ស្របពេលមានភាពស្រពេចស្រពិលថា គណបក្សភ្លើងទៀនមិនដឹងត្រូវដើរតាមផ្លូវណា ពីពេលនេះទៅមុខទៀត មន្រ្តីជាន់ខ្ពស់គណបក្សនេះ បានកែប្រែគោលជំហរជាថ្មីវិញ នៅបន្ទាប់ពីសប្តាហ៍មុននេះ ហាក់បង្ហាញជំហរ ក្នុងការបោះបង់សិទ្ធិចូលរួមបោះឆ្នោតថ្នាក់ជាតិខាងមុខ ប៉ុន្តែលើកនេះ មន្រ្តីជាន់ខ្ពស់របស់បក្សក្រៅរដ្ឋាភិបាលមួយនេះ បានប្តេជ្ញាថាខ្លួនបានរក្សាជំហរទាំងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តឡើងវិញហើយ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បើទោះជាកំពុងជួបព្យុះភ្លៀងក្តី។
នៅថ្ងៃចន្ទនេះ អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុទ្ធារ៉ាយុត្តិ បានអះអាងថា ក្នុងនាមជាបក្សនយោបាយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ វាពិតជាមានសារៈសំខាន់ ហើយជាចាំបាច់ត្រូវតែចូលរួមដោយចៀសមិនបានឡើយ។ លោកបន្តថា នៅចំពោះមុខនេះ គណបក្សបានពង្រឹងផ្ទៃក្នុងបក្ស និងគោលនយោបាយរួចហើយ ដែលជាការឆ្លើយតបពីតម្រូវការចាំបាច់របស់ពលរដ្ឋ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។
លោកបន្តថា«ឥឡូវនេះយើងកំពុងតែរៀបចំខ្លួនរបស់យើង និងរៀបចំពង្រឹងពង្រីករចនាសម្ព័ន្ធ ដើម្បីកសាំងកម្លាំងពិតរបស់យើងនៅឯមូលដ្ឋាន។យើងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ហើយបំពាក់បំប៉នគោលជំហរ និងពង្រឹងស្មារតីដល់សមាជិកសមាជិកាដល់សកម្មជនរបស់យើង ហើយយើងធ្វើផែនការទៅតាមផែនការប្រចាំខែ ផែនការសកម្មភាពប្រចាំខែ ហើយផែនការសកម្មភាពប្រចាំត្រីមាសរហូតដល់ការបោះឆ្នោត »។
គណបក្សភ្លើងទៀន មួយរយៈពេលចុងក្រោយនេះ ត្រូវរងការគំរាមកំហែង និងយាយីខាងនយោបាយ ហើយមានពេលខ្លះស្ទើរតែមិនអាចរក្សាអាយុជីវិតបក្សបានផង។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានរំលាយបក្សនេះចេញពីសង្វៀននយោបាយ ចាប់តាំងពីខែ តុលា ឆ្នាំ២០២២។
សារព្រមានរបស់លោក ហ៊ុន សែន នេះគេឮសូរស្ទើរតែគ្រប់វេទិការបស់លោកទៅហើយ ដែលចង់រំលាយបក្សជំទាស់នេះចេញពីសមរភូមិនយោបាយ ប្រសិនបើគណបក្សភ្លើងទៀន ធ្វើខ្លួនមិនបានត្រឹមត្រូវដូចអ្វីដែលលោក ហ៊ុន សែន ចោទប្រកាន់ថា ត្រូវនៅឱ្យឆ្ងាយពីលោក សម រង្ស៊ី ទេនោះ។
ជាងនេះទៀត គេសង្កេតឃើញថា ជាកំហុសដែលស្ទើរតែមិនអាចស្រោចស្រង់ជីវិតបក្សនេះបាន នោះ ក្រោយបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បានមួយថ្ងៃ ពោលកាលពីថ្ងៃទី ១៩ ខែ មករា ដែលធ្វើលោកនាយករដ្ឋមន្រ្តី ក្រោធខឹង ហើយបានផ្ញើសារឱ្យមេធាវីរបស់លោក គឺលោក គី តិច ត្រូវសិក្សាផ្លូវច្បាប់ដាក់បណ្តឹងទៅតុលាការ ប្រឆាំងសេចក្តីថ្លែងការណ៍របស់បក្សនេះ ។សារនយោបាយដែលលោក ហ៊ុន សែន អះអាងថាមិនអាចទទួលបាននេះ គាប់ជួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមហេតុផលចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន៥សន្លឹក។
ស្របពេលដែលលោក ថាច់ សេដ្ឋា កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃ ទាំងសហគមន៍ខ្មែរកម្ពុជាក្រោម ប្រចាំនៅទ្វីបអាមេរិកខាងជើង និងពលករនៅកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យទី ២២ ខែ មករា ម្សិលមិញនេះ បានចេញតវ៉ាដោយទាមទារឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ចោលការចោទប្រកាន់ ព្រមទាំងដោះលែងអ្នកនយោបាយជាន់ខ្ពស់រូបនេះ ដោយគ្មានលក្ខខណ្ឌ។
យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ការប្រើប្រាស់មធ្យោបាយបែបនេះ របស់ពលករ និងសហគមន៍ខ្មែរកម្ពុជាក្រោម វាមិនមែនជាការសម្រាលបន្ទុកឱ្យលោក ថាច់ សេដ្ឋា នោះទេ។ជាការយល់ឃើញរបស់លោក អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាជម្រើសដែលល្អ គឺមានតែព្យាយាមរកថវិកាសងទៅម្ចាស់បំណុល ទើបជាវិធីសាស្រ្តក្នុងការដោះស្រាយ និងឈានទៅបញ្ចប់បញ្ហាបាន។
លោកបន្តថា«វាអត់ប្រយោជន៍ទេគាត់នៅក្រៅរាប់ម៉ឺនគីឡូគាត់មកតវ៉ាស្អី។ការតវ៉ានេះកាន់តែដាក់បន្ទុកឯកឧត្តម ថាច់ សេដ្ឋា កាន់តែធ្ងន់បន្ថែមទៀតទេ។គេមិនអាចដោះស្រាយតាមវិធីធ្វើបាតុកម្មនេះបានទេ ហើយក៏មិនអាចបង្ខិតបង្ខំឱ្យតុលាការដោះលែងបានទេ។គាត់(ថាច់ សេដ្ឋា) ធ្វើបទល្មើសដោយខ្លួនគាត់ដូច្នេះគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អ្នកក្រៅអត់មានពាក់ព័ន្ធទេ ទោះបីអ្នកក្រៅស្រែកយ៉ាងណាក៏វាអត់ប្រយោជន៍ដែរ ហើយត្រូវចាំពាក្យខ្ញុំទៅតើត្រូវបានដោះលែង ឬអត់?។បើ ថាច់ សេដ្ឋា គាត់ជំពាក់លុយគេ ត្រូវតែសងលុយគេ។បើមានលុយឱ្យលុយមកដាក់ អាហ្នឹងដើមបណ្តឹងគេអាចដកពាក្យហើយរួចខ្លួនហើយ »។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ មានសុទិដ្ឋិនិយមចំពោះជំហររបស់គណបក្សជំទាស់នៅពេលនេះ ដោយលោកចាត់ទុកថា វានឹងក្លាយជាគូប្រកួតមួយដែលស័ក្តសម សម្រាប់ប្រទេសដែលអនុវត្តរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ ក៏ប៉ុន្តែ លោកថាប្រសិនបើគណបក្សក្រៅរដ្ឋាភិបាលមួយនេះ សម្រេចចិត្តដើរចេញ នោះមានន័យថាវានឹងធ្វើឱ្យគណបក្សមួយនេះ បាត់បងឱកាសក្នុងដំណើរដ៏វែងឆ្ងាយបន្តទៅមុខទៀត។
លោកបន្តថា«យើងឃើញហើយថាប្រសិនបើគណបក្សភ្លើងទៀនបោះបង់លើកនេះចោលទៀត វានឹងខាតពេលរយៈពេល១០ឆ្នាំ។ អ៊ីចឹងខ្ញុំគិតថាការតាំងចិត្តរបស់គាត់គឺជារឿងមួយដែលល្អ ហើយជារឿងមួយដែលត្រឹមត្រូវ ហើយគាត់គួរតែខិតខំ និងកៀរគរអ្នកប្រជាធិបតេយ្យដើម្បីបង្រួបបង្រួមអ្នកប្រជាធិតេយ្យឱ្យមានសំឡេង និងកម្លាំងមួយគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០២៣ហ្នឹង »។
យោងប្រតិទិនដែលចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែ កក្កដា ឆ្នាំ២០២៣។ស្របពេលការបោះឆ្នោតថ្នាក់ជាតិនេះ កាន់តែខិតជិតមកដល់ គេឃើញក្បាលម៉ាស៊ីនដឹកនាំគណបក្សភ្លើងទៀន ដូចជាលោក សុន ឆ័យ អនុប្រធានបក្ស លោក គង់ គាំ ឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្ស និងចុងក្រោយលោក ថាច់ សេដ្ឋា អនុប្រធានបក្សមួយរូបទៀត ត្រូវរងការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារ៕