នៅពេលនេះ តំណាងរដ្ឋសភាបញ្ជាក់ថា ខ្លួនកំពុងតែពិគ្រោះយោបល់គ្នានៅឡើយ អំពីសំណើសុំជួបពីតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យទៅលើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ខាងមុខនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា អះអាងនៅថ្ងៃទី២៥ ខែមករា នេះថា ក្រុមការងារសភាកំពុងតែពិនិត្យអំពីសំណើនេះហើយ។ លោកបន្តថា ការឆ្លើយតបនៅពេលណាឱ្យប្រាកដនោះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ លុះត្រាកិច្ចប្រជុំនេះត្រូវបិទបញ្ចប់សិន ទើបអាចសន្និដ្ឋានបាន។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះបញ្ជាក់ជំហរថា ការឆ្លើយតបទៅនឹងកង្វល់របស់តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ នឹងមិនឱ្យយឺតយូរទៀតទេ។
លោកបន្តថា៖ «បាទ! កំពុងរៀបចំឆ្លើយ។ មិនទាន់ដឹងនៅឡើយទេ កំពុងប្រជុំគ្នាសិន»។
ទាក់ទិនករណីនេះ កាលពីថ្ងៃទី១៦ ខែមករា តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ញត្តិជាថ្មីទៀតទៅរដ្ឋសភា។ តាមរយៈញត្តិរបស់ខ្លួន គណបក្សក្រៅរដ្ឋាភិបាលមួយនេះនឹងស្នើឱ្យមានការពិគ្រោះយោបល់ទៅលើការកែច្បាប់ បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាងមុខនេះ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូឌីនៅថ្ងៃពុធថា នៅចំពោះមុខនេះ ក្នុងនាមគណបក្សនយោបាយដែលសកម្មក្នុងកិច្ចការបោះឆ្នោត មិនទាន់ដឹងថាត្រូវធ្វើបែបណាទៀតនៅឡើយទេ ដោយសារត្រូវរង់ចាំការឆ្លើយតបពីស្ថាប័ននៃរដ្ឋសភាជាមុនសិន។
បើតាមប្រធានគណបក្សរូបនេះ ការដាក់ញត្តិជាថ្មីទៀតទៅរដ្ឋសភា ដោយសារស្ថាប័នជាតិរៀបចំការបោះឆ្នោត មិនអើពើទៅលើកង្វល់របស់គណបក្សនយោបាយ ទាក់ទងការឱ្យកែសម្រួលបទបញ្ជា និងនីតិវិធីនេះហើយ ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវសុំជួបភាគីនៃរដ្ឋសភាវិញ។
លោកបន្តថា៖ «អ៊ីចឹងត្រលប់មកវិញ រឿង គ.ជ.ប. ដោយហេតុថា គាត់មិនពិចារណាសំណើយើងសុំកែបទបញ្ជានីតិវិធីហ្នឹងហើយ បានជាយើងទៅគោះទ្វារ។ ឥឡូវនេះ យើងសង្ឃឹមថា សភានឹងឆ្លើយតបជាវិជ្ជមាន។ នៅត្រង់ថាសភាឆ្លើយតបយ៉ាងម៉េចទៀត អាហ្នឹងយើងសូមរង់ចាំសិន»។
ជាថ្មីទៀត លោក យ៉េង វីរៈ អះអាងថា ក្នុងនាមគណបក្សនយោបាយ ពិតជាមានការសោកស្តាយ ដែលស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប. បដិសេធនូវសំណើសុំឱ្យកែបទបញ្ជា និងនីតិវិធី ជាពិសេសស្នើសុំឱ្យរក្សាការចែកទម្រង់១១០២ ឱ្យភ្នាក់ងារគណបក្សនយោបាយ នៅនឹងមណ្ឌលបោះឆ្នោត តែត្រូវបានច្រានចោល។
យ៉ាងនេះក្ដី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ធ្លាប់បញ្ជាក់ជំហរម្តងហើយម្តងទៀតថា ចំ ពោះការទាមទារឱ្យរក្សាការចែកទម្រង់១១០២នេះ មិនអាចធ្វើបានទៀតទេ ព្រោះមានកំហុសជាច្រើនបានកើតឡើងក្នុងអាណត្តិបោះឆ្នោតកន្លងទៅ ដោយសារការចែកទម្រង់១១០២នេះ។
បើតាមលោក ហង្ស ពុទ្ធា ការលុបបំបាត់ក្នុងការចែកចាយទម្រង់១១០២នេះ ក៏ព្រោះតែដើម្បីធ្វើទំនើបកម្មឱ្យកាន់តែស៊ីវិល័យ ទាន់បច្ចេកវិទ្យា សម្រាប់កិច្ចការបោះឆ្នោតក្នុងសម័យទំនើបនេះ។
បើទោះជាបែបណា កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ សម្ពន្ធគណបក្សនយោបាយចំនួន ៥ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ញត្តិរួមគ្នា ២លើករួចមកហើយ តែត្រូវបានរដ្ឋសភាបដិសេធរហូត។
ភាពបរាជ័យទាំង២លើកកន្លងទៅ នោះក៏ព្រោះតែតំណាងរដ្ឋសភាចាត់ទុកថា លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនបានចែងពីគណបក្សក្រៅរដ្ឋសភាអាចមានសិទ្ធិដាក់ញត្តិសុំជួបប្រធានរដ្ឋសភាទេ។
យ៉ាងនេះក្តី លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល មានប្រសាសន៍ថា ថ្វីត្បិតរដ្ឋសភាមិនបានចែងអំពីរយៈពេលនៃការឆ្លើយតបក៏ដោយចុះ ការបើកផ្លូវសម្រាប់ភាគីសុំជួបពិគ្រោះយោបល់ក្នុងនាមស្ថាប័នសាធារណៈរបស់រដ្ឋ គួរបំពេញកាតព្វកិច្ចឱ្យបានពេញលេញ។ លោកបន្តថា នៅក្នុងបញត្តិច្បាប់ រដ្ឋសភាក៏ជាភ្នាក់ងាររដ្ឋ ដែលមានភារកិច្ចឆ្លើយតប និងសម្របសម្រួលរាល់មានសំណើដែរ ហើយភារកិច្ចនេះត្រូវបានកំណត់ក្នុងចំណោមភារកិច្ចផ្សេងទៀតដែលស្ថាប័នកំពូលមួយនេះត្រូវបំពេញក្នុងកាតព្វកិច្ចរបស់ខ្លួន។
លោកបន្តថា៖ «គ្រាន់តែថាតួនាទីសំខាន់មួយ គឺថាសភាត្រូវតែមានការឆ្លើយតប។ តួនាទីរបស់ខ្លួន គឺជាតំណាងរបស់ប្រជាពលរដ្ឋ។ នេះជាតួនាទីមួយក្នុងចំណោមតួនាទីផ្សេងៗ ៣ធំទៀត។ អ៊ីចឹងនេះជារឿងដែលសំខាន់ ធ្វើយ៉ាងណាធ្វើឱ្យមានប្រសិទ្ធភាពក្នុងការឆ្លើយតប និងឱ្យទាន់ពេលវេលានេះ គឺជារឿងដែលចាំបាច់ណាស់។ បើទោះបីជានៅក្នុងនីតិវិធី និងក្នុងច្បាប់អីផ្សេងៗ មិនកំណត់ពេលក៏ដោយ ការដោះស្រាយតាមរយៈការអន្តរាគមន៍ វាជារឿងមួយដែលចាំបាច់ណាស់»។
បើតាមលោក យ៉េង វីរៈ គោលបំណងសំខាន់នៃការសុំជួបលោក ហេង សំរិន ប្រធានរដ្ឋសភានេះ ដោយផ្តោតលើការកែសម្រួលច្បាប់បោះឆ្នោតឡើង អំពីសមាសភាព គ.ជ.ប ទាំង៩រូប។ បើតាមប្រធានគណបក្សរូបនេះ ការស្នើឱ្យពិនិត្យច្បាប់នេះ នោះក៏ព្រោះតែតួនាទីគណបក្សនយោបាយនៅក្នុងរដ្ឋសភា ក្នុងពេលបច្ចុប្បន្ន មិនមែនមានពហុបក្សដូចច្បាប់ គ.ជ.ប បានបញ្ញត្តិទៀតនោះទេ។ ក្នុងន័យនេះ អាចចាត់ទុកថា ច្បាប់បោះឆ្នោតនេះហាក់មិនស៊ីគ្នាទៅនឹងទិដ្ឋភាពជាក់ស្តែងទៀតនោះឡើយ៕