាចថា ប្រព័ន្ធយុត្តិធម៌ ឬមួយក៏សមត្ថភាពរបស់សមត្ថកិច្ចយើងហ្នឹង បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតហ្នឹង ក៏មិនជាអន់ជាងគេប៉ុន្មានដែរក្នុងការស្រាវជ្រាវបំបែកសំណុំរឿង។ សំណុំរឿងស្មុគស្មាញមួយចំនួននៅប្រទេសគេហ្នឹងក៏ត្រូវចំណាយពេលច្រើនឆ្នាំ ១០ឬ២០ឆ្នាំអី ហើយសំណុំរឿងខ្លះបំបែកបាន សំណុំរឿងខ្លះក៏បំបែកមិនបាន ដូចតែគ្នាអ៊ីចឹងដែរ។ ក៏ប៉ុន្តែគ្រាន់តែថាក្នុងដំណើរការស្វែងរកយុត្តិធម៌គឺសមត្ថកិច្ចនៅតែបន្តធ្វើការងារនេះអ៊ីចឹងបាទ»។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និយាយថា សំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា នេះ មិនមែនសមត្ថកិច្ចអសមត្ថភាពក្នុងការស្វែងរកឃាតករពិតនោះទេ ប៉ុន្តែរឿងនេះពាក់ព័ន្ធអ្នកធំក្នុងជួររដ្ឋាភិបាលកម្ពុជា ទើប១៩ឆ្នាំមកនេះនៅតែគ្មានយុត្តិធម៌ ហើយការស៊ើបអង្កេតត្រូវបានទុកចោលតែម្តង។
លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ អ៊ីចឹងខ្ញុំ ក្នុងនាមជាសហជីពមួយរូប ក្នុងនាមមិត្តភក្តិលោក ជា វិជ្ជា សូមជំរុញទៅក្រសួងមហាផ្ទៃ ធ្វើម៉េចពន្លឿនរកយុត្តិធម៌ រកឃាតករ និងអ្នកនៅពីក្រោយខ្នង»។
សមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ ខែមករាថា ថ្ងៃខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា គឺមានថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ប្រមាណ ១០០នាក់ បានមកជួបជុំគ្នាស្ថិតនៅទីតាំងតម្កល់រូបសំណាករបស់លោក ជា វិជ្ជា ដើម្បីរម្លឹកនូវគុណូបការៈដ៏ថ្លៃថ្លា និងរវីរភាពដ៏អង់អាចក្លាហានរបស់លោកកាលនៅមានជីវិត។
អាដហុកលើកឡើងថា ក្នុងពេលចូលរួមនោះ ពួកគេនៅតែជំរុញទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស៊ើបអង្កេតតាមនីតិវិធីស្វែងរកមុខឃាតកពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់ពន្លឺយុត្តិធម៌ដល់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ឈានទៅលុបបំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា៕