អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងស៊ើបអង្កេតករណីប្រធានមន្ទីរផែនការខេត្តរតនគិរី ដែលរងការចោទប្រកាន់ពីមន្ត្រីក្រោមឱវាទ ថាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការកេងបន្លំប្រាក់ដើម្បីទិញផ្ទះ និងដីធ្លី ស្របពេលដែលប្រធានមន្ទីររូបនោះបានច្រានចោលការចោទប្រកាន់នេះ។
តាមរយៈពាក្យបណ្ដឹងចំនួន៤របស់មន្ត្រីទាំងនោះ គឺពួកគេបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ, ខុទ្ទកាល័យនាយករដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។
យោងតាមបណ្តឹងមួយចុះថ្ងៃទី២ ខែមករា បានចោទលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ពីបទកេងបន្លំប្រាក់បេសកកម្ម សម្ភារប្រើប្រាស់ក្នុងការិយាល័យ និងការជួសជុលអគារ ដោយបានយកប្រាក់ទាំងនោះមកទិញផ្ទះនៅរាជធានីភ្នំពេញ និងដីធ្លី នៅតាមបណ្តាខេត្តមួយចំនួន។
ពាក្យបណ្តឹងក៏បានចោទប្រកាន់លោក វុទ្ធី ថាបានយកប្រាក់ខែរបស់មន្រ្តីចំនួន១២នាក់ដែលមិនបានមកធ្វើការ និងការដំឡើងតួនាទីចំពោះបក្ខពួករបស់ខ្លួន បើទោះបីជាពួកគេទាំងនោះធ្វើការមិនគ្រប់ឆ្នាំតាមរយៈការក្លែងបន្លំឯកសារ។
ពាក្យបណ្ដឹងដដែលបន្តចោទទៀតថា៖ «សម្ភារការិយាល័យមានទឹកប្រាក់ជិត ២០លាន[រៀល]។ ពេលដេញថ្លៃ [លោក វុទ្ធី] យកតែលុយទេ មិនដែលមានរបស់ប្រើប្រាស់ទេ សូម្បីក្រដាសមួយដុំ»។
ក្នុងពាក្យបណ្តឹងបន្ថែមថា ករណីនេះក៏បានបណ្ដាលឱ្យមន្ត្រីជាច្រើនផ្ទេរចេញពីមន្ទីរ ដោយសារពួកគេមិនអាចទ្រាំចំពោះទង្វើរបស់លោក វុទ្ធី បាន។
ជុំវិញករណីនេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា អង្គភាពបានទទួលពាក្យបណ្ដឹងប្រឆាំងនឹងលោក ខេង វុទ្ធី ហើយពេលបច្ចុប្បន្ននេះកំពុងតែធ្វើការស៊ើបអង្កេត។
ជាមួយគ្នានេះ លោកក៏បានទទួលស្គាល់ថា អង្គភាពពិតជាបានទទួលពាក្យបណ្តឹងទាក់ទងនឹងអំពើពុករលួយជាច្រើន កាលពីពេលថ្មីៗនេះ ប៉ុន្តែមិនមានន័យថា មន្ត្រីដែលរងនូវការចោទប្រកាន់សុទ្ធតែមានទោសទាំងអស់នោះទេ។
លោកថា៖ «អ.ប.ព [អង្គភាពប្រឆាំងអំពើពុករលួយ] បានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ និងមានចំណាត់ការជាបន្តបន្ទាប់។ ពាក្យប្តឹងដែលប្តឹងចោទប្រកាន់ មិនមែនសុទ្ធតែប្រាកដថាបុគ្គលនោះបានប្រព្រឹត្តិឡើយ។ អ.ប.ព នឹងពិនិត្យស្រាវជ្រាវទៅតាមករណីនីមួយៗ»។
កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងផែនការ បានចេញសេចក្តីប្រកាសមួយដោយសម្រេចផ្ទេរលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងផែនការវិញ។
ទោះយ៉ាងណា លោក ខេង វុទ្ធី បានបដិសេធការចោទប្រកាន់នេះ ខណៈលោកអះអាងថា មន្ត្រីមួយចំនួនបានបង្កាច់បង្ខូចរូបលោក ក្នុងគោលបំណងដើម្បីព្យាយាមដណ្តើមតំណែងរបស់លោក ដោយលោកសង្ឃឹមថា មន្ត្រីថ្នាក់ជាតិនឹងបើកការស៊ើបអង្កេតលើករណីនេះឱ្យបានល្អិតល្អន់។
ជាមួយគ្នានេះ លោកបន្ថែមថា ការផ្ទេររូបលោកឱ្យមកបម្រើការនៅទីស្ដីការក្រសួងផែនការ នៅរាជធានីភ្នំពេញវិញនេះ គឺមានការគ្រោងទុកជាយូរណាស់មកហើយ ដោយវាមិនមានការជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នេះនោះទេ។
លោកថា៖ «ខ្ញុំបានបម្រើការជាប្រធានមន្ទីរអស់រយៈពេលប្រមាណជា៨ឆ្នាំមកហើយ។ ខ្ញុំចង់ផ្លាស់ប្តូរការងារជាយូរមកហើយ ព្រោះនៅទីនេះ [មន្ទីរផែនការខេត្តរតនគិរី] មានភាពស្មុគស្មាញ។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់មកលេងកូនស្រីខ្ញុំដែលរៀននៅភ្នំពេញផងដែរ។ ករណីនេះ [បណ្ដឹង] កើតឡើងដោយសារតែការច្រណែន»។
លោក ខេង វុទ្ធី បន្តថា មន្រ្តីរបស់លោក កាលពីពេលកន្លងទៅ ក៏ធ្លាប់បានប្តឹងរូបលោកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ ប៉ុន្តែនៅពេលនោះ លោកបានបង្ហាញឯកសារដែលបង្ហាញពីភាពស្អាតស្អំរបស់លោក។
មន្ត្រីនៃមន្ទីរផែនការខេត្តរតនគិរី ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា នៅក្នុងអង្គភាពរបស់លោក គឺពិតជាមានឈ្មោះមន្ត្រីទាំង១២នាក់ ដែលនៅក្នុងពាក្យបណ្តឹងអះអាងថា ពួកគេមិនដែលមកធ្វើការ [ដែលប្រាក់ខែរបស់ពួកគេត្រូវបានចោទថាប្រមូលដោយលោក វុទ្ធី]។
លោកបន្តថា ក្នុងចំណោមមន្ត្រីទាំង១២នាក់នេះ ក្នុងនោះមាន ៧នាក់ បានផ្ទេរចេញជាច្រើនឆ្នាំមកហើយ និង៣នាក់ជាមន្ត្រីកំពុងធ្វើការបច្ចុប្បន្ន ក្នុងចំណោមមន្ត្រី៣៥នាក់នៅការិយាល័យ ខណៈលោកមិនដឹងច្បាស់ពីមន្ត្រី២នាក់ផ្សេងទៀតថាកំពុងនៅធ្វើការ ឬបានផ្ទេរចេញនោះទេ។
លោកបន្ថែមថា មន្ត្រីមានការចុះហត្ថលេខាលើបញ្ជីវត្តមានជារៀងរាល់ថ្ងៃ ប៉ុន្តែមិនបានផ្តិតមេដៃទេ។
ទោះជាយ៉ាងណា អនុប្រធានរដ្ឋបាលរូបនេះលើកឡើងថា ខ្លួនមិនបានដឹងអ្វីទាក់ទងនឹងពាក្យបណ្តឹងដែលត្រូវបានដាក់នោះទេ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើងថា ការកេងបន្លំថវិការដ្ឋ គឺជាកត្តាមួយដែលនៅពីក្រោយការស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបរបស់កម្ពុជា នៅក្នុងសន្ទស្សន៍អំពើពុករលួយពិភពលោក។ កាលពីឆ្នាំមុន កម្ពុជាទទួលបានពិន្ទុដ៏អាក្រក់បំផុត ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ក្នុងសន្ទស្សន៍យល់ឃើញអំពីអំពើពុករលួយប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិ។
លោកបន្ថែមថា៖ «យើងត្រូវតែធ្វើការត្រួតពិនិត្យជាប្រព័ន្ធលើអំពើពុករលួយ ទាំងទ្រង់ទ្រាយធំ និងតូច ដោយមើលពីយុទ្ធសាស្ត្ររួម ហើយដោះស្រាយបញ្ហានេះជាប្រព័ន្ធ ទើបអាចដោះស្រាយបាន»។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ក៏មានករណីមន្ត្រីនៃសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ បានដាក់ពាក្យប្ដឹងទៅស្ថាប័នប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ប្រធាននាយកដ្ឋានសារមន្ទីរនេះថាបានយកប្រាក់ចំណូលពីសារមន្ទីររាប់សែនដុល្លារទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ខណៈអង្គភាពប្រឆាំងអំពើពុករលួយក៏កំពុងស៊ើបអង្កេតលើបណ្តឹងមួយចំនួនទៀតដែលប្តឹងមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលផងដែរ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Ratanakiri Planning Department Staff Accuse Boss of Corruption