សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​សួរ​នាំ​ពាក់ព័ន្ធ​ក្លែង​ឯកសណ្ឋាន​​កង​រាជអាវុធ​ហត្ថ​

ទីតាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ រូបពីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនមនុស្សម្នាក់សួរនាំពាក់ព័ន្ធរឿងក្លែងឯកសណ្ឋានអាវុធហត្ថ និងឯកសារសាធារណៈ  រួមទាំងរឹបអូសបានវត្ថុតាងមួយចំនួន ដើម្បីបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី បានឱ្យវីអូឌីដឹងនៅថ្ងៃអាទិត្យ​ថា កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣  ក្រុមការងារជំនាញបង្ក្រាបបទល្មើសនៅកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម សួរនាំពាក់ព័ន្ទបទក្លែងឯកសណ្ឋានអាវុធហត្ថ  និងក្លែងឯកសារសាធារណៈ  រួមទាំងវត្ថុតាងមួយចំនួនទៀត។

លោកមានប្រសាសន៍ថា៖ «ឥឡូវនេះកម្លាំងជំនាញកំពុងធ្វើការងារជាក់ស្តែង។ ចាំយើងអនុវត្តនីតិវីធីចប់សិន  ហើយករណីនេះយើងកំពុងស៊ើបអង្កេត។ អ៊ីចឹងយើងមិនអាចឆ្លើយលម្អិតបានទេ ចាំមើលតិចសិន»។

​វត្ថុតាងដែលរឹបអូសបានរួមមាន សំបុត្របញ្ជាក់កំណើតចំនួន ១ច្បាប់ ,អាវអាវុធ​ហត្ថត្រេអ៊ីដៃវែង ចំនួន១
,ខោ​អាវុធហត្ថប្រយុទ្ធ ចំនួន ១ កំប្លេ ,ខោអាវុធហត្ថត្រេអ៊ី ចំនួន ០១ ,​អាវយឺត អ.ហ ដៃវែង ចំនួន ២ , ស្បែកជើងកវែង ចំនួន ០១គូរ ព្រមទាំងសម្ភារៈនិងឯកសារមួយចំនួនទៀត។

នៅពេលសួរថា តើកងកម្លាំងរាជអាវុធហត្ថនិងបញ្ជូនជនសង្ស័យទៅតុលាការនៅថ្ងៃណា? លោកបង្វែរសំណួរឱ្យសួរទៅតំណាងអយ្យការខេត្តឧត្តរមានជ័យវិញ។

អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ លោក ប៉េង ម៉េងគ័ង មានប្រសាសន៍ថា ​ លោកទើបតែទទួលបានព័ត៌មានបឋមថា កម្លាំងកងរាជអាវុធហត្ថខេត្តបានសួរនាំជនសង្ស័យម្នាក់ពាក់ព័ន្ធរឿងក្លែងឯកសណ្ឋានអាវុធហត្ថ  ខណៈកន្លងកម្លាំងមិនទាន់បញ្ជូនសំណុំរឿងនេះមកតុលាការ ដើម្បីចាត់វិធានការច្បាប់បន្តនៅឡើយ។

លោកមានប្រសាសាន៍ថា៖ «ជាក់ស្តែងខ្ញុំមិនទាន់ទទួលបានសំណុំរឿងនេះបញ្ជូនមកតុលាការនៅឡើយ ព្រោះកម្លាំងប៉េអឹមជាម្ចាស់ករណី ប្រហែលជាគាត់ស្នើសុំស្រាវជ្រាវបន្ថែមសិន ព្រោះថាថ្ងៃកើតហេតុគាត់បានអញ្ជើញសាម៉ីខ្លួនមកបំភ្លឺហើយ»។

នាយក​កិច្ច​ការ​ទូទៅ​​អង្គ​ការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត  មានប្រសាសន៍ថា កងកម្លាំងត្រូវ​ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតម្លាភាព  មុននឹង​ចោទប្រកាន់លើជនសង្ស័យដែលក្លែងឯកសណ្ឋានអាវុធហត្ថ  និងក្លែងឯកសារសាធារណៈ  ដើម្បីជាគំរូល្អ កុំឱ្យមានអំពើល្មើសបែបនេះកើតឡើងបន្តទៀត នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ស្ថាប័នសាម៉ី។

លោកមានប្រសាសន៍ថា៖ «ការចាត់វីធានការឱ្យមានតម្លាភាព សំខាន់ឯកសណ្ឋានទាក់ទិងនិងការលក់។ អ៊ីចឹងបើកន្លែងណាលក់ឯកសណ្ឋានកងកម្លាំងរាជអាវុធហត្ថខុសច្បាប់ ត្រូវចាត់វិធានការមុនគេ ដើម្បីទប់ស្កាត់ផងដែរក្នុងការអនុវត្ត ហើយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋឱ្យបានយល់»។

ក្នុងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌចែងថា  បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀល ទៅ២លានរៀល ។ ចំណែក មាត្រា៦៣០នៃក្រមព្រហ្មទណ្ឌចែងថា  បទប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលមានចែងក្នុងមាត្រា ៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ