កម្មករជិត១ពាន់នាក់បាត់បង់ការងារ ក្រោយរោងចក្រមួយនៅភ្នំពេញបិទទ្វារអាជីវកម្ម

លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

កម្មករកម្មការិនីជិត១ ០០០នាក់បាន​បាត់​បង់​​ការ​ងារ ក្រោយ​រោង​ចក្រ​មួយ​ស្ថិត​​នៅ​​​ភូមិ​​ទួល​​សង្កែ​ សង្កាត់​​ទួល​​សង្កែ រាជធានីភ្នំពេញ បានបិទទ្វារអាជីវកម្ម ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។

អគ្គហេរញ្ញិកសហព័ន្ធសហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី សំ ស្រីមុំ បាន​ឱ្យដឹងនៅថ្ងៃអង្គារនេះ​ថា កម្មករកម្មការិនីចំនួន៨៨៥​នាក់ បម្រើកា​រ​ងារ​នៅ​រោង​ចក្រ លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន « Lim Line International (Cambodia) Garment Co.,Ltd.» បាន​បាត់​បង់​ការ​ងារ ក្រោយរោងចក្រនេះបានបិទទ្វារអាជីវកម្ម។

អ្នកស្រី​បញ្ជាក់ថា ថៅកែរោងចក្រ លីម ឡាញ បានបិទទ្វារអាជីវកម្មហើយនៅពេលនេះ និងបានទូទាត់អត្ថប្រយោជន៍ផ្សេងៗ​​ឱ្យ​កម្មករ​ទៅតា​ម​ផ្លូវច្បាប់ផងដែរ។​ សហជីពរូបនេះបាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះការ​បាត់​បង់​ការ​ងារ​របស់​កម្មករ ដោយ​ថា នឹងធ្វើឱ្យ​ប៉ះពាល់ដល់​ប្រាក់ចំណូល និងជីវភាពគ្រួសាររបស់ពួកគេ ខណៈកម្មករភាគច្រើនបានប្រើប្រាស់កម្ចី​ធនាគារ។

អ្នកស្រីបន្ថែមថា៖ «ប្រសិនបើកម្មករត្រូវបានព្យួរការងារ ហើយ​ប្រាក់ចំណូលរបស់ពួកគាត់អត់មានទៀតនោះ ហើយការចំណាយ​របស់​ពួកគាត់ច្រើន ខ្ញុំគិតថា វានឹងប៉ះពាល់ច្រើនដល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។ កម្មករគាត់ចំណាយច្រើន ដូចជា ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ការ​ជួល​ផ្ទះ ជាពិសេសពួកគាត់ជំពាក់លុយធនាគារ»

អ្នកស្រី សំ ស្រីមុំ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមករានេះ រោងចក្រដែលមានកម្មករជាសមាជិករបស់សហជីពអ្នកស្រី​បម្រើការ​ងារ​ បាន​បិទ​ទ្វារតែ១ប៉ុណ្ណោះ ខណៈ​រោងចក្រចំនួន​​១០ទៀតព្យួរការ​ងារ ដែលមាន​ក​ម្មករប្រមាណ២ម៉ឺននាក់។ អ្នកស្រី​ថា កម្មករដែលព្យួរការងារទាំងនោះទទួលបានប្រាក់ឧបត្ថម្ភ​ពីរោងចក្រចន្លោះពី ៣០ដុល្លារ ទៅ៤៥ដុល្លារ។

កម្មករបម្រើការងារនៅរោងចក្រ ​ឌីនហាន ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ឡុង សក្កដា បានឱ្យដឹងដែរថា កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២២ ថៅកែ​រោង​ចក្រ​នេះបាន​បញ្ចប់កិច្ចសន្យាការងារកម្មករចំនួន២ ៦០០​នាក់ ខណៈ​កម្មករ ១ ១៧០នាក់ត្រូវ​បាន​ព្យួរការងារ​រយៈពេល​ត្រឹម​តែ​​៣​ខែ ហើយ​ឈានដល់ការបិទទ្វាររោងចក្រទាំង​ស្រុង​​នៅ​ដើមខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

កម្មកររូបនេះបន្តថា ករណីថៅកែបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារក្នុងចំនួនច្រើននេះ គឺក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយ និងជីវភាពគ្រួសាររបស់កម្មករ។

លោកថា៖ «វាប៉ះពាល់ធំណាស់ដល់កម្មករ ​ជាពិសេសសេដ្ឋកិច្ចគ្រួសាររបស់គាត់​​ សេចក្ដីសុខក្នុងគ្រួសារ ពេលខ្លះអត់លុយ អ៊ីចឹងឈ្លោះគ្នា​ បែកបាក់គ្នាអ៊ីចឹងទៅ។ កូនចៅគាត់​រៀនសូត្រ តែគាត់ខ្វះលុយហើយ ​កូនគាត់ក៏ពិបាក​ដែរ»។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កម្មករ–កម្មការិនីជិត២ ០០០​នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរ​ជាតិ អិលធីឌី ( M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបានថៅកែព្យួរកិច្ចសន្យាការងាររយៈពេលជិត២ខែ ដោយគិតចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

បើតាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ​គឺកម្មករទាំងនោះត្រូវទទួលបានប្រាក់ឧបត្ថម្ភ ៤៥​ដុល្លារអំឡុង​ព្យួរការងារក្នុង១ខែៗ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យដឹងថា ​តាមរបាយការណ៍ពីសមាជិករបស់សហជីពមួយនេះ គឺ​មាន​រោង​​ចក្រ​ចំនួន​១០បានបិទទ្វា​រ និងរោងចក្រ​ចំនួន​២០ បានព្យួរការងារកម្មករ​ ខណៈប្រមាណ​៦០រោងចក្រ​ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។

មេសហជីពរូបនេះលើកឡើងថា ទីផ្សារស្បែកជើង និងទីផ្សារវាយនភណ្ឌសម្លៀកបំពាក់ មិនទាន់បង្ហាញសញ្ញា​វិជ្ជមាន​នៃការ​ងើប​ឡើង​វិ​ញ​ពីការបញ្ជាទិញពីទីផ្សារអន្តរជាតិនៅឡើយទេ។ លោកថា តាមការវាយតម្លៃ គឺការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជាពីទីផ្សារអន្តរជាតិ នៅឆមាសទី១ ឆ្នាំ២០២៣ នឹងមានស្ថានភាពដូចឆមាសទី២ ក្នុងឆ្នាំ២០២២ដែរ។

លោក អាត់ ធន់ បន្តថា ស្ថានភាពបែបនេះនឹងជំរុញឱ្យរោងចក្រភាគច្រើននៅកម្ពុជានឹងបន្តកាត់បន្ថយការងារថែម​ម៉ោង និង​ព្យួរការងារដល់កម្មករមួយចំនួនបន្ថែមទៀត ហើយវានឹងធ្វើឱ្យប៉ះពាល់ជីវភាពរបស់កម្មករទាំងនោះផងដែរ។

មួយទៀតនោះ លោកថា បញ្ហាគ្មានការបញ្ជាទិញនេះក៏អាចជាប់ពាក់ព័ន្ធនឹងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់​​សហរដ្ឋអាមេរិក និងការបាត់បង់ ២០ភាគរយ នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់សហភាព​អឺរ៉ុប រួម​ទាំងបញ្ហា​ការរាតត្បាតជំងឺកូវីដ​-១៩ បូកផ្សំនឹងសង្រ្គាម​រវាង​ប្រទេស​រុស្ស៊ី និងអ៊ុយក្រែន​ផងដែរ។

លោកបន្ថែមថា៖ «ហើយរឿងទី២ នៅស្រុកខ្មែរយើង គឺយើងមានបញ្ហា GSP អាមេរិក​ហ្នឹង​ វាអត់ទាន់ចុះកិច្ចព្រមព្រៀងថ្មីទេ តាំង​ពី​ឆ្នាំ២០២០​មក។ អ៊ីចឹងវាមិនដឹងថាប្រាកដប៉ុនណា ដែលថាអាមេរិកនឹងឱ្យ GSP ដើម្បីផ្តល់ការនាំចូលដោយអត់យកពន្ធហ្នឹង។ ហើយមួយទៀត ​ពាក់ព័ន្ធ EBA របស់អឺរ៉ុប ២០ភាគរយ បាន​ផ្តាច់​ហើយ ហើយ៨០ភាគរយទៀត គឺគេមិនទាន់ប្រាកដ​​ប្រជា​ទេ ដោយ​កំពុងតាមដានស្ថានភាពនយោបាយនៅស្រុកខ្មែរហ្នឹងឯង។ ពាក់ព័ន្ធនយោបាយជិតបោះឆ្នោតអញ្ចេះ គឺក្រុមហ៊ុនគេមិនងាយនឹងកម្មង់ច្រើនទេ ដោយគេបារម្ភកើតមានហានិភ័យផ្សេងៗ»

វីអូឌី មិនអាចសុំឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ ​ពាក់ព័ន្ធករណីនេះ។

បើតាមរបាយការណ៍របស់ក្រសួង​ឧស្សាហកម្ម បច្ចេក​វិទ្យា វិទ្យា​សាស្រ្ត និងនវានុវត្តន៍ គឺមានរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ បានចុះបញ្ជីក្នុងឆ្នាំ២០២២ ធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជាកើនដល់១ ៩៨២រោងចក្រ។

របាយការណ៍ដដែលបន្តថា រោងចក្រសហគ្រាសដែលកំពុងបើកដំណើរការទាំង១ ៩៨២​រោងចក្រ មានទុនវិនិយោគសរុប ១៦ ៦៩០លានដុល្លារ។ ចំណែករោងចក្របិទទ្វារនៅឆ្នាំ២០២២ មានចំនួន៨៣រោងចក្រ ទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ។

របាយការណ៍ឱ្យដឹងទៀតថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាសមានចំនួន១៦ ៦៩០លានដុល្លារ បានកើនឡើងពី ១៣ ៨១១លានដុល្លារក្នុងឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ