អាមេរិក និងអាល្លឺម៉ង់ ត្រៀមបញ្ជូនរថក្រោះទៅអ៊ុយក្រែន

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (REUTERS/Fabian Bimmer)

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងប្រកាសនៅថ្ងៃពុធនេះ ក្នុងការបញ្ជូនរថក្រោះធុន​ធ្ងន់​ទៅកាន់​អ៊ុយ​ក្រែន ដែល​ទីក្រុងកៀវ​លើកឡើង​​ថា នឹងអាចធ្វើឱ្យកងទ័ពរបស់ខ្លួនមានលទ្ធភាពតទល់ជាមួយរុស្ស៊ី។

ប៉ុន្មានថ្ងៃបន្ទាប់ពីការជជែកវែកញែកចំពោះការ​ផ្ដល់​រថក្រោះតាម​សំណើរបស់​ទីក្រុង​កៀវ ទីក្រុង​​វ៉ាស៊ីនតោន បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ចាប់​ផ្តើម​ដំណើរការ​បញ្ជូន​រថក្រោះប្រយុទ្ធ M1 Abrams ទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមមន្ត្រីអាមេរិក២នាក់បានប្រាប់ Reuters កាលពីថ្ងៃអង្គារ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ។

មន្ត្រីអាមេរិកម្នាក់ទៀតបាន​និយាយ​ថា សហរដ្ឋអាមេរិក អាច​បញ្ជូន​រថក្រោះស​រុប​ប្រហែល ៣០គ្រឿង ទៅកាន់​អ៊ុយ​ក្រែន ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ទន្ទឹម​នឹង​នេះដែរ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានសម្រេចចិត្តបញ្ជូន​រថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់​ប្រទេសអ៊ុ​យ​ក្រែន និង​អនុញ្ញាត​ឱ្យ​ប្រទេសផ្សេងទៀត ដូច​ជា ​ប៉ូឡូញ ធ្វើដូច្នេះដែរ។ នេះបើយោងតាមប្រភព២ ដែល​ដឹង​ពីប​ញ្ហានេះបាន​ប្រាប់ Reuters។

ទស្សនាវដ្ដី Spiegel បាន​រាយ​ការណ៍​ថា ប្រទេស​​អាល្លឺម៉ង់​​មាន​គម្រោង​បញ្ជូន​រថក្រោះ Leopard 2 A6 សរុបចំនួន ១៤​គ្រឿង។ ប្រភព​ដដែល​បន្ត​ថា សម្ពន្ធ​មិត្ត​ផ្សេង​ទៀត ដូច​ជា ប្រទេស​ស្កង់​ឌីណាវី (Scandinavia) ក៏មានបំណងដូចប្រទេសអាល្លឺម៉ង់ ​ក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ដល់ទីក្រុងកៀវផងដែរ។

ខណៈមិនមានការបញ្ជាក់ជាផ្លូវការពីទីក្រុងបែរឡាំង ឬទីក្រុងវ៉ាស៊ីនតោន មន្ត្រីនៅទីក្រុងកៀវ បានសាទរចំពោះអ្វីដែលពួកគេបាននិយាយនោះ ដែល​នឹងធ្វើឱ្យមានការផ្លាស់ប្តូរសមរភូមិសង្គ្រាមដែលមានរយៈពេល១១ខែ។

ទីក្រុងកៀវ បានទទូចអស់រយៈពេលជាច្រើនខែ ស្នើសុំជំនួយរថក្រោះពីសម្ពន្ធលោក​ខាង​លិច ដែល​ខ្លួននិយាយថា នឹងធ្វើឱ្យទាហានរបស់ខ្លួនអាចតទល់នឹងរុស្ស៊ី និង​ដណ្តើម​យក​ទឹក​ដីដែលរុស្ស៊ីបានកាន់​កាប់​នៅ​ភាគខាងកើត និងខាងត្បូង មក​វិញ។ ដំបូង​ អាល្លឺម៉ង់ ​មាន​ភាពស្ទាក់​ស្ទើរ​​ក្នុង​ការផ្តល់ជំនួយរថ​ក្រោះដល់ទីក្រុងកៀវ ដោយគិតថា ចំណាត់ការនេះនឹងធ្វើឱ្យ​ទីក្រុង​ម៉ូស្គូ​វាយ​លុក​កាន់​តែ​ខ្លាំង​ឡើង។

វិមានក្រឹមឡាំង ធ្លាប់​បាន​និយាយ​ថា ការផ្តល់រថក្រោះនឹងមិនជួយដល់អ៊ុយក្រែនឡើយ ហើយលោកខាងលិចនឹងសោកស្តាយចំពោះទង្វើរបស់ខ្លួន ដែលគិតថាទីក្រុងកៀវនឹងឈ្នះសង្គ្រាម។

គួរបញ្ជាក់ថា​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញនូវអ្វីដែលខ្លួនហៅថាជា «ប្រតិបត្តិការយោធាពិសេស» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលទីក្រុងកៀវ និងសម្ពន្ធមិត្តលោកខាងលិច ហៅថា ជាទង្វើឈ្លានពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ