ពលរដ្ឋស្នើអាជ្ញាធរចាត់វិធានការលើបុគ្គលដែលទន្ទ្រានដីនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ

ដីព្រៃនៅផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី រងការកាប់បំផ្លាញ កាលពីឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជា​សហគមន៍ការពារព្រៃឈើ​ ស្នើស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការ​ច្បាប់​ទៅ​លើបុគ្គលដែល​ទៅទន្ទ្រានយកដីនៅ​​​​​​​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​​ណាម​លៀរ ធ្វើជាកម្មសិទ្ធិ ខណៈ​ពួកគេ​​​​អះ​អាង​​ថា ​បទល្មើស​ព្រៃឈើ​ និងការទន្ទ្រានយក​​ដី​ដើម្បីធ្វើ​ចម្ការនៅតំបន់ការពារមួយនេះ ​នៅតែបន្តកើត​មាន​។

ប្រធាន​សហគមន៍ការពារដែនជម្រកសត្វព្រៃភ្នំណាមលៀរ ​នៅ​ឃុំប៊ូ​ស្រា​ ស្រុកពេជ្រាដា អ្នកស្រី​ ង៉ាង យីម​ បានឱ្យដឹងនៅថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៣នេះ​ថា នាពេលថ្មីៗនេះ ប្រជា​សហគមន៍​​បានប្រទះឃើញ​ករណី​​កាប់​ព្រៃឈើ​ និងទន្ទ្រានដី​ប្រមាណ១០ហិកតា ដើម្បី​ធ្វើចម្ការដាំដំឡូងមី និងដំណាំកៅស៊ូ ជាដើម ​នៅ​ចំណុច​​ភូមិ​ទី​​៣​ ឃុំប៊ូ​ស្រា​ នៃដែនជម្រកសត្វព្រៃឃុំណាមលៀរ ប៉ុន្តែពួកគាត់នៅ​មិនទាន់ដឹង​​ថា​បុគ្គល​ណា​ជាអ្នកកាប់​បំផ្លាញ​នៅឡើយទេ​​។​

ករណីនេះ​ អ្នកស្រីបានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាន ចុះទៅត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់ទៅលើជនប្រព្រឹត្ត ដើម្បីការពារព្រៃឈើនៅតំបន់ការពារមួយនេះឱ្យគង់វង្ស។

​អ្នកស្រីថា «ប្រសិនបើមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន​ ដូចជា មេភូមិ និងមេឃុំ​ ដែនអីជាមួយសហគមន៍បាន​ បើធ្វើតែសហគមន៍ទេ គឺគាត់​អត់ខ្លាច​ទេ មើលទៅ!​ សហគមន៍មានសិទ្ធិអី មានសិទ្ធិតែគ្រប់គ្រងហ្នឹង​»។​

ប្រជាសហគមន៍ម្នាក់ទៀត ដែលអះអាងថាបានចុះល្បាតព្រៃជាប្រចាំនៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោក ក្លាង ភូ​រ បានអះអាងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ តំបន់ការពារ​មួយនេះបានរងនូវការកាប់ព្រៃឈើពីសំណាក់អ្នកមានលុយមានអំណាច​ ដើម្បីទន្ទ្រានយកដីដាំដំណាំអស់ប្រមាណ ២០០ហិកតា ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឡើយ។ លោកបន្តថា គិតមកដល់បច្ចុប្បន្ន ក៏នៅតែមានបុគ្គលមួយចំនួនបានចូលទៅទន្ទ្រានដីព្រៃនេះជាប្រចាំនៅឡើយ។

លោកថា៖ «ជាការកាប់ទន្ទ្រានព្រៃ​ពីអ្នកមានអំណាច​ គេគប់​គិតជាមួយប្រជាពលរដ្ឋខ្លះ​ ដែលអត់ចូលសហគមន៍​ អ្នកអត់ចូលសហគមន៍ហ្នឹង​នៅជាមួយ​ឈ្មួញ​ ​ហើយ​គេគប់​គិត​ ហើយគេកាប់ លក់តៗគ្នា​ ហើយខាងទាហាន​ក៏មាន​»។​

ករណីនេះ លោកបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ចុះទប់ស្កាត់បទល្មើស​ឱ្យមាន​ប្រសិទ្ធភាព ដើម្បីការពារព្រៃឈើកុំឱ្យបាត់បង់បន្តទៀត។

ដែន​ជម្រក​សត្វ​ព្រៃ​ណាមលៀរ ត្រូវ​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​ដែនជម្រកសត្វព្រៃកាលពី​ឆ្នាំ២០១៦ ដោយ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន​ ដែល​មានផ្ទៃ​ដី​ជាង២ម៉ឺន​ហិកតា ​(២១ ៩៣៣ហិ​កតា​)។

មេឃុំប៊ូ​ស្រា ​លោក យាត សារីម មានប្រសាសន៍ថា ពិតជាមានករណីកាប់ដីធ្វើចម្ការពីសំណាក់​ប្រជាពលរដ្ឋពិតមែន ប៉ុន្តែអ្នកដែលកាប់ឆ្ការនោះជាប្រជា​ពលរដ្ឋរស់នៅតំបន់នោះ ហើយការធ្វើស្រែចម្ការ គឺ​បន្ទាប់ពីមន្ត្រីបរិស្ថានខេត្ត​បានកាត់ដីតំបន់ការពារភ្នំណាមលៀរ ឱ្យប្រជាពលរដ្ឋអាស្រ័យផល។

​លោកថា៖ «នៅក្នុងដែនជម្រកអត់មានទេ​ ខាងមន្ទីរបរិស្ថាន​គេ​ គេកំណត់កន្លែងធនធានធម្មជាតិ ​​មាន​កន្លែងរបស់គេ​ គេធ្វើតាំង[ពីឆ្នាំ]២០១៤នោះ​ សំខាន់សួរខាងបរិស្ថាន​បានដឹង​»។

ចំណែកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានអះអាងថា ពុំមាន​ករណី​កាប់បំផ្លាញ ឬ​ទន្ទ្រាន​ដីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរនេះទេ ហើយប្រសិនបើមាន អាជ្ញាធរ​ពាក់ព័ន្ធនឹងចាត់វិធានការច្បាប់លើករណីនេះ។

លោកថា៖ «កន្លងមក មានសកម្មភាពក្រុមការងារចុះហើយ ចុះធ្វើការ ចុះដកហូតហើយ ចុះណែនាំ ឬក៏ចាប់ខ្លួន ឱ្យតែមានព័ត៌មាន គឺចុះចាប់រហូត។ ឥឡូវដូចរាងស្ងាត់ដែរ មានតែប្រជាពលរដ្ឋ គាត់ប្រមូលផលដំឡូង ប្រមូលផលអីផ្សេង»។

អ្នក​សម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស​​អាដហុកប្រចាំខេត្តមណ្ឌលគិរី​ លោក ប៊ី វ៉ាន្នី យល់​ថា ​បើសិនបទល្មើសទន្ទ្រានដីរដ្ឋ​នៅតែបន្តកើតមាននៅក្នុងតំបន់ការពារមួយនេះ ដូចការអះអាងរបស់សហគមន៍ ហើយមន្ត្រីមូលដ្ឋានមិនអាចការពារបានមែននោះ មន្ត្រីទាំងនោះគួរតែទទួលខុសត្រូវលើការបាត់បង់ព្រៃឈើ និងដីរដ្ឋ។ លោកថា ​ដើម្បី​ការពារព្រៃឈើ​​បាន រដ្ឋាភិបាល​គួរតែ​មាន​វិធានការច្បាប់​ចំពោះ​មន្ត្រីណាដែល​បណ្តែត​បណ្ដោយឱ្យ​បទល្មើសនៅតែកើតឡើងក្នុង​ទីតាំងរបស់ខ្លួន​។​​

លោកថា៖ ​«​យើងចង់ឱ្យមានការចាត់វិធានការទៅលើមន្ត្រីដែរ​ ប្រសិនបើ​តំបន់ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ត្រី ឬការិយាល័យ​តំបន់ណាមួយ​ ត្រូវតែមានការចាត់វិធានការលើមន្ត្រីណាមួយ​ ហេតុអីបានគាត់មិនដឹងថា​មានការកាប់បំផ្លាញព្រៃឈើ ហើយគាត់អត់ដឹង»។

ក្រសួងបរិស្ថាន ធ្លាប់​បាន​ព្រមាន​ជា​រឿយ​ៗ និង​បាន​ចាត់វិធានការ​ផ្លូវច្បាប់ចំពោះ​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋនិង​ដី​តំបន់​ការពារដោយ​ខុសច្បាប់។ ក្រសួង​ក៏បាន​ដាក់ចេញ​វិធានការ និង​ការណែនាំ​ជាបន្តបន្ទាប់ មិន​ឱ្យ​មានការ​ទិញ​លក់​ដី និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់រាល់​សកម្មភាព​ខុសច្បាប់នៅ​តំបន់ការពារធម្មជាតិ​និង​ដី​រដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ