ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យទារក២ខែស្លាប់លើស្ពានជ្រោយចង្វារ មិនទាន់ចូលបំភ្លឺនៅមុខអយ្យការ

ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ផងដែរ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

តុលាការបានចេញដីកាបញ្ជាឱ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍ចូលបំភ្លឺ ពាក់ព័ន្ធនឹងរឿងបើកបរធ្វេសប្រហែសបណ្ដាលឱ្យរបួស និងមានទារកអាយុ២ខែម្នាក់ស្លាប់ លើស្ពានជ្រោយចង្វារ កាលពីខែធ្នូ ឆ្នាំមុន ប៉ុន្តែជនបង្កមិនបានចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការនោះទេ រហូតមកទល់ពេលនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើស្ពានជ្រោយចង្វារ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលជនបង្កបានបើករថយន្តម៉ាក LEXUS NX200T បុកម៉ូតូមួយគ្រឿងបណ្តាលឱ្យអ្នកបើកម៉ូតូរងបួស និងកូនប្រុសអាយុ២ខែស្លាប់។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ក្រោយពីទទួលបានសំណុំរឿងខាងលើពីមន្ត្រីនគរបាលយុត្តិធម៌ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេត ដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឱ្យជនបង្កឈ្មោះ សោម ណូរីទីឃា ចូលខ្លួន។ ប៉ុន្តែជនបង្កនោះមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការ ដើម្បីស្តាប់ចម្លើយពីអង្គហេតុនោះទេ។

ក្រោយពីស៊ើបអង្កេតចប់ ព្រមទាំងពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ និងមានរបួសអ្នកដទៃ» តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

​នៅថ្ងៃនេះ អ្នករាយការណ៍ព័ត៌មានវីអូឌី បានទាក់ទងទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដោយសួរថា សំណុំរឿងនេះដំណើរការដល់ណាហើយ? បើសិនជាជនបង្កមិនចូលបំភ្លឺតាមដីកាបញ្ជារបស់តុលាការទេ តើតុលាការនឹងបន្តនីតិវិធីដូចម្តេចទៀត? លោក ប្លង់ សុផល សុំមិនធ្វើការបកស្រាយទេ ដោយលោកឱ្យទៅពិនិត្យលើសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា ពន្យល់ថា តាមនីតិវិធីច្បាប់ កាលណាជនល្មើសណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បណ្តាលឱ្យអ្នកដទៃរបួសនិងស្លាប់ តុលាការត្រូវចេញដីកាកោះហៅឱ្យចូលខ្លួន ដើម្បីបំភ្លឺនៅចំពោះមុខតំណាងអយ្យការ ប៉ុន្តែបើជនល្មើសមិនព្រមចូលទេ នីតិវិធីបន្ត តុលាការត្រូវចេញដីកាបង្គាប់ឱ្យនាំខ្លួន ឬចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជាដើម គឺមិនបណ្តែតបណ្តោយឱ្យជនល្មើសស្ថិតនៅក្រៅសំណាញ់ច្បាប់នោះទេ។

ផ្ទុយទៅវិញ លោក ស៊ឹង សែនករុណា បានប្រៀបធៀបរឿងគ្រោះថ្នាក់ចរាចរណ៍ដែលជនបង្កបើករថយន្តបុកម៉ូតូបណ្តាលឱ្យរងបួស និងក្មេង២ខែស្លាប់ ជាមួយនឹងអ្នកនយោបាយ មន្ត្រីសិទ្ធិមនុស្ស សហជីព និងពលរដ្ឋក្រីក្រ ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដូចគ្នា គឺតុលាការតែងតែចេញដីកាបង្គាប់ឱ្យចូលខ្លួន បើសិនជាពួកគេមិនចូលបំភ្លឺទេ នឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន ឬចាប់ខ្លួន ជាដើម។

ករណីនេះ លោកជំរុញទៅតុលាការត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ដោយមិនមានការរើសអើងគ្រប់និន្នាការទាំងអស់​ ដើម្បីកុំឱ្យរងការរិះគន់លើស្ថាប័នសាម៉ីនោះផងដែរ ។

លោកមានប្រសាសន៍ថា៖ «អ្នកអនុវត្តច្បាប់ ធ្វើយ៉ាងណាអនុវត្តច្បាប់ឱ្យសកម្ម ដោយមានការទទួលខុសត្រូវខ្ពស់ ហើយបង្ហាញឱ្យសាធារណជនគេមើលឃើញថា ការអនុវត្តច្បាប់ពិតជាប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពក្នុងការបំពេញតួនាទី ដោយមិនមានការរើសអើងទៅលើអ្នកក្រីក្រ អ្នកមាន ឬក៏មានឋានៈតួនាទីខ្ពង់ខ្ពស់។ អ៊ីចឹងហើយបើមិនអនុវត្តរបៀបហ្នឹងទេ ចៀសមិនផុតទេ ពីការរិះគន់ និងការវាយតម្លៃទៅលើស្ថាប័នអនុវត្តច្បាប់ទាំងអស់ហ្នឹង»។

មាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួសដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

រីឯ​មាត្រា៨៥ វិញ ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៣ដដែល ក៏បានចែងថា ក្នុងអំពើល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១៥លានរៀល បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ការរត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ ជាដើម ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ