សហជីពមួយចំនួនលើកឡើងថា កម្មករនឹងប្រឈមការបាត់បង់ការងារ បើសិនប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA របស់សហភាពអឺរ៉ុប ត្រូវដកចេញពីកម្ពុជា ខណៈបច្ចុប្បន្ននេះ មានរោងចក្រមួយចំនួនបានបិទទ្វារ និងព្យួរការងារកម្មករ ដោយសារតែគ្មានការបញ្ជាទិញ។
ការលើកឡើងរបស់សហជីពនេះ ធ្វើឡើងស្របពេលរដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត លើកឡើងថា ទោះបីប្រទេសកម្ពុជាគ្មានការអនុគ្រោះពន្ធនាំចេញ EBA និង GSP ក៏ការនាំចេញទំនិញទៅក្រៅប្រទេសនៅតែមានការកើនឡើងជាបន្តបន្ទាប់។
លោក វង្សី វិស្សុត បញ្ជាក់ក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣» នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ថាបើទោះបីគ្មានការអនុគ្រោះពន្ធនាំចេញទាំងនេះ ក៏កម្ពុជាមិនស្លាប់នោះដែរ។
លោកថា៖ «រឿង GSP អត់៣ឆ្នាំហើយ អត់ទៀតក៏អត់អីដែរ! វាលែងអី! វាធ្លាប់ហើយ! វាស៊ាំហើយ! អត់ប៉ុណ្ណឹងហើយ មើលយើងនាំចេញមើល នៅតែឡើងអ៊ីចឹង។ អា EBA ក៏អត់មានអីមកជាមួយយើង ឥឡូវ GSP ក៏អត់អីដែរ វាអត់ទៅហើយ! ឥឡូវមើលមានស្លាប់ទៅណា ត្រូវមានជំហរអ៊ីចឹង។ ថ្ងៃក្រោយ សម្ដេចតេជោ ចង្អុល មិនបាច់ពឹងអាណាទាំងអស់! រឿងអនុគ្រោះមិនត្រូវការទេ ត្រូវការតែសិទ្ធិស្មើភាពបានហើយ»។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង៩ ០០០លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនីតម្លៃជិត២ ០០០លានដុល្លារ កើនឡើង ៨៤,៨%, គ្រាប់ធញ្ញជាតិចំនួនជាង១ ២០០លានដុល្លារ ថយចុះ ៣,៧% និងស្បែកជើងចំនួន១ ៧០០លានដុល្លារ កើនឡើង ២៤,៨%។
តែយ៉ាងណា បើតាមបទបង្ហាញ ស្ដីពី«ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា កំណើនវិស័យកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំ២០២៣ នឹងថយចុះពី ១០% មកនៅ ៥,៥% ដោយសារការថមថយតម្រូវការសកល ជាពិសេសពីទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា បើការនាំចេញទំនិញនាពេលបច្ចុប្បន្នបានកើនឡើងមែននោះ វានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងកម្មករ។ ប៉ុន្តែលោកយល់ថា ការនាំទិញចេញរបស់កម្ពុជាអំឡុងពេលនេះ មិនបានកើនឡើងទេ។
លោកថា៖ «ឥឡូវកុំគិតថាកើនឡើង ព្រោះខ្ញុំផ្ទាល់គិតថាវាមិនកើនឡើង តែបើសិនកើន វាច្បាស់មានផ្ដល់ផលប្រយោជន៍ហើយ។ ខ្ញុំគិតថា បើកើនឡើង វាផ្ដល់ផលប្រយោជន៍ ប៉ុន្តែអ្វីដែលខ្ញុំគិត វាដូចជាមិនមានសញ្ញាល្អ ឱ្យមានការកើនឡើងទេ។ បើកើនឡើង ទី១ វាបង្កើតការងារ បង្កើតចំណូលជាតិ ហើយនិងបង្កើតឱកាសសម្រាប់កាត់បន្ថយការចំណាយឬជីវភាពរបស់ប្រជាពលរដ្ឋ។ បើវាមិនកើនឡើង វាបាត់បង់ការងារ វាអត់មានចំណូល វាធ្វើឱ្យពលរដ្ឋលំបាក វាមានភាពក្រីក្រច្រើន»។
បើតាមលោក អាត់ ធន់ របាយការណ៍ពីសហជីពដែលធ្វើការជាមួយលោក ក្នុងរោងចក្រប្រមាណ១០០ គឺមានរោងចក្រចំនួន១០បានបិទទ្វារ រោងចក្រចំនួន២០បានព្យួរការងារកម្មករ និងប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។
ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថា វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បច្ចុប្បន្ន ពឹងផ្អែកទៅលើប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដែលធ្វើឱ្យអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា ដោយបានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ឬកម្មករ។
លោកបន្តថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ដូច្នេះបើសិនជាកម្ពុជារក្សាប្រព័ន្ធអនុគ្រោះពន្ធដែលសហភាពអឺរ៉ុប និងអាមេរិកផ្ដល់ឱ្យបាននោះ នឹងជួយបង្កើនការងារកាន់តែច្រើនដល់កម្មករ ប៉ុន្តែសម្រាប់នៅឆ្នាំ២០២៣នេះ លោកថា កម្មករប្រឈមនឹងអត់ការងារធ្វើ ដោយសាររោងចក្រមួយចំនួនបានបិទទ្វារ ហើយខ្លះទៀតបានព្យួរការងារ ជាដើម។
លោកថា៖ «មួយវិញទៀត ខ្ញុំមើលឃើញថា ឆ្នាំ២០២៣ ស្ថានភាពនៅតាមបណ្ដារោងចក្រសហគ្រាសទាំងអស់ មិនថាស្បែកជើង សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរទេ គឺយើងឃើញមានការថយចុះនៃការបញ្ជាទិញ បញ្ហានេះ វាបានជះផលអវិជ្ជមានដល់បងប្អូនកម្មករ ដែលធ្វើឱ្យពួកគាត់ជួបប្រទះបញ្ហាធ្លាក់ចុះប្រាក់ចំណូលរបស់គាត់ តាមរយៈអី? យើងឃើញហើយ រោងចក្រមួយចំនួនមានការបិទទ្វារ ខ្លះទៀតមានការព្យួរការងារ ហើយរោងចក្រខ្លះទៀតទោះបីជាធ្វើការធម្មតាក៏ដោយ ក៏មិនបានធ្វើការពេញលេញទេ ទាំងអស់នេះ វានឹងប៉ះពាល់ប្រាក់ចំណូលដល់បងប្អូនកម្មករ»។
បញ្ហាប្រឈមផ្សេងទៀតដែលធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះនោះ លោកថា ដោយសារកត្តាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកបញ្ជាទិញពិបាកក្នុងសម្រេច ហើយបញ្ហាទាំងអស់ បណ្ដាប្រទេសផ្សេងៗក៏បានជួបប្រទះដែរ។
លោកបង្ហាញការព្រួយបារម្ភពីការអត់ការងារធ្វើរបស់កម្មករនាពេលខាងមុខ ដោយសារកង្វះអ្នកបញ្ជាទិញ ដែលធ្វើរោងចក្រខ្លះប្រឈមនឹងបិទទ្វារផងដែរ។
លោក ប៉ាវ ស៊ីណា បន្តថា ប្រសិនបើកម្ពុជាបាត់បង់ EBA និង GSP នឹងធ្វើឱ្យកម្ពុជាប្រឈមខ្លាំង ដោយធ្វើឱ្យអ្នកវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ព្រមទាំងផលិតផលធ្វើដំណើរ ងាកចេញពីកម្ពុជា។
លោកថា៖ «គេអាចងាកចេញពីកម្ពុជា ទៅស្វែងរកប្រទេសណាដែលផ្ដល់ប្រព័ន្ធអនុគ្រោះ សម្រាប់អ្នកវិនិយោគ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាយើង ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវតែគិត ត្រូវតែពិចារណា ពីព្រោះធម្មតាទេ អ្នកវិនិយោគ គេសម្លឹងមើលប្រទេសណាដែលអាចផ្ដល់ប្រាក់ចំណេញទៅដល់ក្រុមអ្នកវិនិយោគ។ ដូច្នេះ ប្រសិនបើយើងបាត់បង់ប្រព័ន្ធអនុគ្រោះទាំងពីរ EBA និង GSP អាចនឹងជះឥទ្ធិពលអាក្រក់ទៅដល់បងប្អូនកម្មករដែលកំពុងពេញការងារវិស័យនេះ»។
ចំណែកអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក កាំង ម៉ូនីកា ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា កំណើននៃវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា អាចធ្លាក់មកទាបជាងអ្វីដែលក្រសួងបានព្យាករ ដោយសារការនាំចេញទៅទីផ្សារខាងក្រៅ ជាពិសេសទីផ្សារអាមេរិក សហភាពអឺរ៉ុប អង់គ្លេស កាណាដា និងជប៉ុន ជាដើម បានថយចុះ។
លោកថា៖ «ការព្យាកររបស់ក្រសួងនេះអាចបង្ហាញពីស្ថានភាពអាក្រក់ជាងនេះ ដោយយើងមិនឃើញមានពន្លឺនៃដំណោះស្រាយចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅឡើយទេ ដែលវិបត្តិនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទន់ជង្គង់ ហើយការនាំចេញទាំងស្រុងរបស់យើងពឹងលើទីផ្សារខាងក្រៅ»។
ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាកតាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ខណៈប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុប បានបាត់បង់អស់ ២០%។ សភាអឺរ៉ុប ក៏បានព្រមានដែរថា ប្រព័ន្ធអនុគ្រោះពន្ធនៅសល់ ៨០% ទៀត អាចនឹងបាត់បង់ បើសហភាពអឺរ៉ុបរកឃើញថា ការបោះឆ្នោតនាពេលខាងមុខនេះមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕