តុលាការកំពូលគ្រោងប្រកាសសាលដីកាបទចោទញុះញង់លើអ្នកសារព័ត៌មាននៅដើមខែកុម្ភៈ

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

តុលាការកំពូល គ្រោងប្រកាលសាលដីកាលើ​សំណុំរឿង «ញុះញង់» ដែលចោទប្រកាន់លើ​អ្នកសារព័ត៌មាន​ឈ្មោះ កៅ ពិសិដ្ឋ នៅថ្ងៃទី០១ ខែកុម្ភៈ​ ខាងមុខនេះ ខណៈដែលក្រុមគ្រួសាររបស់លោក​យល់ថាជារឿងអយុត្តិធម៌ និង​ស្នើតុលាការដោះលែង​អ្នកសារព័ត៌មានរូបនេះឱ្យមានសេរីភាពឡើងវិញ។

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មាន​របស់គេហទំព័រ www.srbreakingnews.com ត្រូវបាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​កាលអំឡុង​ខែកក្កដា ឆ្នាំ២០២១ ​ក្រោយ​ពី​​អ្នក​សារព័ត៌មាន​រូបនោះបាន​បង្ហោះ​សារ​នៅតាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​រិះគន់​រដ្ឋាភិបាល​​អំពី​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ-១៩​ និងសុំ​ឱ្យ​​សហ​គមន៍​អន្តរ​ជាតិ​​ចាត់​វិធានការ​លើ​​រដ្ឋាភិបាល​កម្ពុជា​​ ដូចជា ការ​​ផ្ដាច់​ជំនួយ ​ជាដើម​។

លោក នួន ផានិត មេធាវីការពារសិទ្ធិឱ្យលោក កៅ ពិសិដ្ឋ ​បានលើកឡើងថា​ ក្រោយតុលាការកំពូលបើកការជំនុំជម្រះនៅថ្ងៃទី២៥ ខែមករា ប្រធានចៅក្រមជំនុំជម្រះ​សម្រេចថា សំណុំរឿងនេះ តុលាការនឹងប្រកាស​សាលដីកា​នៅថ្ងៃ​ទី​០១ ខែកុម្ភៈ​។

លោក នួន ផានិត ​បានប្រាប់វីអូឌីនៅថ្ងៃទី២៦ ខែមករា នេះថា​ កូនក្ដីរបស់ខ្លួន​​ដែលត្រូវសមត្ថកិច្ចបញ្ជូនឱ្យមកចូលរួមសវនាការផងដែរ បានថ្លែងនៅក្នុងសវនាការដោយនៅតែចាត់ទុក​ការ​បង្ហោះ​សារ​នៅតាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​រិះគន់​រដ្ឋាភិបាល​​អំពី​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ-១៩​នោះ មិនមែនជាការញុះញង់នោះទេ​ គឺគ្រាន់តែជាសេរីភាព​បញ្ចេញមតិប៉ុណ្ណោះ​។

លោកមេធាវី ​នួន ផានិត ថា៖ «កូនក្ដី តាមពិតទៅ គាត់​គិតថា​អ្វីដែលគាត់​បង្ហោះតាមរយៈហ្វេសប៊ុកហ្នឹង គឺ​ជាសេរីភាព​ក្នុងការបញ្ចេញមតិ​ នេះជាការយល់ឃើញរបស់គាត់​»។

លោក នួន ផានិត ក៏បាន​​ស្នើ​ដល់តុលាការ​កំពូល​ឱ្យ​ពិនិត្យ​ក្នុងការដោះលែងកូនក្ដីរបស់​ខ្លួន​ឱ្យមានសេរីភាពឡើងវិញតាមរយៈ​ការ​ច្រានចោលនូវ​សាលដីការបស់​សាលាឧទ្ធរណ៍​បាត់ដំបង។

ចំណែក​អ្នកស្រី​ កៅ ម៉ាលីស អាយុ៣៤ឆ្នាំ ​ដែលជាប្អូន​ស្រីរបស់​លោក កៅ ពិសិដ្ឋ ​យល់ថា ​ការ​ផ្ដន្ទាទោស​លើបងប្រុស​ខ្លួន​កន្លងមក​ គឺជារឿងអយុត្តិធម៌​​ និងស្នើ​ដល់តុលាការកំពូល​ប្រកាសដោះលែង​ឱ្យមានសេរីភាព​ឡើងវិញ​។

លោកថា៖ «​បើតាមតែបងគិតទៅ​ ដូចជាវាអយុត្តិធម៌ណាស់​ គ្រាន់តែបញ្ចេញមតិយោបល់លើហ្វេសប៊ុកក៏ត្រូវជាប់ទោសដែរអូន​។ បងមានតែសំណូមពរ​ចង់ឱ្យគាត់ដោះលែង​មុនកំណត់​ ដូចគេដាក់​២ឆ្នាំ​អ៊ីចឹង​»។

វីអូឌី មិនអាច​សុំការឆ្លើយតប​ពីអ្នកនាំ​ពាក្យ​​​តុលាការកំពូល​ អ្នកស្រី ម៉ៅ ធីតា​ បានទេ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​។​

ចំណែកនាយិកាស្ដីទី ​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា ​ករណីលោក កៅ ពិសិដ្ឋ ហាក់គ្មានសង្ឃឹមថា ​តុលាការកំពូល​នឹង​​​ទម្លាក់​ការចោទប្រកាន់នោះទេ​ ដោយសារតែ​សំណុំរឿង​នេះ​​ជាប់ពាក់ព័​ន្ធជាមួយនឹងរឿងនយោបាយ​ ​ខណៈដែលតុលា​ការពីរថ្នាក់បាន​​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​​ ដែលផ្ទុយ​ពីសកម្មភាពរបស់លោក​។

អ្នកស្រី ឆន សុគន្ធា បន្ថែមថា ប្រសិន​បើ​តុលាការកំពូលនៅតែតម្កល់សាលដីកា​សាលា​ឧទ្ធរណ៍មែន នឹងធ្វើឱ្យបាត់បង់ធនធាន​អ្នកសារព័ត៌មាន​ម្នាក់ដែល​ហ៊ាន​សរសេរពីចំណុច​ខ្វះខាតរបស់រដ្ឋាភិបាល។

អ្នកស្រីថា​៖ «​យើងស្ដាយ ប្រសិន​តុលាការគាត់តម្កល់​បទចោទរហូតដល់ពីរឆ្នាំ​។ នៅក្នុងឆ្នាំនេះ លោកនឹងចេញ។​ ប៉ុន្តែបាត់បង់ធនធានមនុស្សមួយ ​ដោយសារលោកជាអ្នកសារព័ត៌មានអាជីព​ លោកអ្នកសរសេរអត្ថបទ ហ៊ាន​សរសេរពាក់ព័ន្ធនឹង​បញ្ហាសង្គម ឬបញ្ហា​រសើប​ ពាក់ព័ន្ធ​នឹង​ក្នុងប្រទេស ឬក្នុងខេត្តមូលដ្ឋានដែលលោកធ្វើការ​»។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងខេត្តបាត់ដំបង បាន​​​​ផ្ដន្ទា​​ទោសលោក កៅ ពិសិដ្ឋ ​ឱ្យ​ជាប់ពន្ធនា​គារ​​ចំនួន​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀល ពាក់​ព័ន្ធ​​សំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «រារាំងដល់ការអនុវត្តវិធានការ» ហើយកាលពី​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ចៅក្រម​សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូងខេត្តបាត់ដំបង ទុកជាបាន​ការដដែល​។

អង្គការអ្នក​សារព័ត៌មានគ្មានព្រំដែន កាលពី​ថ្ងៃទី​​២១ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ចេញសេចក្តីថ្លែងការណ៍​​មួយ ទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង​​​លោក កៅ ពិសិដ្ឋ ជាបន្ទាន់និងឥតលក្ខ​ខណ្ឌ ដោយកាលណោះ ​​អង្គការ​អន្តរជាតិ​មួយនេះថា​ រដ្ឋាភិបាល​កម្ពុជាកំពុងប្រើលេស​ទប់ស្កាត់​ជំងឺកូវីដ-១៩ ទៅបំបិទសំឡេង​អ្នករិះគន់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ