លោក ហ៊ុន សែន បញ្ជាក់ថាកម្ពុជាមិនបានបញ្ជូនកងទ័ព និងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនបានបញ្ជូនកងទ័ព និងផ្តល់ជំនួយ​យោធាដល់ប្រទេសអ៊ុយក្រែននោះទេ ហើយការដែលកម្ពុជាជួយបណ្តុះបណ្តាល​ជំនាញ​ដោះមីនដល់មន្ត្រីជំនាញអ៊ុយក្រែននោះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិត្ស​នៅសាកលវិទ្យាល័យវេស្ទើន នាថ្ងៃព្រហស្បតិ៍នេះ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះ​ការលើកឡើងមួយចំនួន​​ នាពេលថ្មីៗនេះ ដែលថា កម្ពុជាបានផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។ លោកបានគូសបញ្ជាក់ថា កម្ពុជាមិនបានបញ្ជូនកងទ័ព និងគ្រូបណ្តុះបណ្តាលដោះមីនចូល​ទៅក្នុង​ប្រទេសអ៊ុយក្រែនឡើយ។​

លោកអះអាង​​ថា៖ «កម្ពុជា​មិន​បាន​ផ្តល់​ជំនួយយោធាឱ្យអ៊ុយក្រែនទេ កម្ពុជាគ្មានសមត្ថ​ភាព​​ដើម្បី​ផ្តល់ជំនួយ​យោធាឱ្យ​អ៊ុ​យក្រែ​នទេ។ ឯរឿងកម្ពុជាជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ សូមកុំភ័ន្តច្រឡំ! កម្ពុជាបានបញ្ជូន​កង​ទ័ពទៅធ្វើ​ការ​ដោះមីន​នៅ​ក្រៅប្រទេស រួមចំណែក​ការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលយើងឥឡូវ យើងមានកងទ័ពឈរជើងនៅ ៤ប្រទេស នៅម៉ាលី នៅសូដង់ខាងត្បូង នៅលីបង់ នៅអាហ្វ្រិកកណ្ដាល»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា៖ «ឯនៅក្នុងប្រទេសរបស់យើង យើងបានជួយបណ្តុះបណ្តាលអ្នកដែលមកតាំងពីកូឡុំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត​ មករៀនដោះមីននៅកម្ពុជា នៅកម្ពុជា!​ ហើយយើងមានមជ្ឈមណ្ឌលមីនអាស៊ាន ដែល​មាន​ទីតាំងនៅ​កម្ពុជា​។ អ៊ីចឹងខ្ញុំសូមជម្រាបថា ប្រទេសណាក៏​ដោយដែល​ចង់​មក​រៀន​ដោះ​មីន​នៅ​កម្ពុជា សូម​អញ្ជើញ រាប់ទាំងប្រទេសរុស្ស៊ី យើងជួយបណ្តុះបណ្តាលឱ្យទាំងអស់»។

កាលពីថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៣ ក្រសួងការបរទេសកម្ពុជា ក៏​បាន​​ចេញសេចក្តីថ្លែង​ការណ៍មួយ​​ដោយច្រានចោលចំពោះ​ការ​​ចេញ​​ផ្សាយព័ត៌មាន​ជាលក្ខណៈក្រាហ្វិកមួយ​​​តាម​ប្រព័ន្ធ​តេឡេក្រាមឈ្មោះ ​ Demografiya upala ដែលមាន​​ការ​​បង្ហាញ​ជំហរ​ប្រទេស​នានា​ ពាក់ព័ន្ធ​​នឹង​​សង្គ្រាម​​នៅ​អ៊ុយក្រែន ហើយ​ក្នុងនោះ ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។​

ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះ​​ថា៖ «ការ​សម្រេច​ចិត្ត​ផ្តល់​​ការ​​បណ្តុះ​បណ្តាល​​បច្ចេក​ទេស​​សម្អាត​​គ្រាប់​​មីន​ដល់​អ្នក​ដោះមីន​អ៊ុយក្រែន​ នៅ​ប្រទេស​កម្ពុជា​ ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ទីភ្នាក់​ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ [JICA] គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌​សុទ្ធសាធ​ ដែល​​ស្រដៀង​គ្នា​នឹង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​ខ្លួន​នៅ​តំបន់​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា​ ដោយ​មាន​ការ​ឧបត្ថម្ភពី​អង្គការ​សហ​ប្រជាជាតិ»។

ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ទទូច​​ឱ្យ​ប្រព័ន្ធ​តេឡេក្រាម​​ឈ្មោះ​ Demografiya upala កែ​តម្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​នោះ​ ដោយ​​ហេតុ​​ថា​ ការ​ចាត់​ចូលកម្ពុជា​ទៅក្នុង​​​ក្រុម​ប្រទេស​ដែល​ផ្តល់​ការ​​គាំទ្រ​​ខាង​​យោធា​ឱ្យអ៊ុយក្រែន​បែបនេះ​ មិន​​ត្រឹម​តែ​​មិន​​ពិត​​ទេ​ តែ​ថែមទាំង​អាច​ធ្វើ​ឱ្យខូច​ប្រយោជន៍​​​​កម្ពុជា ​ដែល​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព និង​​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ការ​បរទេស​អព្យាក្រឹត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

កាលពីពាក់កណ្តាលខែមករា ថ្មីៗនេះ កម្ពុជាបាន​ជួយ​បណ្តុះបណ្តាលរយៈពេល១សប្តាហ៍ ដល់​​​មន្ត្រីជំនាញបោសសម្អាតមីន​នៅ​​អ៊ុយក្រែន​ ពី​​ជំនាញ​នៃ​ការ​ដោះ​មីន និង​គ្រឿង​ផ្ទុះ ជាពិសេស​ឧបករណ៍រាវមីនប្រភេទផលិតនៅជប៉ុន ក្រោមកិច្ចសហការកម្ពុជា-ជប៉ុន លើសកម្មភាពកម្ចាត់មីនមនុស្សធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ