យុវជនការពារកោះកុងក្រៅព្រួយបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរក្រុងភ្នំពេញបន្តឃ្លាំមើល

យុវជនស្រលាញ់បរិស្ថានដាក់លក់ដូងក្នុងកម្មវិធីរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញនិងបានផ្សព្វផ្សាយពីបញ្ហាកោះកុងក្រៅត្រូវបាននាយកសាលាហាមឃាត់មិនឱ្យបន្ដសកម្មភាពកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

យុវជនការពារកោះកុងក្រៅបានអះអាងថាពួកគេកំពុងព្រួយបារម្ភ និងការប្រឈមផ្សេងៗពី​​សុ​​​វត្ថិ​​ភាព ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញបន្តឃ្លាំមើលគ្រប់សកម្មភាពរបស់ពួគេ ក្នុងរូបភាពនៃការ​​គំ​​រាមកំហែង នៅបន្ទាប់ពីក្រុម​​យុ​​វ​​ជន​​​ស្រលាញ់បរិស្ថានទាំងនោះ បានចូលរួមផ្សព្វផ្សាយពីបញ្ហា​​កោះ​​​​កុង ដែលរៀបចំឡើងនៅ​​ក្នុង​​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះ។

យុវជន គឹម ជីលីន ដែលអះអាងថាអាជ្ញាធរបន្តតាមដានពីសកម្មភាពរបស់ខ្លួន បានប្រាប់ វីអូឌី នៅថ្ងៃនេះថា លោកមានការព្រួយបារម្ភពីសុវត្ថិភាព រាល់ពេលចេញទៅធ្វើការម្តងៗ។ ស្ថិតក្នុងវ័យ ២៣ ឆ្នាំ យុវជនដែលសកម្មភាពនឹងកិច្ចការបរិស្ថានរូបនេះ លើកឡើងថា នៅពេលនេះអាជ្ញាធរ​​ខណ្ឌ​​ទួលគោក បានរឹតបន្តឹងពីសកម្មភាពរបស់ខ្លួន ហើយពេលខ្លះបាន​​បន្តតាមដាន​​​ដល់កន្លែង​ស្នាក់​​​នៅថែមទៀត។

បើតាម គឹម ជីលីន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរខណ្ឌទួលគោកនេះថា គឺជារូបភាពនៃការគំរាម​​កំ​​ហែង និងបំបាក់ស្មារតីរបស់ក្រុមយុវជន ក្នុងគោលបំណងបំបិទសិទ្ធិមិនឱ្យពួកគេចូលរួម​​ក្នុង​​កិច្ច​​​កា​​រ​ពារបរិស្ថាន។

លោកបន្តថា៖«ខ្ញុំ និងមិត្ដភក្ដិត្រូវបានអាជ្ញាធរ គេដានតាមដល់ផ្ទះ កំណត់សម្គាល់ទីតាំង។ អានេះជារូបភាពគំរាមកំហែងមែនទែន។ ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា មិនគួរកើតឡើងចំពោះខ្ញុំទេ ខណៈពេលដែលមិនមានយុវជនប៉ុន្មានធ្វើសកម្មភាពបែបនេះ»

ក្នុងពេលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងប្រារព្វខួប ៦៣ឆ្នាំ នៃកំណើតសាកលវិទ្យាល័យ​​មួ​យ​​​​​នេះ  កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែ មករា ក្រុមយុវជនស្រលាញ់បរិស្ថាន ក៏បានចូល​​រួម​​ផ្ស​​​ព្វ​​ផ្សាយពីបញ្ហាកោះកុង តាមរយៈសកម្មភាពរៀបចំ​​ជា​​​​​ស្ត​​ង់​​​​​​​​មាន​​លក់ដូងជាដើមដែរ។ប៉ុន្តែ​សកម្ម​​ភា​​ព​​​របស់ពួកគេ ត្រូវហាមឃាត់​​ និងមិនអនុញ្ញាតឱ្យរៀបចំឡើយ បើទោះជាកម្មវិធីនេះ បើកផ្លូវឱ្យ​​ក្រុ​​ម​​​​​និ​​​ស្សិ​ត​អាចរៀបចំជាស្តង់បាន នៅក្នុងបរិវេណសាលាដើម្បីរកចំណូលបានខ្លះក្តី។

មិនខុសគ្នាទេ យុវតី មេន ស្រីដាវ បានប្រាប់ វីអូឌីថា ចាប់ពីពួកគេធ្វើសកម្មភាពផ្សព្វផ្សាយ​​ពី​​បញ្ហា​ប្រឈមមុខ និងដើរបិទស្ទីកឃ័រអំពីកោះកុងក្រៅរួចមក អាជ្ញាធរតាមឃ្លាំមើល​​ពីសកម្មភាព​​របស់ពួក​​គេ​​​​មិនដែលដាច់ឡើយ។ស្ថិតក្នុងវ័យប្រមាណ ២១ឆ្នាំ កញ្ញា បន្តថានៅពេលនេះ រូបនាងពិតជា​​មាន​​ការព្រួយបារម្ភពីសុវត្ថិភាព។

កញ្ញាបន្តថា៖«និយាយរួមទៅគេតាមមកដល់ផ្ទះក្រោយពីពួកខ្ញុំធ្វើសកម្មភាពផ្សព្វផ្សាយរបស់ពួកខ្ញុំ។ខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាពដែរបង ព្រោះពួកខ្ញុំតែងតែចេញធ្វើសកម្មភាពរហូតមក»

ការរឹតត្បិតសេរីភាពនៃការជួបជុំ តាមរយៈការសំដែងមតិនេះ ត្រូវគេមើលឃើញថា វាហាក់ដើរ​​ផ្ទុយ​​ពីច្បាប់រដ្ឋដែលបើកផ្លូវឱ្យពលរដ្ឋគ្រប់រូប អាចធ្វើសកម្មភាពបាន ដែលសកម្មភាពនោះ​​មិន​​ធ្វើឱ្យ​​ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ។

មាត្រា៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

មិនតែប៉ុណ្ណោះ បញ្ញត្តិមាត្រា៤១ ​ក៏កំណត់ដែរថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

​​ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលរងខណ្ឌទួលគោក លោក ទៀង សំអឿន អះអាងថា កា​​រហាមឃាត់សកម្មភាពយុវជនកន្លងមក នោះក៏ព្រោះតែសកម្មភាពរបស់ពួកគេ មិនបានសុំច្បា​​ប់​​ឱ្យបានត្រឹមត្រូវពីសាលាក្រុង។ លោកបន្តថាករណីដែលហាមឃាត់នេះ គឺជាអាជ្ញាធរ មិនចង់​​ឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវប៉ុណ្ណោះ។ហើយលោកក៏បដិសេធដែរថា អាជ្ញាធរខណ្ឌពុំ​​បាន​​គំរាមកំហែងទេ ប៉ុន្តែគ្រាន់តែស្នើឱ្យក្រុមយុវជនបរិស្ថានទាំងនោះ សុំច្បាប់ទៅសាលា​​ក្រុង​​ជា​​មុន​​សិន មុននឹងធ្វើសកម្មភាព។

លោកបន្តថា៖«ខ្ញុំសុំបដិសេធថា អាជ្ញាធរគំរាមកំហែងពួកគាត់ គឺអត់ទេ!។ខ្ញុំដេញគាត់ឱ្យទៅសុំច្បាប់សាលាក្រុងសិន ឱ្យតែមានច្បាប់ត្រឹមគឺពួកខ្ញុំសហការភ្លាម»

ចំណែក អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី វីអូឌី មិនអាចសុំការបំភ្លឺ​​បន្ថែម​​បាន​​ទេ​ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។

នៅលើគេហទំព័រ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថាកោះកុងក្រៅ គឺ​ជាកោះធំទី១​របស់ប្រទេសកម្ពុជា ដែល​មាន​ទំហំ​សរុប១០៣​គីឡូម៉ែត្រ​ការ៉េ ហើយក៏​ជា​កោះ​ខ្ពស់​ជាង​គេ​ក្នុងតំបន់ឈូងសមុទ្រថៃថែមទៀត។កោះកុងក្រៅនេះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

កោះនេះ​ សម្បូរ​​ដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និង​ជីវចម្រុះនៅបាតសមុទ្រ ព្រមទាំង​​មា​ន​​ឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានពណ៌ខៀវស្រងាត់។ក៏​ប៉ុន្តែ កាលពីខែ មិថុនា ឆ្នាំ២០១៩ កោះកុង​ក្រៅនេះ ត្រូវ​បានរដ្ឋាភិបាល​​ប្រគល់សិទ្ធិ​​វិនិ​​យោ​គ​​ឱ្យ​​ទៅ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី (KOH KONG SEZ CO., LTD.)​ ​ របស់​​លោក​​ លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍។

ចំណែកប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោ​ក ហេង គឹមហុង ថ្លែងថា ក្រុមយុវជនគួរដាក់បណ្តឹងប្រឆាំងសកម្មភាពនេះ ទៅស្ថាប័នជំនាញ ដើម្បីស្រាវជ្រាវរកឱ្យឃើញថាតើ អ្នកដែលគំរាមកំហែងនេះជាអ្នកណាឱ្យប្រាកដ។ការធ្វើដូចនេះ ដើម្បីការពារសុវត្ថិភាពផង និងជាការផ្តល់យុត្តិធម៌សម្រាប់ខ្លួនឯងផង។

បើតាមលោក ហេង គឹមហុង ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល គាំទ្ររាល់សកម្មភាព​​របស់ក្រុម​​យុវ​​ជន ដែលចង់ថែរក្សា និងការពារធនធានធម្មជាតិ ជាពិសេសបញ្ហាកោះកុងក្រៅនេះ។

លោកបន្តថា៖«យុវជនគួរដាក់បណ្ដឹងទៅអាជ្ញាធរពីសកម្មភាពតាមដានទាំងនោះ ដើម្បីឱ្យស៊ើបអង្កេតថាជាក្រុមណា។ ខ្ញុំគាំទ្ររាល់សកម្មភាពយុវជនទាំងអស់ដែលស្រលាញ់ប្រទេសជាតិ»

បើទោះជាបែបណា កាលថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋាភិបាល​​បាន​​បង្កើត​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​អ​​ភិវឌ្ឍ​​​នៅ​កោះ​កុង​ក្រៅ។ក្រសួងបរិស្ថានដែលជាស្ថាប័នសាម៉ី ដែលទទួលបន្ទុកលើ​​ការ​​ត្រួ​​ត​​​​ពិនិត្យនេះ នៅមិនទាន់បានបង្ហាញពីលទ្ធផល នៃការត្រួតពិនិត្យនេះនៅឡើយទេ មក​​ដល់​​ពេ​​ល​​​នេះ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា  បញ្ជាក់ថា ការទាមទាររបស់យុ​​វ​​ជន វាជាសិទ្ធិសេរីភាពរបស់ពួកគេ។តែយ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះ លោកថា ក្រសួងកំពុងតែ​​ពិ​​​និត្យលើបញ្ហានេះ ជាពិសេសទាក់ទងនឹងការគ្រប់គ្រងរបស់ក្រុមហ៊ុន ដែលទទួលបាន​​សិទ្ធិ​​វិ​​និ​​យោគ​តែម្តង។

លោកបន្តថា៖«អាហ្នឹងជាសិទ្ធិគាត់។ហើយក្រសួងក៏កំពុងគិតគូរអំពីផែនការអភិវឌ្ឍន៍ដែរថាកន្លែងគួរធ្វើ និងកន្លែងណាមិនគួរធ្វើ »។

បើទោះជាយ៉ាងនេះក្តី ក្រុមយុវជនដែលស្រលាញ់បរិស្ថាន នៅបន្តប្តេជ្ញាចិត្តចូលរួមការពារ​​កោះ​​កុង​​ក្រៅ និងបន្តផ្សព្វផ្សាយមិនរាថយ បើទោះជាត្រូវប្រឈមមុខនឹងការគំរាមកំហែងពីសុវត្ថិភាពក្តី៕​

ដោយ​​លោក ជា រ៉ាយុទ្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ