កម្មករ–កម្មការិនីជិត ២ ០០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និងវ៉េ កាត់ដេរអន្តរជាតិ អិលធីឌី ( M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានថៅកែព្យួរកិច្ចសន្យាការងាររយៈពេលជិត២ខែ ក្រោយគ្មានការងារឱ្យធ្វើ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានចេញលិខិតមួយដោយអនុញ្ញាតឱ្យថៅកែរោងចក្រ អ៊ឹម និងវ៉េ ព្យួរកិច្ចសន្យាការងារកម្មករ–កម្មការិនីចំនួន ១ ៩៧៤នាក់ ក្នុងចំណោមកម្មករ៣ ០១៧នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រនេះ។
បើតាមលិខិតនេះ គឺរោងចក្រព្យួរការងារកម្មកររយៈពេល៥០ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
មន្ទីរការងារខេត្តកំពង់ឆ្នាំង ក៏រំលឹកដល់ថៅកែរោងចក្រ អ៊ឹម និងវ៉េ ឱ្យបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករអំឡុងពេលព្យួរកិច្ចសន្យាការងារកម្មករឱ្យបានត្រឹមត្រូវ និងតាមកិច្ចព្រមព្រៀងគ្នាផងដែរ ដើម្បីសម្រួលដល់ជីវភាពគ្រួសាររបស់កម្មករ។
សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ( FTUWKC ) ដែលតាមករណីនេះ បានបង្ហាញការសោកស្តាយចំពោះការព្យួរ ការងារកម្មករក្នុងចំនួនច្រើននេះ ដោយថា ការព្យួរការងារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់កម្មករ។
ក្រុមសហជីព និងកម្មករនៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមួយចំនួន ប្រាប់វីអូឌី កាលពីថ្ងៃទី២០ ខែមករានេះថា មានរោងចក្រជាច្រើនបានព្យួរការងារកម្មករ និងរោងចក្រខ្លះទៀតបិទទ្វារ នៅដើមឆ្នាំ២០២៣នេះ ហើយថា ការព្យួរការងារបានធ្វើឱ្យពួកគេជួបការលំបាកជាខ្លាំងលើចំណាយក្នុងជីវភាពគ្រួសារ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យដឹងថា តាមរបាយការណ៍ពីសមាជិករបស់សហជីពមួយនេះ គឺមានរោងចក្រចំនួន១០បានបិទទ្វារ និងរោងចក្រចំនួន២០ បានព្យួរការងារកម្មករ ខណៈប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក៕