រដ្ឋបាលខេត្តព្រះសីហនុ ព្រមានឃាត់ទុកជាបណ្តោះអាសន្ន ចំពោះរាល់យានយន្ត ឬរទេះលក់ដូរនៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មក្រានីតតាមបណ្តោយឆ្នេរ ឬលើឆ្នេរខ្សាច់ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលវីអូឌីទទួលបាននៅថ្ងៃចន្ទឱ្យដឹងថា កន្លងទៅរដ្ឋបាលក្រុងព្រះសីហនុ សង្កេតឃើញពលរដ្ឋមួយចំនួន បានចរាចរ និងចតយានយន្ត ឬរទេះលក់ដូរពួកគេនៅលើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងលើឆ្នេរខ្សាច់។ រដ្ឋបាលខេត្ត បានចាត់ទុកសកម្មភាពទាំងនេះ បានធ្វើឱ្យបាត់បង់ សណ្ដាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត ជាពិសេសប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់ឆ្នេរសាធារណៈ។
ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ព្រមានថា បើបុគ្គលរូបណា ធ្វើសកម្មភាពចរាចរ និងចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មក្រានីតតាមបណ្តោយឆ្នេរ ឬលើឆ្នេរខ្សាច់ អាជ្ញាធរនឹងឃាត់ទុកជាបណ្តោះអាសន្ន។ បន្ថែមពីនេះ បើសិនជាសកម្មភាពចតនោះធ្វើឱ្យខូចខាតកម្រាលថ្មក្រានីត អាជ្ញាធរខេត្តព្រះសីហនុ តម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរទាំងអស់ជួសជុលឡើងវិញតែម្តង៕