អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានអះអាងប្រាប់មេធាវីរបស់ខ្លួនថា លោកមិនបានចេញសែកណាមួយក្នុងអំឡុងឆ្នាំ២០១៩ ដូចការចោទប្រកាន់របស់តុលាការឡើយ ដោយថា សែកដែលគេចាត់ទុកជាសែកស្អុយនោះ អាចត្រូវគេថតចម្លង ដើម្បីដាក់បន្ទុក ចោទប្រកាន់លើរូបលោក។
ការអះអាងនេះធ្វើឡើងនៅពេលមេធាវីមួយរូបដែលការពារក្តីឱ្យលោក ថាច់ សេដ្ឋា បានចូលជួបលោកនៅពន្ធនាគារព្រៃស នារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមករា។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត ដាលីន ឃុំខ្លួនលោកជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់មានលុយ ឬហៅថាសែកស្អុយ។
ការចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា ធ្វើឡើងតាមបណ្ដឹងក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្ដឹងលោកពាក់ព័ន្ធករណីជំពាក់បំណុលប្រមាណ ៣៣ ៤០០ដុល្លារ។
តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន រិន ឆាយ ផនសប នេះ បានចុះបញ្ជីពាណិជ្ជកម្មផ្លូវការនៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែតុលា ឆ្នាំ២០១៥។ ម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន នេះ គឺជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ ក្រៅពីកាន់កាប់ក្រុមហ៊ុន រិន ឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏ជាម្ចាស់ក្រុមហ៊ុន Dynith Commercial ដែលមានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ថែមទៀត។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីចុងខែមីនា ឆ្នាំ២០១៤។
សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ គ្រប់គ្រងដោយអ្នកស្រី ឌី សុខឃី ជាកូនស្រីអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ហើយក៏ត្រូវជាភរិយាលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទី២របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក សឺន ជុំជួន មេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា បានប្រាប់វីអូឌីនៅយប់ថ្ងៃទី២៤ ខែមករា បន្ទាប់ពីលោកបានជួបកូនក្តីនៅពន្ធនាគារព្រៃស។ លោកនិយាយថា សុខភាពរាងកាយលោក ថាច់ សេដ្ឋា នៅប្រក្រតី ខណៈលោកមានជំងឺបេះដូងស្រាប់។ យ៉ាងណា លោកថា កូនក្តីលោកក៏ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីពន្ធនាគារដែរ។
បើងាកមកសុខភាពផ្លូវចិត្ត មេធាវីរូបនេះថា កូនក្តីលោកនៅតែមានស្មារតីនឹងនរ មិនផ្លាស់ប្ដូរគោលជំហរ និងនៅតែអះអាងថាគាត់មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ។
បើទោះជាយ៉ាងនេះក្តី លោក ថាច់ សេដ្ឋា ទទួលស្គាល់ថា លោកពិតជានៅជំពាក់លុយម្ចាស់បំណុលនោះពិតមែន ប៉ុន្តែនៅជំពាក់ក្នុងចំនួនប្រមាណ១ម៉ឺនដុល្លារប៉ុណ្ណោះ និងមិនច្រើនដូចការចោទប្រកាន់នេះទេ ហើយលោកក៏មិនបានគេចវេះទៅណាដែរ។
មេធាវីរូបនេះបញ្ជាក់ថា កូនក្តីរបស់ខ្លួនមិនធ្លាប់ចេញសែកណាមួយក្នុងអំឡុងឆ្នាំ២០១៩ទេហើយលោក សេដ្ឋា សង្ស័យថា សែកស្អុយនោះអាចត្រូវគេថតចម្លង ដើម្បីយកមកដាក់បន្ទុក លើរូបលោក។
លោក សឺន ជុំជួន ថា៖ «ពាក់ព័ន្ធទៅនឹងជំពាក់ប្រាក់ជំពាក់អីហ្នឹង មានមែន! ក៏ប៉ុន្តែវាមិនច្រើន វានៅសល់បន្តិចបន្តួចអ៊ីចឹងទៅ។ ហើយទាក់ទងនឹងរឿងការចេញជាមូលប្បទានបត្រ [អំឡុង ឆ្នាំ២០១៩] អីហ្នឹង គឺគាត់មិនអាចទទួលយកបាន ពីព្រោះថា គាត់មិនធ្លាប់។ […] កន្លងមក គាត់ធ្លាប់កាលនៅជាសមាជិកព្រឹទ្ធសភាជាដើម គាត់ធ្លាប់ចេញមូលប្បទានបត្រដែរ។ ប៉ុន្តែគាត់អាចសន្និដ្ឋានថា មូលប្បទានបត្រហ្នឹងអាចជាការថតចម្លងថតអីជាដើម ដើម្បីដាក់នៅក្នុងសំណុំរឿងចោទប្រកាន់គាត់ជាដើមអ៊ីចឹងទៅ។ ហើយគាត់បដិសេធនូវអ្វីដែលជាការចោទរបស់អង្គតុលាការហ្នឹង»។
យ៉ាងណា សហមេធាវីរូបនេះនិយាយថា នឹងសហការជាមួយមេធាវីផ្សេងទៀត ដោយខិតខំរកឱ្យឃើញការពិត ដើម្បីផ្តល់យុត្តិធម៌ជូនកូនក្តី។
លោក សឺន ជុំជួន បន្តថា៖ « តែបើប្រសិនណា វាមិនមានធាតុផ្សំគ្រប់គ្រាន់ ទាក់ទងទៅនឹងបទល្មើសព្រហ្មទណ្ឌទេ គឺយើងនឹងធ្វើការដោះស្រាយចរចាជាមួយខាងម្ចាស់បំណុល ដើម្បីដោះស្រាយទាក់ទងទៅនឹងសំណល់រដ្ឋប្បវេណី ហើយយើងនឹងស្នើឱ្យតុលាការទម្លាក់បទចោទអីជាដើម។ នេះជាវិធានការ!»
លោក លី ទិត្យបូនាមី ដែលជាមេធាវីការពារសិទ្ធិឱ្យក្រុមហ៊ុន រិន ឆាយ ផនសប ធ្លាប់ប្រាប់វីអូឌីកាលពីថ្ងៃទី១៨ ខែមករា ថាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពិតជាបានជំពាក់លុយក្រុមហ៊ុនពិតមែន ប៉ុន្តែចំនួនទឹកលុយប៉ុន្មាននោះ លោកបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងថា នាំឱ្យប៉ះពាល់ដល់នីតិវិធីដំណើរការក្តីរបស់តុលាការ។
បើទោះជាបែបណា លោក លី ទិត្យបូនាមី ថ្លែងថា មូលហេតុដែលឈានទៅដល់ការប្ដឹងផ្តល់នេះ ដោយសារកូនបំណុលមិនបានបំពេញតាមកាតព្វកិច្ច ដូចដែលភាគីបានព្រមព្រៀងគ្នា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ថ្លែងថា បច្ចុប្បន្ន សំណុំរឿងលោក ថាច់ សេដ្ឋា កំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដើម្បីបន្តទៅតាមនីតិវិធី។
លោកថា៖ «ឥលូវនេះ នៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។ គេកំពុងចំណាត់ការនីតិវិធីហើយ! គេកំពុងតែស៊ើបរកការពិតហើយ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ករណីលោក ថាច់ សេដ្ឋា គួរតែមានការស៊ើបអង្កេតដោយឯករាជ្យ ចៀសវាងការជះឥទ្ធិពលនយោបាយណាមួយទៅលើសំណុំរឿងនេះ។ បើមិនដូច្នេះទេ សាធារណជននឹងរិះគន់ថា រឿងនេះពាក់ព័ន្ធនឹងហេតុផលនយោបាយ ខណៈលោក ថាច់ សេដ្ឋា ជាថ្នាក់ដឹកនាំបក្សប្រឆាំងមួយរូបដែលអាចមានលទ្ធភាពចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០២៣នេះ។
លោក ប៉ិច ពិសី ថា៖ «គាត់ជាថ្នាក់ដឹកនាំរបស់គណបក្សមួយ ដែលអាចនឹងមានលទ្ធភាពចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ អ៊ីចឹងដើម្បីចៀសវាងអំពីការយល់ឃើញរបស់សាធារណជនអំពី “ការពាក់ព័ន្ធផ្នែកនយោបាយ” ទៅលើករណីហ្នឹង ខ្ញុំគិតថាគួរតែមានការស៊ើបអង្កេតមួយដែលឯករាជ្យ ហើយផ្តល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធ»។
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើរដ្ឋាភិបាលធានានូវបរិយាកាសល្អប្រសើរ ជាពិសេសសេរីភាពនៃការបញ្ចេញមតិ សម្រាប់ពលរដ្ឋនិងសកម្មជនបក្សនយោបាយ មុនការបោះឆ្នោតជាតិមកដល់។
លោក ថាច់ សេដ្ឋា មានដើមកំណើតខ្មែរកម្ពុជាក្រោម និងជាអ្នកនយោបាយក្នុងបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្រោយចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នភ្លាមៗនៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ ពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន៥សន្លឹក ទៅឱ្យក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា លោកពិបាកវាយតម្លៃពីទំនាក់ទំនង និងដើមហេតុនៃសែកក្លែងក្លាយនេះ ខណៈសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ ហើយមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា គ្រាន់តែទទួលព័ត៌មានពីកូនក្តីប៉ុណ្ណោះ។
យ៉ាងណា លោកថា បញ្ហានេះអាចពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍នយោបាយរវាងគណបក្សកាន់អំណាច និងបក្សភ្លើងទៀន។ ដូច្នេះមានតែដោះស្រាយតាមផ្លូវនយោបាយទេ ទើបមានប្រសិទ្ធភាព។
លោក សេក សុជាតិ ថា៖ «ការជំពាក់លុយ ឬក៏ការចេញសែកក្លែងក្លាយនេះ យើងក៏មិនដឹងថាខាងណាខុស ខាងណាត្រូវ។ តែយើងគិតថា បើសិនជាតុលាការមានឯករាជ្យ គួរតែស៊ើបអង្កេតបញ្ហានេះឱ្យបានដិតដល់ ហើយនិងបញ្ជាក់អំពីទំនាស់នេះ ថាគឺជាទំនាស់របស់បុគ្គល មិនពាក់ព័ន្ធនឹងនយោបាយ។ ក៏ប៉ុន្តែប្រសិនជាថាមិនពាក់ព័ន្ធជាមួយនឹងនយោបាយ ក៏យើងពិបាកដែរ ពីព្រោះលោក ថាច់ សេដ្ឋា ដែលជាកូនបំណុល ធ្លាប់ទៅខ្ចីថវិកា ឬក៏ខ្ចីប្រាក់ពីម្ចាស់បំណុលដែលជាកូនចៅ ឬក៏ជាសាច់ញាតិរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកាន់អំណាច។ អ៊ីចឹងហើយកន្លែងនេះមួយ យើងមើលឃើញថា វាអាចមានភាពជំពាក់វាក់វិនគ្នាទៅនឹងនយោបាយ ច្រើនជាងការដែលមានទំនាស់ ឬក៏ការមិនទូទាត់ថវិកាសងទៅក្រុមហ៊ុនដែលលោក ថាច់ សេដ្ឋា បានទៅខ្ចីបុលអីហ្នឹង»៕