វិទ្យាល័យមួយនៅខេត្តបាត់ដំបង រងការរិះគន់ខ្លាំងចំពោះសកម្មភាពឈូសសក់សិស្សក្នុងថ្នាក់រៀន

ការចុះអនុវត្តវិន័យរបស់លោកគ្រូ-អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន)

វិទ្យាល័យមួយស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានរងនូវការ​រិះគន់​យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានការបង្ហោះរូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពរបស់គ្រូបង្រៀនពីររូប​បានចុះទៅឈូសសក់សិស្សប្រុសក្នុងថ្នាក់រៀន ក្រោមការលើកឡើងថាជាការចុះអនុវត្តវិន័យ។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន កាលពីថ្ងៃទី២៣ ខែមករា បានចែករំលែករូបភាពគ្រូបង្រៀនដែលបានប្រើប្រាស់ម៉ាស៊ីនកាត់សក់ ដើម្បីឈូសសក់សិស្សប្រុស ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ដោយអះអាងថា ជាការចុះអនុវត្តវិន័យរបស់លោកគ្រូ-អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន។

តាមរយៈរូបថតមួយ ក្នុងនោះគេសង្កេតឃើញគ្រូបង្រៀនម្នាក់បានលើកបង្ហាញម៉ាស៊ីនកាត់សក់នៅក្នុងថ្នាក់រៀន ខណៈសិស្សប្រុសមួយចំនួនបានសម្លឹងមើលដោយទឹកមុខក្រៀមក្រំ ស្របពេលដែលគ្រូបង្រៀនរូបនោះដើរចូលទៅជិតសិស្សរបស់ពួកគេ។

រូបថតមួយផ្សេងទៀតក៏បានបង្ហាញឱ្យឃើញពីសិស្សម្នាក់ពដែលបានយកដៃបិទមុខរបស់ខ្លួន ស្របពេលខ្លួនកំពុងត្រូវបានគ្រូឈូសសក់។

គិតត្រឹមថ្ងៃអង្គារម្សិលមិញ ការ​បង្ហោះ​រូបទាំង​នេះ​ទទួល​បានការបញ្ចេញ​មតិយោបល់ពីអ្នកប្រើប្រាស់​ជិត ១៥ ០០០ និង​ការ​ចែករំលែក​បន្តជាង ២៥ ០០០ ក្នុង​មួយ​ថ្ងៃ ខណៈមតិ​ភាគ​ច្រើន​បាន​រិះគន់​សាលាចំពោះសកម្មភាព​ដែល​បាន​ឈូស​សក់​សិស្ស​ប្រុសទាំងនេះ​។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានសរសេរជាការបញ្ចេញ​មតិយោបល់ថា៖ «វាគឺជាសក់របស់ពួកគេ ដែលវាមិនប៉ះពាល់ដល់ការសិក្សារបស់ពួកគេនោះទេ។ ដូចដែលបានឃើញនៅក្នុងរូបភាព ពួកគេមិនបានលាបពណ៌អ្វីនោះទេ ហើយសក់ក៏មិនវែងខ្លាំងផងដែរ។ តើ​ហេតុអ្វីបានជាពួកគេធ្វើដាក់សិស្សយ៉ាងដូច្នេះ? ខ្ញុំ​គិត​ថា ​នេះ​ជា​សកម្មភាពមិនសមស្របមួយ ដោយសាលា​មិន​គួរ​មាន​មោទកភាព​ចំពោះ​រឿងនេះ ហើយយកមក​បង្ហោះ​យ៉ាងដូច្នេះទេ»។

ទាក់ទិននឹងករណីនេះ អ្នកនយោបាយ សាស្ត្រាចារ្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួនក៏បានលើកឡើងជាមតិយោបល់ផ្សេងៗគ្នាផងដែរ ដោយក្នុងនោះ អ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក យឹម ស៊ីណន បានលើកឡើងថា៖ «បើមើលទៅសក់ក្បាលលោកគ្រូដូចជាស្ទាវជាងសិស្សផង តើគួរដាក់ពិន័យបែបណាវិញ?»

ជាមួយគ្នានេះ នាយកប្រតិបត្ដិ នៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចាន់រឿន ក៏បានចាត់ទុកសកម្មភាពឈូសសក់សិស្សប្រុសទាំងនោះថា ជាការដាក់ពិន័យប្រកបដោយភាព​អវិជ្ជមានមួយ ខណៈរូបលោក​​បន្ថែម​ថា៖ «ក្នុង​ប្រព័ន្ធ​អប់រំ​សម័យ​ទំនើប គឺគេ​លែង​អនុវត្តសកម្មភាពបែប​នេះ​ទៀត​ហើយ ព្រោះ​វា​ជា​អំពើ​អសីលធម៌មួយ»។

ចំណែកឯអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ដោយសរសេរថា៖ «បើមានទង្វើបែបនេះនៅក្នុងខេត្តព្រះសីហនុ សូមជួយប្រាប់ឱ្យខ្ញុំដឹងផង!»

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថា ​ក្រសួងបច្ចុប្បន្ន​កំពុង​តែស៊ើប​អង្កេតលើ​ករណី​នេះហើយ ប៉ុន្តែ​លោក​មិនបាន​ពន្យល់​ថាតើ​ការ​ស៊ើប​អង្កេតនេះ​នឹង​មាន​លក្ខណៈ​បែប​ណានោះ​ទេ។

សិស្សរៀនថ្នាក់ទី១១ ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដើម្បីការពារអត្តសញ្ញាណរបស់ខ្លួន បានឱ្យដឹងថា សាលាមានភាពតឹងរ៉ឹងក្នុងការតម្រូវឱ្យសិស្សប្រុសកាត់សក់ឱ្យបានខ្លី ដោយខ្លួនក៏ត្រូវបានគ្រូឈូសសក់ផងដែរ។

យុវសិស្សខាងលើ បន្ត​ថា ថ្នាក់គ្រប់​គ្រង​សាលា​រៀនបាន​មកឈូសសក់​សិស្ស​ចំនួន ២៣នាក់ ​ក្នុង​ថ្នាក់​របស់​ខ្លួន ដោយលើក​លែង​តែ​សិស្សចំនួនពីរ​នាក់​ដែល​បាន​កាត់សក់របស់ខ្លួនខ្លីជាមុន។

លោកថា៖ «ខ្ញុំ​មានការខក​ចិត្តជាខ្លាំង​ដែល​ពួក​គេ [ខាងសាលា] បានចូលមកឈូស​សក់​របស់​ខ្ញុំ ទាំងដែលសក់ខ្ញុំមិនវែងនោះទេ។ ខ្ញុំ​ស្រឡាញ់​សក់​របស់​ខ្ញុំ ប៉ុន្តែបច្ចុប្បន្ន វាមើល​ទៅ​អាក្រក់មើលខ្លាំងណាស់។ ពួកគេ​ឈូសចាប់ពី​ក្រោម​ដល់​លើ​ក្បាល​របស់ខ្ញុំ»។

យុវជនរូបនេះ​បន្ថែម​ថា​៖ «​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពីរ​បី​នាក់ក៏​បាន​យំ នៅ​ពេល​ដែលគ្រូបានឈូសសក់របស់ពួកគេផងដែរ។ បច្ចុប្បន្ននេះ វា​ពិបាក​ក្នុងការចេញទៅជួបអ្នកដទៃនៅខាងក្រៅណាស់។ ​ហើយក្នុងនោះ មានសិស្ស​ស្រីមួយចំនួនក៏បាន​សើចចំអកនៅ​ពេល​ដែលពួកគេ​ឃើញសក់ក្បាល​យើងផងដែរ។ អ្នក​ភូមិ​សួរ​ខ្ញុំ​បែប​លេង​សើច​ថា តើ​ខ្ញុំ​ទើប​តែ​ចេញ​ពី​មណ្ឌល​កែប្រែ ​ឬយ៉ាងណា? វា​ពិបាក​នឹង​ទទួល​យកខ្លាំងណាស់»។

សិស្ស​អាយុ​១៨​ឆ្នាំ​ម្នាក់​ទៀត​ដែល​មក​ពី​ថ្នាក់រៀន​ដូច​គ្នានេះ ​បាន​លើកឡើង​ថា ខ្លួន​ក៏មានការ​តូច​ចិត្តផងដែរ​ ដោយថ្លែងថា៖ «មនុស្ស​គ្រប់គ្នា គឺ​សម្លឹង​មក​កាន់រូបខ្ញុំ មិនថា​ខ្ញុំ​ទៅ​ណាមកណា​ក៏​ដោយ។ វា​ពិត​ជា​ពិបាក​ក្នុងការប្រឈមនឹង​ស្ថានភាព​​នេះខ្លាំងណាស់»។

បើទោះបីជាមានការរិះគន់ និងការមិនពេញចិត្តយ៉ាងណាក្ដី វិទ្យាល័យមួយនេះហាក់នៅតែបង្ហាញជំហរគាំទ្រលើការសម្រេចចិត្តរបស់ខ្លួន។

តាមរយៈរបាយការណ៍មួយស្ដីពីការអនុវត្តវិន័យ នាយកវិទ្យាល័យ លោក ប៊ុត ប៊ុនណា បានលើកឡើងថា គណៈគ្រប់គ្រងបានចុះពង្រឹងវិន័យ តាមរយៈការត្រួតពិនិត្យទៅលើសម្លៀកបំពាក់ រួមនឹងសក់ក្បាលផងដែរ។

ទាក់ទិន​ករណីនេះ លោកបន្តថា៖ «ក្នុងពេលអនុវត្តការពង្រឹងវិន័យនេះ ឃើញថាកូនៗសិស្សានុសិស្សមួយចំនួនមានសក់មិនទាន់សមរម្យនៅឡើយ ទើបលោកគ្រូទទួលបន្ទុកខាងវិន័យ កាត់សក់តែម្ដង។ គួររំលឹកផងដែរថា ការអនុវត្តវិន័យនេះ សាលាបានធ្វើមកជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ»។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានឱ្យដឹងថា វិន័យ​ជាក់លាក់ទាំងឡាយ​អំពី​សក់ក្បាល គឺ​អាស្រ័យ​លើ​សាលា​នីមួយៗ។

អ្នកស្រី​ថា​៖ «​ខ្ញុំ​មិន​អាចនិយាយបានថា ​សកម្មភាព​របស់​សាលា​ក្នុង​រឿង​ដែល​បាន​កើត​ឡើង​នេះ ខុសឬយ៉ាងណានោះទេ ​ព្រោះ​សាលា​នីមួយៗ​មាន​វិន័យរបស់ពួកគេ​រៀងៗ​ខ្លួន​»។

អ្នកស្រីបន្ថែមថា៖ «ដរាបណា សិស្សានុសិស្សអនុវត្តតាមវិន័យ ពួកគេនឹងមិនមានបញ្ហាអ្វីនោះទេ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Battambang School Receives Heavy Criticism for Shaving Students’ Hair

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ