កម្មករជាង១ពាន់នាក់នៅខេត្តកំពង់ស្ពឺ តវ៉ាបិទផ្លូវជាតិលេខ៤១ ក្រោយគ្មានដំណោះស្រាយវិវាទការងារ

កម្មករបម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia) Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ផ្ទុះការតវ៉ា ក្រោយថៅកែកាត់លុយអំឡុងពេលកម្មករឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ (ផ្ដល់ឱ្យ)

កម្មករឱ្យដឹងថា ពួកគេជាង១ ០០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia) Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ផ្ទុះការតវ៉ានៅថ្ងៃពុធនេះ ដោយបិទកំណាត់ផ្លូវជាតិ​​លេខ៤១ ក្រោយថៅកែកាត់លុយអំឡុងពេលកម្មករឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិន។

កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រ​ ស្មា​ត​ស៊ើតស៍ ដែល​សុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីថា កាលពីថ្ងៃសៅរ៍ ចំថ្ងៃបុណ្យ​​ចូលឆ្នាំចិន កម្មករបម្រើការងារនៅរោងចក្រ ស្មាតស៊ើតស៍ បានឈប់សម្រាកទាំងអស់គ្នា ដោយភាគីរោងចក្រព្រមព្រៀងមិនកាត់លុយកម្មករនោះទេ ប៉ុន្តែក្រោយកម្មករឈប់សម្រាករួច គឺថៅកែបានកាត់លុយកម្មករទៅវិញ ដែលធ្វើឱ្យក្រុមកម្មករមិនសប្បាយចិត្ត ហើយផ្ទុះការតវ៉ា។

អ្នកស្រីបន្ថែមថា៖ «ការឈប់ថ្ងៃសែនចិនហ្នឹង ខាងរោងចក្រគេថា គេនឹងកាត់បំណាច់ឆ្នាំ ប៉ុន្តែក្រោយមកគេបែរជាថាកាត់លុយវិញអ៊ីចឹងកម្មករគាត់អត់ពេញចិត្ត គាត់តវ៉ា គាត់បិទផ្លូវ។ មួយទៀត រឿងថៅកែសន្យាដំឡើងលុយឱ្យប្រធាន ៦ដុល្លាររហូតពេលខាងរោងចក្រមិនទាន់បានផ្តល់ចម្លើយដល់ពួកយើងទេ»

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលតាមដានករណីកម្មករតវ៉ានេះ បានបញ្ជាក់បន្ថែមថា កម្មករបានផ្ទុះការតវ៉ារយៈពេល៣ថ្ងៃមក​ហើយ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែកម្មករ​ទើប​តែ​តវ៉ា​ដោយ​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៤១ នៅមុខរោងចក្រ នៅព្រឹក​ថ្ងៃពុធនេះ។

ប្រធានសមាគមរូបនេះ បន្តថា តាមរបាយការណ៍ដែលលោកទទួលបាន ដើមចមដែលនាំឱ្យកម្មករផ្ទុះការតវ៉ានោះ គឺថៅកែរោងចក្របានអនុញ្ញាតឱ្យកម្មករឈប់សម្រាកនៅថ្ងៃសែនចិន ដោយព្រមព្រៀងកាត់កងជាមួយបំណាច់ឆ្នាំ ប៉ុន្តែក្រោយកម្មករឈប់សម្រាករួច បែរជា​ភាគីក្រុមហ៊ុន​​កាត់លុយលើកទឹកចិត្ត (លុយព្រីម) និងប្រាក់ឈ្នួលកម្មករទៅវិញ។

លោកបន្ថែមថា៖ «អ៊ីចឹងមន្ទីរការងារ​គួរតែសម្របសម្រួលដោះស្រាយករណីនេះ កុំឱ្យទុកអូសបន្លាយយូរ ដែលធ្វើខាតបង់ទាំងសងខាង ខាត​បង់​ទាំង​កម្មករ និងនិយោជក មានន័យថា កម្មករក៏គាត់ខាតបង់ប្រាក់ឈ្នួលគាត់ ដោយសារគាត់អត់ធ្វើឱ្យនិយោជក អាហ្នឹងនិយោជកគាត់អត់គិតប្រាក់ឈ្នួលឱ្យពួកគាត់ទេ។ ទី២ និយោជកក៏ខាតបង់នូវចង្វាក់ផលិតកម្មកររបស់ពួកគាត់ដែរ»។

វីអូឌី នៅ​មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាងរោងចក្រ ស្មាតស៊ើតស៍ និងប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​ខេត្តកំពង់ស្ពឺ លោក ចឹក បូរិន បានទេ នៅថ្ងៃពុធនេះ។

របាយការណ៍របស់ក្រសួង​ឧស្សាហកម្ម បច្ចេក​វិទ្យា វិទ្យា​សាស្រ្ត និងនវានុវត្តន៍ បានឱ្យដឹងថា មានរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ បានចុះបញ្ជីក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា កើនដល់១ ៩៨២រោងចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ