សហរដ្ឋអាមេរិកថា ក្រុមហ៊ុនចិនមួយចំនួនកំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន និងបានបង្ហាញពីក្តីបារម្ភនេះទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ និងត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters យកមកចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា៖ «អ្វីដែលយើងបានដឹង គឺទីក្រុងប៉េកាំងផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចដល់រុស្ស៊ី»។
ប្រភពដដែលបន្តថា មន្ត្រីអាមេរិកកំពុងទាក់ទងទៅអាជ្ញាធរចិនតាមរយៈបណ្តាញការទូត។
សហរដ្ឋអាមេរិកធ្លាប់បានព្រមានរដ្ឋាភិបាលចិនអំពីផលវិបាក ប្រសិនបើចិនផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ជីនភា (Karine Jean-Pierre) បាននិយាយថា៖ «យើងនឹងបន្តទាក់ទងជាមួយប្រទេសចិន អំពីការពាក់ព័ន្ធនឹងការផ្តល់ជំនួយជាសម្ភារដល់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក នេត ប្រាយស៍ (Ned Price) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនដឹងច្បាស់ថា ប្រទេសចិនពាក់ព័ន្ធនឹងការផ្តល់សម្ភារដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។
លោកថា៖ «យើងមានការព្រួយបារម្ភ ដែលមិនត្រឹមតែរដ្ឋាភិបាលចិនប៉ុណ្ណោះទេដែលពាក់ព័ន្ធក្នុងរឿងនេះ ប៉ុន្តែមានក្រុមហ៊ុនចិនផងដែរ»។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលទីក្រុងមូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» បានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក៕