លោក Erdogan ប្រាប់ស៊ុយអែតថា កុំរំពឹងថានឹងមានការគាំទ្រពីតួកគីក្នុងការចូលជាសមាជិក NATO

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។ (REUTERS)

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត មិនគួររំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រពីប្រទេសតួកគី សម្រាប់​សមា​ជិក​ភាព​​របស់​ខ្លួន​ក្នុង​អង្គ​ការ​សន្ធិ​សញ្ញាអាត្លង់​ទិក​ខាង​ជើង (NATO) នោះឡើយ បន្ទាប់​ពី​មាន​ការតវ៉ា​នៅ​ជិត​ស្ថាន​ទូត​តួកគី​ ក្នុង​ទីក្រុង​ស្តុក​ហូម (Stockholm) កាលពីចុងសប្តាហ៍ រួម​ទាំង​ការ​ដុតច្បាប់​ចម្លង​នៃ​គម្ពីរកូរ៉ាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។

បាតុកម្មនៅទីក្រុងស្តុកហូម (Stockholm) កាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងប្រទេសតួកគី និងប្រឆាំងចំពោះការប៉ុនប៉ងរបស់ប្រទេសស៊ុយអែត ដើម្បីចូលជាសមាជិកអង្គការ NATO បានបង្កើនភាព​តាន​តឹង​ជាមួយ​ប្រទេស​តួកគី ដែល​ស៊ុយអែត​កំពុងត្រូវការការគាំទ្រ ដើម្បីអាចក្លាយជាសមាជិកនៃបក្សសម្ពន្ធយោធាមួយនេះ។

លោក Erdogan បានថ្លែង​សុន្ទរកថា​បន្ទាប់ពី​កិច្ច​ប្រជុំគណៈរដ្ឋមន្ត្រីថា៖ «អ្នកដែលអនុញ្ញាតឱ្យមានការប្រមាថបែបនេះនៅមុខស្ថានទូតរបស់យើង នឹងមិនទទួលបានការគាំទ្រពីយើង សម្រាប់សមាជិកភាពរបស់ពួកគេនៅក្នុង​អង្គការ NATO តទៅទៀតឡើយ»។

លោកបន្ថែមថា៖ «ប្រសិនបើអ្នកស្រឡាញ់សមាជិកនៃអង្គការភេរវករ និងសត្រូវនៃសាសនាអ៊ីស្លាម ហើយការពារពួកគេ អ្នកគួរស្វែងរកការគាំទ្រពីពួកគេសម្រាប់សន្តិសុខប្រទេសរបស់អ្នក»។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបៀស ប៊ីលស្រ្តូម (Tobias Billstrom) បានបដិសេធធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Erdogan ដោយប្រាប់ Reuters នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា លោក​ចង់យល់ច្បាស់​នូវអ្វីដែលលោក Erdogan បាននិយាយ។

លោក Tobias Billstrom បាននិយាយថា៖ «ទោះយ៉ាងណា ស៊ុយអែតនឹងគោរពកិច្ចព្រមព្រៀងដែលត្រូវបានធ្វើ​ឡើង​រវាង​ស៊ុយ​អែត ហ្វាំងឡង់ និងតួកគី ទាក់ទងនឹងសមាជិកភាពរបស់យើងក្នុងអង្គការ NATO»។

កាលពីឆ្នាំទៅ ប្រទេសស៊ុយអែត និងហ្វាំងឡង់ បាន​ស្នើសុំចូ​លជា​សមាជិកអង្គការ NATO បន្ទាប់​ពី​ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែត្រូវមានការអនុម័តពីរដ្ឋជាសមាជិកទាំង ៣០។ ទីក្រុងអង់ការ៉ា (Ankara) ធ្លាប់បាននិយាយថា ប្រទេសស៊ុយអែត ត្រូវតែប្រកាន់ជំហរច្បាស់លាស់ប្រឆាំងនឹងភេរវករជាមុនសិន ដែល​ភាគច្រើនជាពួកសកម្មប្រយុទ្ធឃឺដ និងក្រុមដែល​ប៉ុន​ប៉ង​ធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦ នៅក្នុងប្រទេសតួកគី។

ការដុតគម្ពីរកូរ៉ាននេះ ធ្វើឡើង​ដោយ​លោក រ៉ាស្មូស ផាលូដាន់ (Rasmus Paludan) មានសញ្ជាតិ​ពីរ គឺ​ដាណឺម៉ាក និងស៊ុយអ៊ែត ដែល​ជាមេដឹកនាំគណបក្សនយោបាយស្តាំនិយមដាណឺ​ម៉ាក។

ប្រទេស​អារ៉ាប់​ជាច្រើន រួមមាន អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងគុយវ៉ែត បានថ្កោលទោសចំពោះទង្វើនេះ។ ប្រទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែត ហើយបានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដោយរដ្ឋមន្ត្រីការពារជាតិស៊ុយអែតទៅកាន់ទីក្រុងអង់ការ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ