អាមេរិកបញ្ជាក់ជំហរក្នុងការគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិក NATO

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (Andrew Harnik/Pool តាមរយៈ REUTERS)

រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់​ខ្លួនសម្រាប់​ប្រទេស​ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បាន​លើកឡើង​​ថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ CNA នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) ត្រូវបានចោទសួរម្តងហើយម្តងទៀត ថា​តើទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រការចូលជាសមាជិក​របស់​ហ្វាំងឡង់ ​ដោយ​គ្មាន​ប្រទេស​ស៊ុយអែត ឬយ៉ាងណា? ប៉ុន្តែលោកបាន​បដិសេធធ្វើអត្ថាធិប្បាយ ដោយចាត់ទុកថាជា «វាជាការរំពឹងទុក និងមិនមែនជាសំណួរដែលត្រូវសួរនៅពេលនេះទេ»

លោកបន្ថែមថា៖ «ទាំងអស់នេះ គឺជាកិច្ចពិភាក្សាអំពីហ្វាំងឡង់ និងស៊ុយអែត […] [អំពី]​ការផ្លាស់ប្តូរពីសម្ពន្ធមិត្ត ២៨ប្រទេស ទៅជា ៣០ប្រទេស។ នេះជាអ្វីដែលយើងចង់ឃើញកើតឡើង»។

លោកបន្តថា៖ «ប្រទេសហ្វាំងឡង់ នឹងចូលជាសមាជិក NATO ដាច់ដោយឡែក។ យើងមិនទាន់អាចឆ្លើយបានទេ»។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត មិនគួររំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រពីប្រទេស​តួកគី សម្រាប់​​សមា​ជិក​ភាព​​របស់​ខ្លួន​ក្នុង​អង្គ​ការ​ NATO នោះឡើ​យ បន្ទាប់​​ពី​មាន​ការតវ៉ា​នៅ​ជិត​ស្ថាន​ទូត​តួកគី​ ក្នុង​ទីក្រុង​ស្តុក​ហូម (Stockholm) រួម​ទាំង​ការ​ដុតច្បាប់​ចម្លង​នៃ​គម្ពីរកូរ៉ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ