គ.ជ.ប. ជំរុញឱ្យគណៈកម្មការបោះឆ្នោតថ្នាក់ខេត្តអនុវត្តដោយប្រសិទ្ធភាពអំពីការផ្ទេរសិទ្ធិបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ដោយមានភាពចាំបាច់ រដ្ឋាភិបាលបានកាត់តំបន់មួយចំនួនពី​ខេត្ត​ចំនួន៣ ដើម្បី​ពង្រីក​រដ្ឋ​បាល​​​ថ្នា​​ក់​​​​​​​ក្រោមជាតិបន្ថែមទៀត ក្នុងន័យដើម្បីជួយសម្រាលបន្ទុក​​របស់អាជ្ញាធរមូលដ្ឋាន ក្នុងពេលដែល​គ​​ណ​​បក្សភ្លើងទៀន បានប្រើប្រាស់សិទ្ធិតាមយន្តការតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយបើកផ្លូវឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋានរបស់ខ្លួនសម្រេចចិត្តជំនួសទីស្នាក់ការធំ ក្នុងពេលបោះ​​ឆ្នោត​​ជ្រើ​​សរើសសមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ កាលពីពេលថ្មីៗនេះ។

លិខិតដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត (គ.ជ.ប.) នៅថ្ងៃទី​២៤ ខែ​មករា​នេះ ​​បង្ហា​​ញ​​​ថា គ​​ណ​​បក្សភ្លើងទៀន ដែលមានការិយាល័យកណ្តាលនៅរាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​មក​ស្ថាប័ន គ​​.​ជ​.​​ប. ​​​រួច​ហើយ អំពីលិខិតផ្ទេរសិទ្ធិឱ្យបក្សភ្លើងទៀននៅតាម​ស្រុក​ទាំង៣ ដែល​ទើប​បង្កើត​ថ្មី ជា​​​អ្នក​​​ធ្វើ​​សេ​​ច​​ក្តី​​សម្រេចចិត្ត​ជំនួសការិយាល័យកណ្តាលគណបក្ស សម្រាប់​ដំណើរ​ការ​​​បោះ​​​​ឆ្នោត​​​​កន្លង​​ទៅ​​នេះ។

មិនតែប៉ុណ្ណោះ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន គ.ជ.ប. អំពាវនាវឱ្យគណៈកម្មការ​​រៀបចំ​​ការ​​បោះ​​ឆ្នោតខេត្តដែលពាក់ព័ន្ធ ត្រូវអនុវត្ត និងផ្សព្វផ្សាយឱ្យបាន​​ទូលំទូលាយដល់​​ក្រុមប្រឹក្សាឃុំ​​ស​​ង្កា​​​ត់ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព។

ការចេញសេចក្តីសម្រេចរបស់​ស្ថាប័ន គ.ជ.ប. នៅពេលនេះ ធ្វើឡើងក្រោយពីគណបក្សភ្លើងទៀន កាល​ពីថ្ងៃទី​១៧ ខែ​មករា ឆ្នាំ២០២៣ កន្លងទៅ បានដាក់លិខិតទៅ (គ.ជ.ប.) ស្តីពីកា​រជូន​ដំណឹង​អំពី​ការ​ផ្ទេរ​សិទ្ធិ​របស់​ប្រធាន​គណបក្សនយោបាយ ជូនតំណាង ​​​ដើម្បី​​​ចុះហត្ថ​​លេខាលើ​​ពាក្យ​សុំចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះបោះ​ឆ្នោត។

រដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន​៤ ដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ២០២៣ ដោយ​បាន​បង្កើតក្រុងចំនួន៣ និងស្រុក​​ចំ​នួ​ន២​បន្ថែម​ទៀត លើ​ស្រុក និងក្រុង ដែល​មានស្រា​ប់​​ក្នុងពេលបច្ចុប្បន្ន។

ក្រុងថ្មីដែលទើបបានបង្កើតឡើងនេះ គឺ​មានក្រុងអរិយក្សត្រ ដោយកាត់​​​​យកឃុំចំនួន​​៦ ពី​​ស្រុក​​ខ្សា​​ច់​​​​កណ្តាល និងពីស្រុកល្វាឯម ចំនួន៥ឃុំ។ ចំណែកក្រុងថ្មីមួយទៀត គឺក្រុងសំពៅពូន ដែល​​ស្ថិត​​​នៅក្នុងភូមិសាស្រ្តខេត្តកណ្តាលដែរ គឺកាត់យកឃុំចំនួន៥ ​ចេញពីស្រុកកោះធំ។ ទន្ទឹមនឹងនេះ សម្រាប់ក្រុងឧដុង្គម៉ែជ័យ គឺយកចេញពីស្រុកឧដុង្គ ចំនួន​៥ឃុំ នៃ​ខេត្តកំពង់ស្ពឺ និង​​បាន​បំបែក​ស្រុក​មួយ​ថ្មី​ទៀត គឺ​ស្រុកសាមគ្គីមុនីជ័យ ដែល​បានកាត់យកឃុំចំនួន​១០ ​​ចេញពី​​ស្រុក​​ឧដុង្គ នៃខេត្តកំពង់ស្ពឺដែរ។

តាមរយៈអនុក្រឹត្យដដែលនេះ នៅមានស្រុកថ្មីមួយទៀតដែលទើបបានបង្កើតដែរ គឺ​ស្រុកអូរគ្រៀង​​​សែន​​ជ័យ ដែល​បាន​កាត់​យក​ឃុំ​ចំនួន​៥ ចេញពីស្រុកសំបូរ នៃខេត្តក្រចេះ។

អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខេត្តក្រចេះ លោក អឿ គឹមហ៊ាង ឱ្យដឹងថា សម្រាប់​​ស្រុក​​ដែ​ល​​​​​ទើបបង្កើតថ្មីនេះមាន ១៥​អាសនៈ ជា​លទ្ធផល​ដែលទើប​​បានបោះឆ្នោតបញ្ចប់ក្នុងពេល​​កន្លង​​ទៅ​​​​​នេះ ហើយ​គណបក្សក្រៅរដ្ឋាភិបាលមួយនេះដណ្តើមបាន១អាសនៈ។ លោក​បន្ត​ថា ថ្វីបើ​ពេល​នេះ គណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រងលើស​​លុប ក្នុង​​​រដ្ឋបាលថ្មីនេះក្តី តែ​ការ​ចូល​រួម​សកម្មភាព​នយោបាយក្នុងកម្រិតស្តួចស្តើងនេះ ក៏ជាផ្នែកមួយក្នុង​​កា​រ​​កសាងស្មារតីនៅថ្នាក់​មូល​ដ្ឋាន​របស់​បក្សជំទាស់នេះដែរ។

លោកបន្តថា៖ «បើនិយាយអំពីសំឡេងអនុម័តទៅលើការគាំទ្រនឹងផែនការអ្វី យើងមិនអាចធ្វើបានទេ ដោយសាគេត្រូវការ៥០ភាគរយបូក១” អ៊ីចឹងត្រូវការ៨សំឡេងយ៉ាងតិច ហើយ​​​យើង​​បានតែ១សំឡេង។ តែចំណុចអ្វីដែលសំខាន់នោះ ត្រូវពង្រឹងកម្លាំងមូលដ្ឋានរបស់យើង ហើយ​​​នៅ​​ទីនោះ យើងមានថ្នាក់ដឹកនាំស្រុក និងមានឃុំអីអ៊ីចឹងទៅ វាក៏ជាការ​​​ពង្រឹងកម្លាំងបន្ថែម​​មួយ​​សម្រាប់ចលនាគណបក្សភ្លើងទៀ»។

សម្រាប់នាយកប្រតិបត្តិអង្គការ​និច​ហ្វិក លោក សំ គន្ធាមី ចាត់ទុកថា ការផ្ទេរសិទ្ធិឱ្យតំណាង​​គ​​ណ​បក្សនយោបាយនៅមូលដ្ឋាន ធ្វើសេចក្តីសម្រេចចិត្តនេះ មិនខុសទាស់នឹងនីតិវិធីទេ​​ តែ​ផ្ទុ​យ​​​ទៅ​​វិញ នេះជាផ្នែកមួយនៃការជំរុញ​​ឱ្យមានដំណើរការតាមបែបប្រ​​ជាធិបតេយ្យនៅថ្នាក់ក្រោម​​ជាតិ​​​។

លោកបន្តថា៖ «រឿងនេះ បើមានលិខិតផ្ទេរសិទ្ធិផ្លូវការ អត់មានបញ្ហាអីទេ។ បើមានដូច្នេះ ថ្នាក់ខេត្តថ្នាក់អីហ្នឹង គេអាចចុះហត្ថលេខាបានហើយ ឱ្យតែមាន[លិខិត]ជាផ្លូវការពីភ្នំពេញទៅ»។

នៅក្នុង​ចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ គេសង្កេតឃើញ គណបក្សជំទាស់ តែងជំរុញឱ្យមានដំណើរការតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាម​​រយៈ​ការ​ផ្ទេរលិខិត និងចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗបម្រើឱ្យការបោះឆ្នោតនេះ ញឹក​​ញាប់​ជាង​​គេ​។

នៅក្នុងសន្និសីទសារព័ត៌មាន​កាលពីខែ​មីនា ឆ្នាំ២០២០ កន្លងទៅ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រ​​​សួង​​​​​​​មហា​​ផ្ទៃ​​​​ បានលើកឡើង​ថា នៅចំពោះមុខនេះ កម្ពុជាបានបង្កើន​ខេត្ត​ឡើង​ដល់២៥ខេ​​​ត្ត និងក្រុងចំនួន២៧​ក្រុង នៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ