ករណីឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត នៅតែមិនទាន់រកឃើញអ្នកស្លាប់ជាជនជាតិខ្មែរនៅឡើយ

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

ខណៈអគារកាស៊ីណូ ហ្គ្រេនដាយ​មិន (​Grand Diamond) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែត្រូវបានរុះរើ និងវាយកម្ទេចចោល គ្រួសារកម្ពុជាមួយចំនួននៅតែរង់ចាំការផ្ដល់អត្តសញ្ញាណពីសាច់ញាតិរបស់ខ្លួនដែលបាត់បង់ក្នុងករណីអគ្គិភ័យមួយនេះ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន ២៨នាក់ បានស្លាប់នៅក្នុងអគ្គិភ័យដែលទំនងជាបណ្ដាលមកពីបញ្ហាអគ្គិសនីនៅកាស៊ីណូខាងលើនេះ កាលពីចុងខែមុន ដោយអំឡុងពេលនៃការជួយសង្គ្រោះ និងរុះរើអគារដ៏ធំមួយនេះ ជនរងគ្រោះ និងក្រុមជួយសង្គ្រោះ ក៏បានលើកឡើងពីក្ដីបារម្ភអំពីកង្វះប្រព័ន្ធប្រកាសអាសន្ន និងឧបករណ៍បាញ់ទឹក ក៏ដូចជាការជាប់គាំងនៃទ្វារ និងជណ្តើរយន្ត ផងដែរ។

ជាមួយគ្នានេះ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ៣គ្រួសារ បានលើកឡើងថា សាច់ញាតិរបស់ពួកគេបានបាត់ខ្លួនចាប់តាំងពីមានករណីអគ្គិភ័យនេះមក។

ទោះជាយ៉ាងណា អាជ្ញាធរថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ នៅតែមិនទាន់មានការកំណត់អត្តសញ្ញាណជនរងគ្រោះជាជនជាតិខ្មែរណាម្នាក់ឡើយ ក្នុងចំណោមសាកសពដែលរកឃើញទាំង២៨នាក់នោះ ខណៈសមត្ថកិច្ចក៏បានបិទបញ្ចប់ការរុករកនិងស្រាវជ្រាវ ហើយចាប់ផ្ដើមកិច្ចការងារវាយកម្ទេចអគារកាស៊ីណូនេះវិញ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ការធ្វើតេស្ត DNA បានកំណត់អត្តសញ្ញាណសាកសពចំនួនពីរបន្ថែមទៀតដែលជាជនជាតិថៃ ដោយលោកបន្ថែមថា នៅពេលបច្ចុប្បន្ន គឺនៅ​សល់​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​តែ​ពីរ​ទៀត​ប៉ុណ្ណោះ។

លោក​ថា​៖ «​យើង​កំពុងតែ​រង់ចាំ​លទ្ធផល DNA ដើម្បីបញ្ជាក់ថា​តើ​ពួកគេ​ជា​ជនជាតិ​ខ្មែរ ឬ​ថៃ​»​។

អភិបាលរងខេត្តបន្ទាយមានជ័យរូបនេះ បន្ថែមថា ការរុះរើនិងវាយកម្ទេចចោលកាស៊ីណូនេះ ត្រូវធ្វើឡើងឱ្យបានឆាប់រហ័សតាមការចង់បានដោយក្រុមហ៊ុន ខណៈអាជ្ញាធរមានភារកិច្ចត្រឹមជួយសម្រួលដល់ប្រតិបត្តិការតែប៉ុណ្ណោះ។

លោក​​ថា៖ «ការ​សម្រេច​ចិត្ត​ គឺ​ស្ថិតនៅលើ​ក្រុមហ៊ុនផ្ទាល់»។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានលើកឡើងថា រូបលោក​ក៏បាន​ដឹង​ពី​ពលរដ្ឋ​ខ្មែរចំនួន​ ៣ គ្រួសារដែល​បាត់​បង់សាច់ញាតិរបស់ពួកគេផងដែរ ប៉ុន្តែ​អាជ្ញាធរត្រូវ​រង់ចាំ​លទ្ធផល DNA ជា​មុន​សិន ដើម្បីអាចបញ្ជាក់បាន។

លោកថា៖ «ការធ្វើតេស្ត DNA គឺធ្វើឡើងនៅក្នុងប្រទេសថៃ។ នៅពេលដែលលទ្ធផលចេញមក យើងនឹងចាត់វិធានការ និងធ្វើការស៊ើបអង្កេតបន្តទៀត ហើយខណៈដែលលទ្ធផលមិនទាន់ចេញមក យើងមិនអាចធ្វើការសន្និដ្ឋានអ្វីបាននោះទេ។ សាកសពដែលរកឃើញ​ត្រូវ​បានឆេះ​ទាំង​ស្រុង ហើយ​វាពិតជា​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​បានដោយងាយៗនោះ​ទេ»។

យោងតាមស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក ប៊ុន ផេង បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ថ្ងៃអង្គារ ក្នុងនោះក៏មានអណ្ដាតភ្លើងតូចមួយឆាបឆេះចេញពីទីតាំងអគារកាស៊ីណូនេះផងដែរ ខណៈវីដេអូ​ដែលត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ឱ្យឃើញពី​ផ្សែង​ហុយ​ចេញ​ពី​អគារ និង​អណ្តាត​ភ្លើង​តាម​បង្អួច​មួយ។

ទោះជាយ៉ាងណា​ លោកបន្ថែមថា ភ្លើងដែលឆាបឆេះនោះ​ត្រូវ​បាន​​ពន្លត់ដោយកម្មករហើយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Poipet Casino Reignites during Demolition, Still No Cambodian Bodies Identified

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ