ម្ដាយទារកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនពេញចិត្តចំពោះបទចោទប្រកាន់លើជនបង្ក

ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ផងដែរ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ជនរងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យរបួស និងមានកូនអាយុ២ខែម្នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា កាលពីខែធ្នូ ឆ្នាំមុន នៅមិនទាន់ពេញចិត្តចំពោះការសម្រេចរបស់តុលាការ ដែលចោទប្រកាន់ជនបង្កត្រឹមតែបទ «បើកបរ​បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ ​និង​របួស​ដោយ​អចេតនា» នោះឡើយ ដោយថា វាមិនសមដែលជនបង្កផឹកស្រាស្រវឹង និងបើកបរធ្វេសប្រហែស បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយបានរត់គេចពីកន្លែងកើតហេតុថែមទៀតផង។  ​

ការលើកឡើងនេះ ក្រោយពីស្ត្រីដែលអះអាងថាជាជនរងគ្រោះ​ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នោះ បាននិយាយថា គាត់​ទទួលព័ត៌មាននេះពីមេធាវី កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

ស្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍ អ្នកស្រី កែវ លក្ខិណា ប្រាប់វីអូឌីនារសៀលថ្ងៃទី២៣ ខែមករា ​ថា មេធាវីលោកនាយករដ្ឋមន្ត្រី បានទូរសព្ទប្រាប់គាត់ថា តុលាការសម្រេច​ចោទប្រកាន់​ជនដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យកូនប្រុសអ្នកស្រីអាយុ២ខែស្លាប់ ​ខណៈអ្នកស្រីនិងបុរសម្នាក់ទៀត​​រងរបួស​ធ្ងន់នោះ​ ពី​បទ «​បើកបរ​បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ និង​របួស​ដោយ​អចេតនា» ក្រោយ​តំណាង​អយ្យការ បិទ​បញ្ចប់​ការ​ស៊ើបសួរ។

ក្រៅពីនោះ មេធាវីបានប្រាប់ឱ្យអ្នកស្រីត្រៀមឯកសារ និងលិខិតមរណភាពរបស់កូនពីសង្កាត់ ដើម្បីបន្តនីតិវិធី។

បើទោះជាយ៉ាងនេះក្ដី អ្នកស្រីប្រាប់ថា គាត់មិនពេញចិត្តនូវការសម្រេចរបស់តុលាការឡើយ ដោយថា វាមិនសមនោះទេដែលតុលាការចោទ​ជនបង្កត្រឹមតែការប្រព្រឹត្តដោយអចេតនា​ ខណៈបុរសនោះបានផឹកស្រាស្រវឹង ហើយបើកបរដោយមិនប្រុងប្រយ័ត្ន។

បើតាមស្ត្រីវ័យ៣១ឆ្នាំ ដែលមានមុខរបរជាអ្នករើសអេតចាយរូបនេះ កន្លងទៅ សមត្ថកិច្ចធ្លាប់ប្រាប់គាត់ថា ជនបង្កមានចេតនារត់គេចពីកម្ពុជាទៅក្រៅប្រទេសទៀតផង ខណៈនៅថ្ងៃកើតហេតុ ជនបង្កនោះក៏បាន​រត់គេចពីកន្លែងបង្កគ្រោះថ្នាក់ផងដែរ។

អ្នកស្រី កែវ លក្ខិណា បន្តថា៖ «វាអត់សមនឹងថាអចេតនាអ៊ីចឹងទេ។ អ៊ីចឹងគេអត់មានកំហុសទាំងអស់គ្នាបាត់ហើយ។ គាត់ផឹកស្រាស្រវឹង ហើយគាត់បើកបរអត់ប្រុងប្រយ័ត្នខ្លួនឯង។ […] ចង់រត់ទៅក្រៅប្រទេសទៀត តែគេឃាត់បាន គេឃាត់ទាន់អ៊ីចឹង»។

ស្ត្រីមានស្រុកកំណើតនៅខេត្តស្វាយរៀងរូបនេះ រៀបរាប់ថា បើគ្មានការដោះស្រាយដោយត្រឹមត្រូវទេ នោះគាត់នឹងកាន់តែស្មុគស្មាញ ពិបាកចិត្ត ដោយសារខ្លួនមានបន្ទុកសុខភាពដែលត្រូវព្យាបាលក្រោយគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ផង ខណៈកូនប្រុសក៏ស្លាប់ ស្របពេលផ្ទះសម្បែងក៏គ្មាន។ អ្នកស្រីទាមទារឱ្យអាជ្ញាធរជួយដោះស្រាយបញ្ចប់ករណីអ្នកស្រី ដោយយុត្តិធម៌ និងឱ្យបានឆាប់រហ័ស។

​អ្នកស្រី កែវ លក្ខិណា បន្តថា៖ «បើរឿងជាប់ពន្ធនាគារ ខ្ញុំទុកឱ្យច្បាប់ជាអ្នកចាត់ចែង។ តែខ្ញុំចង់បានសំណងដែលគាត់បង្កមកលើពួកខ្ញុំទាំង៣នាក់ហ្នឹង ហើយនិងម៉ូតូ ១គ្រឿង។ ហើយសំណងហ្នឹង ខ្ញុំទារគាត់៥មុឺន [ដុល្លារ] ។ បារម្ភដែរ [រឿងការដោះស្រាយដោយយុត្តិធម៌ហ្នឹង] ព្រោះអីយប់មិញឮថា តុលាការបញ្ចប់ការសាកសួរជនបង្ក អ៊ីចឹងខ្ញុំកំពុងឥលូវហ្នឹងអារម្មណ៍ម៉េចៗទេ! ដូចថាគេធ្វើអ៊ីចឹង ហើយយើងខ្លាចអត់ឈ្នះគេ គេមានលុយ [ខ្លាច]គេរត់ការបិទរឿងហ្នឹងចោល ព្រោះឮនិយាយតាមតៗគ្នាអ៊ីចឹងមក»។

ប្រធានអង្គការ​មណ្ឌល​កុមារកំព្រា​មែកឈើ លោក ផន ផល្លា ដែលអះអាងថាជាអ្នកជួយទំនុកបម្រុងទារករងគ្រោះ ប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែមករា ថាលោកបានទទួលព័ត៌មានខ្លះ ពាក់ព័ន្ធលទ្ធផលនៃការសម្រេចរបស់តុលាការ។ ក្នុងនោះ តុលាការចោទជនបង្កពីបទ «បង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យរងរបួស ខូចខាតទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិតដោយអចេតនា»

យ៉ាងណា លោកថា ករណីតុលាការទម្លាក់ការចោទមកត្រឹមចំណុចនេះ វាជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ ព្រោះការប្រព្រឹត្តដោយអចេតនា លុះត្រាគ្រោះថ្នាក់កើតជាយថាហេតុ ដូចជាយានយន្តមានបញ្ហាជាដើម ជនបង្កគ្មានបំណង គ្មានការតាំងចិត្ត ហើយជនបង្កមានទំនួលខុសត្រូវ និងគ្មានការគេចវេះ។ ដោយឡែក ករណីនេះ លោកថា ជនបង្កបើកបរលឿន ក្នុងស្ថានភាពស្រវឹង ​ហើយបានព្យាយាមរត់គេចពីកន្លែងកើតហេតុ។

លោកថា៖ «ទាំងបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយលើសល្បឿនកំណត់ ហើយគាត់រត់គេចចេញពីកន្លែងកើតហេតុទៀត។ អ៊ីចឹងហើយបើអចេតនា អ្នកហ្នឹងមានការទទួលខុសត្រូវមួយសម្រាប់ការបង្ករបស់ខ្លួន។ ប៉ុន្តែនេះ ទាំងគេចវេះ ទាំងធ្វេសប្រហែស។ អ៊ីចឹងហើយយើងអត់អាចទទួលយកការកាត់ទោសហ្នឹងបានទេ»។

លោកប្រាប់ថា លោកនឹងជំរុញការប្ដឹងទៅឧទ្ធរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យមានការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះជនបង្ក ខណៈបច្ចុប្បន្នមិនទាន់មានអ្វីជាលទ្ធផលនៅឡើយទេ ដោយសារមិនដឹងថាជនបង្កនៅទីណា ត្រូវទទួលទោសរយៈពេលប៉ុន្មានឆ្នាំ ឬបង់សំណងយ៉ាងដូចម្តេចនៅឡើយ។

លោកថា បើសិនករណីនេះបញ្ចប់ទៅ គ្មានការអនុវត្តច្បាប់លើជនបង្ក នោះវាផ្ដល់នូវគំរូអាក្រក់ដល់សង្គមរវាងជនបង្កជាអ្នកមានលុយ និងជនរងគ្រោះជាជនទន់ខ្សោយ ហើយមហាជននឹងអស់ជំនឿលើការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌​។

លោក ផន ផល្លា បន្តថា៖ «បើយើងដោះលែងករណីនេះមួយ ឬធ្វើមិនដឹង មិនឮ ហាក់បីដូចជាយើងកំពុងផ្តល់មេរៀនមួយនេះទៅកាន់ជនបង្កដទៃទៀត ដែលអាចគេនឹងប្រព្រឹត្តដូចគ្នា ឬស្រដៀងគ្នាទៅថ្ងៃក្រោយ។ អ៊ីចឹងសង្គមយើងមិនដឹងថាទៅណាទៅណីទេ»។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល ប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែមករា ​ថាតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពិតជាបាន​ចោទប្រកាន់​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍នៅលើស្ពានជ្រោយចង្វាកាលពីដើមខែធ្នូ ឆ្នាំ២០២២ ឈ្មោះ ​សោម ណូរី​ទីឃា ​​​​ ពី​បទ​បើកបរ​បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ និង​របួស​ដោយ​អចេតនាប្រាកដមែន។

លោកថា៖ «[ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ដែលបើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យទារកអាយុ២ខែបាត់បង់ជីវិត និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់ និងរបួសដោយអចេតនា តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក?] គឺពិតជាត្រឹមត្រូវហេីយ»។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច បដិសេធតបនឹងសំណួរវីអូឌីនៅថ្ងៃចន្ទ​ ដោយថា លោកជាប់រវល់។

នាយកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជាធម្មតា គ្រួសារភាគីរងគ្រោះតែងតែទាមទារឱ្យមានយុត្តិធម៌ នៅពេលមើលឃើញថា ទង្វើប្រព្រឹត្តកំហុសមានលក្ខណៈធំដុំ រីឯបទល្មើសនៅមិនទាន់សមនឹងទង្វើ គាត់នឹងនៅតែគិតថាវាជារឿងអយុត្តិធម៌។

លោកថា សមត្ថកិច្ចត្រូវអនុវត្តដោយស្របនឹងស្មារតីច្បាប់ ឱ្យសមនឹងទង្វើភាគីពាក់ព័ន្ធការទទួលខុសត្រូវចំពោះមុខច្បាប់។

មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះ ទទូចឱ្យតុលាការអនុវត្តតាមច្បាប់ចរាចរណ៍ឱ្យសមនឹងទង្វើជនបង្ក និងការខាតបង់របស់ជនរងគ្រោះ។

​លោក អំ សំអាត ថា៖ «បើសិនជាអ្នកហ្នឹងមិនមានកិច្ចសហការជាមួយនឹងអាជ្ញាធរ ឬមួយក៏តុលាការទេ រហូតដល់មានវិធានការបង្ខំ មានន័យថាជាការគេចវេះ។ អាហ្នឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់នៃស្ថានទម្ងន់ដែលតុលាការពិចារណា ពីព្រោះបើសិនជាផ្តល់កិច្ចសហការ វាជារឿងមួយ។ តែបើសិនជាការគេចវេះ វាជារឿងមួយផ្សេងទៀតដែលត្រូវអនុវត្ត»។

មាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួសដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

រីឯ​មាត្រា៨៥ វិញ ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៣ដដែល ក៏បានចែងថា ក្នុងអំពើល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១៥លានរៀល បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ការរត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ