អ្នកគាំទ្របក្សភ្លើងទៀនក្នុងប្រទេសថៃ ត្រូវសមត្ថកិច្ចថៃបំបែកមិនឱ្យតវ៉ា

អតីតសកម្មជន​គណបក្ស​ប្រឆាំង ​ជួប​ជុំ​គ្នា​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៣។ (ផ្តល់ឱ្យ)

អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀនមួយចំនួននៅ​ក្នុង​ប្រទេស​ថៃ ​ត្រូវបានស្នើ​ឱ្យ​បញ្ចប់​សកម្មភាព​តវ៉ា និងដាក់​ឱ្យស្ថិតនៅក្នុងការឃ្លាំមើលដោយសមត្ថកិច្ចថៃ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាក្នុងទ្រង់​ទ្រាយ​តូច​មួយ​​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួនលោក ថាច់ សេដ្ឋា

អនុប្រធានគណបក្សភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ តាំង​ពី​សប្ដាហ៍​មុន ​បន្ទាប់ពីរងការចោទប្រកាន់ពីបទ «មិនបានបំពេញ​​កា​​តព្វកិច្ច​​ចំពោះឧបករណ៍អាចជួញដូរបាន» ឬហៅថា ការ​ចេញ​សែក​ដោយ​គ្មាន​សាច់​​​​ប្រាក់​ ដែល​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០១៩។

ទាក់​ទិន​នឹង​ករណី​នេះ គណបក្ស​ភ្លើងទៀន ក៏​បាន​ចេញប្រតិកម្ម និង​បាន​​រិះគន់​​គណបក្សកាន់​អំណាច ចំពោះ​ការ​​ចាប់​​ខ្លួន​អនុប្រធានគណបក្សរូបនេះផងដែរ។

សកម្មជនដីធ្លីបឹងកក់មួយរូប អ្នក​​ស្រី សាត ផា ដែលបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការគំរាម​សម្លាប់​ដោយ​ជន​អនាមិក​ កាលពីឆ្នាំមុន​ បាន​លើកឡើង​​ថា ​ព្រឹត្តិការណ៍​នេះមាន​ការចូល​រួមដោយមនុស្ស​ប្រមាណជា ៤០​នាក់ ​នៅ​ក្នុង​ខេត្តឈុនបុរី ​ប្រទេស​ថៃ ហើយ​ក្នុងនោះមាន ១៥នាក់​ ​ក្នុង​​ចំណោម​​ពួក​គេ​ ក៏បាន​កោរ​សក់​នៅក្នុងការតវ៉ាផងដែរ។

អ្នកស្រី​បន្តថា​៖ «​[ទាក់ទិននឹងការតវ៉ានេះ] យើង​ទាមទារ​ឱ្យមានការ​ដោះលែង​លោក ថាច់ សេដ្ឋា។ យើង​មិនមានការ​ពេញ​ចិត្ត​ចំពោះការដែល​មេដឹកនាំ​សម័យ​បច្ចុប្បន្ននេះ​ ធ្វើ​ទុក្ខបុកម្នេញ និង​ជិះជាន់លើ​ប្រជាជនឡើយ»។

អ្នក​ស្រី សាត ផា ​បន្ថែម​ថា ការដែលក្រុមខ្លួន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​វត្តមួយ ​ក្នុង​ខេត្ត​ឈុនបុរីនេះ ដោយ​សារ​តែ​ពួក​គេ​​មាន​​ការ​​ព្រួយ​បារម្ភ​​ពី​​សុវត្ថិភាពក្នុងការ​តវ៉ា​នៅ​ទីក្រុង​បាងកក ហើយខណៈដែល​ពួកគេ​​តវ៉ានោះ សមត្ថកិច្ចថៃក៏​បាន​ថត​រូប​បាតុករ និងសួរ​ពីមូលហេតុ​​ដែល​​ពួកគេ​​កោរ​សក់ និងបានស្នើសុំ​ឱ្យ​ពួកគេបញ្ចប់​ការ​តវ៉ាផងដែរ។

បើតាមអ្នកស្រី សាត ផា ការ​ចុះ​មក​កាន់​ទីតាំង​ដោយ​ផ្ទាល់​ពីសំណាក់សមត្ថកិច្ចនេះ ក៏បានបង្កើនការភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​ចូលរួមផងដែរ។

ជាមួយគ្នានេះ លោក ឆន សុខឿន អាយុ៤៣​ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ដែល​​ជាអ្នកគាំទ្រ​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ​ និងបានចាកចេញពីប្រទេស​បន្ទាប់ពីត្រូវបានស្នើសុំឱ្យចុះចូលជាមួយគណបក្សកាន់អំណាច បាន​ឱ្យដឹង​ថា សមត្ថកិច្ចថៃបាន​ប្រាប់​ក្រុម​អ្នកតវ៉ា​ថា ការ​តស៊ូមតិប្រឆាំងនឹងរដ្ឋាភិបាល​កម្ពុជារបស់ពួកគាត់ ក៏អាចប៉ះពាល់ដល់រដ្ឋាភិបាលថៃផងដែរ។

លោកបានបន្តប្រាប់ពីអ្វីដែលសមត្ថកិច្ចថៃបានលើកឡើងថា៖ «សកម្មភាពរបស់អ្នក គឺជាការផ្ញើសារនយោបាយទៅកាន់​រដ្ឋាភិបាល​របស់​អ្នក ប៉ុន្តែវាក៏អាចមានផលប៉ះពាល់ដល់រដ្ឋាភិបាលនៃប្រជាជាតិរបស់ខ្ញុំផងដែរ ដោយសារតែយើងមិនអនុញ្ញាត​ឱ្យអ្នកខាងក្រៅ​ប្រើប្រាស់ប្រទេសរបស់យើងជាទីតាំងសម្រាប់ការធ្វើសកម្មភាពនយោបាយណាមួយនោះទេ»។

លោក ឆន សុខឿន បន្ថែមថា អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ ជានិច្ចកាល ក៏ត្រូវ​បាន​​តាម​​ដា​ន​​ជា​ប្រចាំ​នៅក្នុង​ប្រទេសផងដែរ ប៉ុន្តែ​ពួកគេនៅតែបន្ត​ព្យាយាម​​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ខណៈ​ត្រូវបានឃ្លាំមើល​ដោយសមត្ថកិច្ចជាប់ជានិច្ច សកម្មជនគណបក្សប្រឆាំង ដែល​បានចាកចេញមុនឬក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ទៅស្នាក់នៅប្រទេសថៃទាំងនោះ បានឱ្យដឹងទៀត​ថា ពួកគេត្រូវបានបង្ខំឱ្យរស់នៅក្នុងជីវិតដែលលាក់លៀម ដើម្បីចៀសវាងការទាក់ទាញចំណាប់អារម្មណ៍ ហើយក្នុងនោះ រដ្ឋាភិបាល​ថៃក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​និរទេស​ពួកគេចេញផងដែរ បើទោះបី​ជាពួកគេ​មួយចំនួន​មាន​ឋានៈ​ជា​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក៏ដោយ។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ​បាន​ថ្លែង​ថា ករណី​របស់លោក ថាច់ សេដ្ឋា គឺជា​បញ្ហា​ផ្ទាល់​ខ្លួន ដោយមិនមែនធ្វើឡើងក្រោម​ហេតុផល​​ន​​យោ​​បាយឡើយ។

លោក​ថា​៖ «​បើ​​លោក ថាច់ សេដ្ឋា មិនបានចេញសែកស្អុយ វា​នឹង​មិន​មានជា​បញ្ហា​អ្វីនោះ​ទេ។ វាគឺជា​រឿង​ផ្ទាល់​ខ្លួនរបស់លោក ថាច់ សេដ្ឋា»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Candlelight Supporters’ Protest Broken Up by Thai Police

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ