ទំហំចំណាយថវិការបស់ក្រសួងសេដ្ឋកិច្ចកើនឡើងក្នុងឆ្នាំ​២០២៣

ទិដ្ឋភាពពីលើអាកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហោះលើទំព័រហ្វេសប៊ុក។

ទំហំចំណាយថវិការបស់ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ត្រូវ​បាន​បង្កើន​ក្នុង​ឆ្នាំ​២០២៣​​នេះ ខណៈអ្នកនាំពាក្យ បានអះអាងថា ការ​​​កើនឡើងនេះ បណ្តាលមកពីការដាក់បញ្ចូលថវិកាមិនទាន់បែង​ចែកមកស្ថិតក្រោមការចំណាយរបស់ក្រសួង ដែលករណី​នេះ​បាន​បង្កើន​​ការព្រួយ​បារម្ភ​ទាក់​ទង​នឹង​កង្វះតម្លាភាពក្នុងការចំណាយថវិកាជាតិ។

ស្របពេលដែលមានការបង្កើនទំហំចំណាយនេះ ការបែងចែកថវិការបស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបានបង្កើនពីចំនួន ១១៦​លានដុល្លារ ទៅ ៧៨៩​លានដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្នុងនោះមិនមាន​ការបញ្ជាក់លម្អិត ឬឱ្យបានពេញលេញសម្រាប់ការចំណាយនោះទេ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានលើកឡើងថា ការកើនឡើងនេះឆ្លុះបញ្ចាំងពីថវិកាមួយចំនួន ដែលត្រូវបានផ្តល់ដោយផ្ទាល់ទៅកាន់ក្រសួង ដើម្បីចំណាយលើកម្មវិធីមួយចំនួនដែលខ្លួនកំពុងគ្រប់គ្រង។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបាន​បញ្ជាក់​ថា ​ថវិកា​នេះ​អនុវត្ត​ទៅ​លើ​កម្មវិធី​អ្វីខ្លះ​នោះ​ទេ។

គួរបញ្ជាក់ថា ការចំណាយថវិកាមិនទាន់បែងចែក នៅតែស្ថិតក្នុងប្រភេទនៃការចំណាយថវិកាជាតិដ៏ធំបំផុតចំនួន ២,៨៥ពាន់​លាន​ដុល្លារ ឬប្រមាណជា ២៩% នៃចំនួនសរុប ដោយក្នុងនោះត្រូវបានបែងចែកយ៉ាងទូលំទូលាយ​សម្រាប់ការចំណាយថ្នាក់ក្រោមជាតិ ការគាំទ្របន្ថែមសម្រាប់វិស័យសុខាភិបាល ការអប់រំ ការវិនិយោគ និងការចំណាយដែលមិនមានការរំពឹងទុកជាដើម។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ទំហំចំណាយថវិការបស់ក្រសួងសេដ្ឋកិច្ច មានការកើនឡើង ដោយសារតែក្រសួងមួយនេះ ត្រូវការថវិកាសម្រាប់ចំណាយលើគម្រោងវិនិយោគនានា ប៉ុន្តែលោកក៏មិនបានបញ្ជាក់ថាគម្រោងនេះជាអ្វីផងដែរ។

ទាក់ទិននឹងករណីនេះ នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ បានថ្លែងថា វាគឺជាកង្វល់មួយសម្រាប់សាធារណជន ប្រសិនបើក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនបង្ហាញឱ្យបានច្បាស់ពីការចំណាយរបស់ខ្លួន។

លោកថា៖ «វា​គឺជា​ការ​ព្រួយ​បារម្ភ​សម្រាប់​យើងទាំងអស់គ្នា ប្រសិន​បើ [ក្រសួង] ​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ​ទា​ក់​​ទង​​​នឹង​​ការ​ចំណាយ​ ខណៈ​យើង​មិន​ដឹង​ថា​តើថវិកាទាំងនោះ​ ​ត្រូវបាន​ប្រើប្រាស់សមស្រប និង​បាន​បម្រើ​ដល់ប្រយោជន៍​សាធារណៈ ឬ​យ៉ាងណានោះ​ទេ»។

បើទោះបីជាទំហំចំណាយថវិកា ត្រូវបានបង្កើនក្នុងវិស័យភាគច្រើន ប៉ុន្តែ​សម្រាប់ក្រសួងមហាផ្ទៃ សុខាភិបាល រ៉ែ​ និងថាមពល ត្រូវបានសង្កេតថាមានការធ្លាក់ចុះ។

លោក មាស សុខសេនសាន បានលើកឡើងថា អាទិភាពរបស់រដ្ឋាភិបាល គឺផ្ដោតសំខាន់លើការអប់រំ សុខភាព​សាធារណៈ និងជំនួយសាច់ប្រាក់សម្រាប់ជនងាយរងគ្រោះ។

ជាមួយគ្នានេះ លោក ផៃ ស៊ីផាន បន្ថែមថា ថវិកាឆ្នាំនេះ គឺមានគោលបំណងជួយដល់សេដ្ឋកិច្ចឱ្យងើបឡើង​វិញ ពីផលប៉ះពាល់ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ហើយការ​អភិវឌ្ឍធនធាន​​មនុស្ស និង​ការ​ធ្វើ​សមាហរណកម្ម​ឌីជីថល ​គឺជា​អាទិភាព​កំពូល។

លោកថា៖ «យើងកំពុងតែឈានចូលទៅក្នុងសង្គមឌីជីថលមួយ ដូច្នេះហើយ ខ្ញុំ​គិត​ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​នឹង​បន្ត​បង្កើន​ថវិកា​របស់​ខ្លួន ​ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​បង្កើតនូប​ប្រព័ន្ធ​ឌីជីថល ​គាំទ្រមួយ​សម្រាប់​សាធារណជន»។

ខណៈការចំណាយលើការទប់ស្កាត់វីរុសកូវីដ-១៩ ធ្លាក់ចុះ ថវិការបស់ក្រសួងសុខាភិបាល ត្រូវបានបន្ថយពីចំនួន ៧២២​លានដុល្លារមកត្រឹម ៥០៩​លានដុល្លារ ស្របពេលដែលការចំណាយរបស់ក្រសួងមហាផ្ទៃ ក៏មានការបន្ថយពី ៥២៣​លានដុល្លារមក ៤៦០​លានដុល្លារអាមេរិកផងដែរ។

សម្រាប់ថវិការបស់ក្រសួងរ៉ែ និងថាមពល គឺមានការបន្ថយស្ទើតែពាក់កណ្តាលពីចំនួន ២១១ លានដុល្លារមក ១១៦ លានដុល្លារ។

ទាក់ទិននឹងករណីនេះ លោក ផៃ ស៊ីផាន បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នមិនសូវជាមានគម្រោងវិនិយោគច្រើននោះទេ ដូច្នេះការចំណាយភាគច្រើន គឺចំណាយតែទៅលើប្រាក់ខែមន្រ្តី និងផ្នែក​រដ្ឋ​បាល​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃក្រសួង​រ៉ែ និង​ថាមពល លោក ហេង គុណ​លាង មិន​អាច​ផ្តល់​ការអត្ថាធិប្បាយបានទេទាក់ទងនឹងថវិកា​នេះ ខណៈអគ្គនាយក​នៃអគ្គនាយកដ្ឋានប្រេងកាត លោក ជៀប សួរ និងអ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ស្រី យក់ សម្បត្តិ ​បាន​ថ្លែង​ថា ​ជាប់​រវល់​ និងមិន​អាច​ឆ្លើយ​សំណួរ​បាន​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បានលើកឡើងថា រដ្ឋាភិបាលចាំបាច់ត្រូវឃ្លាំមើលឱនភាពថវិកា និងកម្រិតបំណុលសាធារណៈ ខណៈរូបលោកក៏អំពាវនាវឱ្យមានតម្លាភាពបន្ថែមទៀតផងដែរ។

លោកថា៖ «ការចំណាយសាធារណៈរបស់ក្រសួង និងគណៈកម្មាធិការនីមួយៗ ក៏គួរតែបើកទូលាយដល់សាធារណជនផងដែរ ដើម្បីឱ្យការចំណាយទាំងនោះប្រកបទៅដោយប្រសិទ្ធភាព»៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Finance Ministry Budget Spikes in Reshuffled State Spending

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ