រុស្ស៊ីប្រតិកម្មខ្លាំងចំពោះអាល្លឺម៉ង់ដែលបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova ធ្វើ​កាយវិការ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ លោក Sergei Lavrov (មិន​មានក្នុង​រូបភាព) ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (REUTERS/Shamil Zhumatov)

រុស្ស៊ីបានប្រតិកម្មយ៉ាងខ្លាំង​ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ដែលអនុម័តលើការបញ្ជូនរថ​ក្រោះ Leopard 2 ទៅកាន់ប្រទេស​អ៊ុយក្រែន ដោយ​ថា​ សកម្មភាពនេះ​នឹង​បំផ្លាញទំនាក់ទំនង​រវាង​ប្រទេសទាំង២ ដោយ​មិនអាចស្តារឡើងវិញបាន​ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅក្នុងសារតាម Telegram ថា ចំណាត់ការនេះ គឺជាការបញ្ជាក់ពីការចូលរួមរបស់អាល្លឺម៉ង់នៅក្នុង «សង្គ្រាមដែលបានគ្រោងទុកជាមុន» ប្រឆាំងនឹងរុស្ស៊ី។

លើសពីនេះ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងប៊ែរឡាំង បានលើកឡើង​ថា ការសម្រេចចិត្តដែលបើកផ្លូវ​ឱ្យ​សមាជិក NATO ផ្សេងទៀតអាចបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែន នឹង​ធ្វើឱ្យជម្លោះនេះកាន់តែតានតឹងឡើង។

ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក សឺហ្គេ នេឆាយ៉េវ (Sergei Nechayev) បាននិយាយថា៖ «ការ​សម្រេចចិត្ត​ដ៏គ្រោះថ្នាក់បំផុតនេះ នឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង»។

លោក​បន្ថែមថា៖ «វានឹង​បំផ្លាញទំនាក់ទំនងរវាង​រុស្ស៊ី និងអាល្លឺម៉ង់ ដែលមិនអាចស្តា​រឡើងវិញឡើយ»។

ទីក្រុងកៀវ និងស​ម្ពន្ធមិត្តលោកខាងលិច បានលើកឡើង​ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន ​គឺជាសង្គ្រាមឈ្លានពានដណ្តើមទឹកដី។

យ៉ាងណា ទីក្រុងមូស្គូ និយាយថា លោក​ខាងលិចកំពុងប្រើអ៊ុយក្រែន ដើម្បីធ្វើឱ្យសន្តិសុខរបស់រុស្ស៊ីចុះខ្សោយ។

ទីក្រុងកៀវ បានទទូចសុំរថក្រោះពីលោកខាងលិចអស់រយៈពេលជាច្រើនខែ ដោយនិយាយថា នឹង​អាច​ឱ្យកងទ័ពរបស់ខ្លួនអាចទម្លុះខ្សែការពាររបស់រុស្ស៊ី និងដណ្តើមយកមកវិញនូវទឹកដីដែល​ត្រូវបានកាន់កាប់នៅភាគខាងកើត និងខាងត្បូង។

រុស្ស៊ី បានលើកឡើង​ម្តងហើយម្តងទៀតថា ខ្លួននឹងកម្ទេចរថក្រោះដែលបញ្ជូនទៅអ៊ុយក្រែន និងថារថក្រោះទាំងនោះនឹងធ្វើឱ្យសង្គ្រាមអូសបន្លាយកាន់តែយូរជាងមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ