ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើពុករលួយដែលជាបញ្ហារ៉ាំរ៉ៃនៅក្នុងប្រទេសកើនឡើងកាន់តែច្រើនក្រោយសង្រ្គាមប្រឆាំងរុស្ស៊ី នឹងមិនត្រូវបានអត់ឱនឡើយ ដោយបានសន្យាថានឹងសម្រេចចិត្តសំខាន់ៗស្តីពីការជីករម្លើងអំពើពុករលួយឱ្យដល់ឫសគល់នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។
ការសន្យារបស់លោក Zelenskiy ត្រូវបានធ្វើឡើងចំពេលមានការអះអាងថា មានអំពើពុករលួយក្នុងចំណោមមន្រ្តីជាន់ខ្ពស់ រួមទាំងរបាយការណ៍នៃការអនុវត្តគួរឱ្យសង្ស័យនៅក្នុងលទ្ធកម្មយោធា បើទោះបីជាក្រុមមន្ត្រីលើកកម្ពស់ការរួបរួមជាតិដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីក៏ដោយ។
លោក Zelenskiy បាននិយាយនៅក្នុងសន្ទរកថា តាមវីដេអូថា៖ «ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនឹងមិនឱ្យអ្វីដែលធ្លាប់កើតឡើងកាលពីអតីតកាលកើតឡើងជាថ្មីទៀតឡើយ ដូចជា អ្នកដែលស្និទ្ធនឹង
ស្ថាប័នរដ្ឋ ឬអ្នកដែលចំណាយពេលពេញមួយជីវិតរបស់ពួកគេដើម្បីដេញចាប់តំណែង»។
អ៊ុយក្រែនមានប្រវត្តិអំពើពុករលួយ និងអភិបាលកិច្ចដ៏រង្គោះរង្គើខ្លាំងនៅក្នុងប្រទេសជាយូរមកហើយ ដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចាត់ចំណាត់ថ្នាក់អំពើពុករលួយរបស់អ៊ុយក្រែនស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១២២ ក្នុងចំណោម ១៨០ ប្រទេសកាលពីឆ្នាំ២០២១។
លោក Zelenskiy បាននិយាយថា៖ «សប្តាហ៍នេះ នឹងក្លាយជាពេលវេលាសម្រាប់ការសម្រេចចិត្តដ៏សមស្រប។ ការសម្រេចចិត្តត្រូវបានត្រៀមរួចហើយ។ ខ្ញុំមិនចង់បង្ហាញជាសាធារណៈនៅពេលនេះទេ ប៉ុន្តែវានឹងមានភាពយុត្តិធម៌»។
លោក Zelenskiy បាននិយាយថា រដ្ឋាភិបាលរបស់លោកបានទទួលយកការលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីម្នាក់បន្ទាប់ពីបានរកឃើញថាបានទទួលសំណូក។
លោក Zelenskiy មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់អនុរដ្ឋមន្ត្រីនោះឡើយ។ ទោះយ៉ាងណា សារព័ត៌មានបានរាយការណ៍ថា អនុរដ្ឋមន្ត្រីស្តីទីនៃការអភិវឌ្ឍន៍តំបន់ លោក វ៉ាស៊ីល ឡូហ្ស៊ីនស្គី (Vasyl Lozinskiy) ត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទទទួលសំណូក។
ការផ្តោតជាថ្មីលើអំពើពុករលួយក៏ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡិចស្គី រេហ្សនីកូវ (Oleksiy Reznikov) បន្ទាប់ពីកាសែតមួយបានរាយការណ៍ពីការអះអាងរបស់យោធាថា ពួកគេទទួលបានស្បៀងអាហារដែលមានអតិផរណាខ្ពស់។
លោក Reznikov បានហៅការចោទប្រកាន់នេះថា «ជារឿងមិនពិត» ហើយគណៈកម្មាធិការសភាត្រូវបានស្នើសុំឱ្យស៊ើបអង្កេត៕