កម្មករបម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia)Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤១ អស់ជាច្រើនម៉ោង ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារ ប៉ុន្តែក្រោយការចរចាទទួលបានផលជាវិជ្ជមាន ពួកគេបានរំសាយការតវ៉ា និងចូលធ្វើការងារវិញរសៀលថ្ងៃដដែលនេះ។
កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រ ស្មាតស៊ើតស៍ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យវីអូឌីដឹងថា កម្មករជាង ១ ០០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ បាននាំគ្នាតវ៉ាអស់រយៈពេល៣ថ្ងៃមកហើយ និងបានឈានដល់ការបិទកំណាត់ផ្លូវជាតិលេខ៤១ នៅព្រឹកថ្ងៃពុធនេះ ក្រោយថៅកែកាត់លុយអំឡុងពេលកម្មករឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិន។
កម្មការិនីរូបនេះ អះអាងថា កាលពីថ្ងៃសៅរ៍ ចំថ្ងៃបុណ្យចូលឆ្នាំចិន កម្មករបានឈប់សម្រាកទាំងអស់គ្នា ដោយភាគីរោងចក្រព្រមព្រៀងមិនកាត់លុយកម្មករនោះទេ ប៉ុន្តែក្រោយកម្មករឈប់សម្រាករួច គឺថៅកែបានកាត់លុយកម្មករទៅវិញ ដែលធ្វើឱ្យក្រុមកម្មករមិនសប្បាយចិត្តហើយផ្ទុះការតវ៉ា។
អ្នកស្រីបន្ថែមថា៖ «ការឈប់ថ្ងៃសែនចិនហ្នឹង ខាងរោងចក្រគេថា គេនឹងកាត់បំណាច់ឆ្នាំ ប៉ុន្តែក្រោយមក គេបែរជាថា កាត់លុយវិញ។ អ៊ីចឹងកម្មករគាត់អត់ពេញចិត្ត គាត់តវ៉ា គាត់បិទផ្លូវ។ មួយទៀត រឿងថៅកែសន្យាដំឡើងលុយឱ្យប្រធានៗ ៦ដុល្លាររហូតពេលខាងរោងចក្រមិនទាន់បានផ្តល់ចម្លើយដល់ពួកយើងទេ»។
តែយ៉ាងណា អ្នកស្រីថា ពួកគេបានចូលធ្វើការងារវិញហើយ នៅរសៀលថ្ងៃពុធនេះ ក្រោយពីថៅកែយល់ព្រមកាត់បំណាច់ឆ្នាំ ជាថ្នូរជាមួយការឈប់សម្រាករបស់កម្មករកាលថ្ងៃចូលឆ្នាំចិននោះ។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ប្រាប់វីអូឌីនៅរសៀលនេះថា កម្មករបានបើកផ្លូវ និងចូលធ្វើការងារវិញហើយ ក្រោយពីថៅកែយល់ព្រមតាមការទាមទាររបស់ពួកគេ។
ប្រធានមន្ទីរការងាររូបនេះបានបញ្ជាក់ថា កាលចូលឆ្នាំចិន ក្រុមកម្មករបានឈប់សម្រាកទាំងអស់គ្នា ដោយគ្មានការអនុញ្ញាតពីថៅកែនោះទេ ហើយថា ពេលចូលវិញ គឺថៅកែបានកាត់លុយប្រចាំថ្ងៃ ដោយរក្សាលុយប្រាក់រង្វាន់ផ្សេងៗឱ្យកម្មករដដែល ប៉ុន្តែកម្មករមិនព្រម ដោយទាមទារដោះដូរជាមួយបំណាច់ឆ្នាំវិញ ដែលបង្កើតឱ្យមានការតវ៉ាបែបនេះ។
លោកបន្ថែមថា៖ «ការសម្របសម្រួលនេះ គឺឯកភាពគ្នានូវអ្វីដែលបងប្អូនកម្មករគាត់ចង់បានដោះដូរហ្នឹង គឺខាងក្រុមហ៊ុនឯកភាពដោះដូរជូនហើយ»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាងរោងចក្រ ស្មាតស៊ើតស៍ បានទេ នៅថ្ងៃពុធនេះ។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលតាមដានករណីកម្មករតវ៉ានេះ បានបញ្ជាក់បន្ថែមថា ដើមចមដែលនាំឱ្យកម្មករផ្ទុះការតវ៉ានោះ គឺដោយសារថៅកែរោងចក្របានអនុញ្ញាតឱ្យកម្មករឈប់សម្រាកនៅថ្ងៃសែនចិន ដោយព្រមព្រៀងកាត់កងជាមួយបំណាច់ឆ្នាំ ប៉ុន្តែក្រោយកម្មករឈប់សម្រាករួច បែរជាភាគីក្រុមហ៊ុនកាត់លុយលើកទឹកចិត្ត (លុយព្រីម) និងប្រាក់ឈ្នួលកម្មករទៅវិញ។
តែយ៉ាងណា លោកសាទរក្រោយវិវាទការងារនេះទទួលបានដំណោះស្រាយ ដោយថា បើវិវាទការងារនេះនៅបន្តអូសបន្លាយ នឹងធ្វើឱ្យខាតបង់ទាំងកម្មករ និងនិយោជក។
លោកបន្ថែមថា៖ «ខាតបង់ទាំងកម្មករ និងនិយោជក មានន័យថា កម្មករក៏គាត់ខាតបង់ប្រាក់ឈ្នួលគាត់ ដោយសារគាត់អត់ធ្វើឱ្យនិយោជក អាហ្នឹងនិយោជកគាត់អត់គិតប្រាក់ឈ្នួលឱ្យពួកគាត់ទេ។ ទី២ និយោជកក៏ខាតបង់នូវចង្វាក់ផលិតកម្មរបស់ពួកគាត់ដែរ»។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានឱ្យដឹងថា មានរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ បានចុះបញ្ជីក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជាកើនដល់១ ៩៨២រោងចក្រ៕