សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានអះអាងថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេពីម្ចាស់ជំនួយនៅក្រៅប្រទេស ដោយលើកឡើងហេតុផលអំពីព័ត៌មានអវិជ្ជមាននៃសហជីពនៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានស្ថិតនៅក្នុងវិវាទជាមួយនឹងក្រុមហ៊ុនល្បែងដ៏ធំមួយនេះ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដែលកើតឡើងបន្ទាប់ពីមានករណីកម្មករជាង១ ៣០០នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ខណៈសកម្មភាពតវ៉ារបស់ពួកគេជាញឹកញាប់ ក៏តែងត្រូវបានរារាំងដោយអាជ្ញាធរនៅតាមដងផ្លូវទាំងឡាយដែលនៅក្បែរទីតាំងកាស៊ីណូផងដែរ។
សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៣រូប បានលើកឡើងដោយរំពឹងថា ពួកគេនឹងទទួលបានការផ្ទេរប្រាក់ពីអ្នកផ្ញើនៅក្រៅប្រទេស ក្នុងអំឡុងខែតុលា ដើម្បីគាំទ្រដល់អ្នកតវ៉ាដែលគ្មានការងារធ្វើ ឬបាតុករជាស្រ្តីដែលមានកូនតូច ប៉ុន្តែពួកគេបែរជាត្រូវបានជូនដំណឹងដោយបុគ្គលមួយរូបដែលអះអាងថាជាបុគ្គលិកធនាគារ ABA ថាការផ្ទេរប្រាក់ត្រូវបានរារាំងទៅវិញ។
អ្នកស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានប្រាប់វីអូឌីឱ្យដឹងថា ពួកគេរំពឹងថានឹងទទួលបានទឹកប្រាក់ចំនួន៥ ០៥០ដុល្លារក្នុងម្នាក់ៗ ដែលនឹងត្រូវផ្ទេរទៅក្នុងគណនីធនាគារ ABA របស់ពួកគេ។
ទោះជាយ៉ាងណា ពួកគេទាំង២នាក់នេះមិនដឹងថាតើថវិកានេះត្រូវបានផ្ញើមកពីណានោះទេ ខណៈប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកដែលស្នើសុំថវិកានេះ។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនសាជាថ្មី ក្រោមហេតុផលថា ល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅប្រទេសអូស្ត្រាលីវិញ។
ប្រធានសហជីពរូបនេះបានប្រាប់វីអូឌីកាលពីសប្តាហ៍មុន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញថា ជំនួយនេះគឺបានមកពីមូលនិធិ Urgent Action Fund ជាក្រុមមួយនៅប្រទេសអូស្ត្រាលី ដែលគាំទ្រចលនាដែលដឹកនាំដោយស្ត្រី។
ទោះជាយ៉ាងណា វីអូឌី មិនមិនអាចសុំការអត្ថាធិប្បាយបន្ថែមទៀតពីកញ្ញា ឈឹម ស៊ីថរ បានទេ ខណៈកញ្ញាកំពុងជាប់ឃុំ។
សម្រាប់អ្នកស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានលើកឡើងថា ពួកគេត្រូវបានទាក់ទងដាច់ដោយឡែកពីបុគ្គលិកធនាគារ ABA មួយរូប កាលពីខែតុលា ដោយនៅពេលនោះ បានសួរនាំពួកគេថានឹងធ្វើអ្វីជាមួយប្រាក់ ៥ ០៥០ដុល្លារ ដែលត្រូវបានផ្ទេរនោះ ខណៈបុគ្គលិករូបនេះក៏បានលើកឡើងពីជម្លោះរបស់សហជីព គឺជាមូលហេតុដែលប្រតិបត្តិការត្រូវបានរារាំងផងដែរ។
អ្នកស្រី ឈឹម សុខន បានបន្តថា បុគ្គលិកធនាគារ ABA រូបនោះ មានឈ្មោះថា ស្រូយ ម៉េងទី ដែលបានទាក់ទងជាលើកដំបូងមកកាន់អ្នកស្រី តាមរយៈបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី១៣ ខែតុលា និងបន្ទាប់មកទៀតនៅថ្ងៃទី១៤ និងថ្ងៃទី២៦ ក្នុងខែដដែល។
យោងតាមសារជាអក្សរ និងសំឡេង រវាងអ្នកទាំងពីរនៅលើបណ្ដាញសង្គមតេឡេក្រាម បុគ្គលិកធនាគារ ABA រូបនោះ បានជូនដំណឹងដល់អ្នកស្រី សុខន នៅថ្ងៃទី១៣ ខែតុលា ថាការផ្ទេរប្រាក់ គឺមិនដំណើរការទៅបាននោះទេ ដោយសារតែមានព័ត៌មានបែបអវិជ្ជមានអំពីក្រុមហ៊ុនណាហ្គាវើលដ៍។
ទាក់ទងនឹងសំណួរថាតើនឹងយកថវិកានេះដើម្បីធ្វើអ្វីនោះ អ្នកស្រី សុខន ក៏បានធ្វើការឆ្លើយតបថា គឺដើម្បីជួយដល់សមាជិកសហជីពដែលគ្មានការងារធ្វើ និងអ្នកដែលមានកូនតូច។
បន្ទាប់មកទៀត នៅថ្ងៃទី១៤ ខែតុលា បុគ្គលឈ្មោះ ស្រូយ ម៉េងទី ក៏ស្រាប់តែបានបន្ថែមថា៖ «មូលហេតុ [ការផ្ទេរប្រាក់មិនអាចត្រូវបានធ្វើឡើង] គឺបណ្ដាលមកពី [អ្នកស្រី សុខន] មិនមានឯកសារត្រឹមត្រូវសម្រាប់ការផ្ទេរប្រាក់ និងព័ត៌មានអវិជ្ជមានអំពីណាហ្គាវើលដ៍»។
អ្នកស្រី សុខន នៅពេលនោះ ក៏បន្តសួរបុគ្គលិកធនាគារ ABA ថាតើហេតុអ្វីបានជាការផ្ទេរប្រាក់ត្រូវបានរារាំង ហើយថាតើប្រាក់នោះត្រូវបានផ្ញើទៅកាន់ម្ចាស់ដើមនៅប្រទេសអូស្ត្រាលីវិញ និងគណនីរបស់អ្នកស្រីត្រូវបានបង្កកឬយ៉ាងណា។
រហូតដល់ថ្ងៃទី២៦ ខែតុលា ទើបមានការឆ្លើយតបថា៖ «វាជាគោលនយោបាយរបស់ធនាគារ ក្នុងករណីមានការលាងលុយកខ្វក់»។
បុគ្គលិកធនាគាររូបនោះ បន្តថា៖ «សម្រាប់ពីខាងធនាគារ ABA គឺប្រាក់នេះត្រូវបានផ្ញើត្រលប់ទៅវិញហើយ។ ប៉ុន្តែខ្ញុំមិនដឹងថាតើមានធនាគារផ្សេងទៀតពាក់ព័ន្ធដែរឬអត់នោះទេ ដូច្នេះវាផុតពីដៃរបស់យើងហើយ»។
ទាក់ទិននឹងករណីនេះ អ្នកស្រី ឈឹម សុខន បានឱ្យដឹងថា ខ្លួនក៏មានជាមន្ទិលសង្ស័យដែលថា បុគ្គលិកធនាគាររូបនោះបានផ្ញើសារមកតាមរយៈតេឡេក្រាម ដោយមិនបានប្រាប់ខ្លួនពីហេតុផលច្បាស់លាស់មួយសម្រាប់ការមិនផ្ទេរប្រាក់នេះ។
អ្នកស្រីថា៖ «ជំនួយនេះ គឺដើម្បីជួយដល់កម្មករតវ៉ាដែលគ្មានការងារធ្វើ និងអ្នកមានកូនតូច ដោយវាមិនមែនសម្រាប់ការតវ៉ានោះទេ ប៉ុន្តែសម្រាប់អ្នកដែលគ្មានការងារធ្វើ»។
សម្រាប់អគ្គលេខាធិការសហជីព អ្នកស្រី ឃ្លាំង សុបិន្ត វិញ ក៏ទទួលបានសារជាអក្សរ និងសំឡេងស្រដៀងគ្នាពីលោក ស្រូយ ម៉េងទី ផងដែរ គិតចាប់ពីថ្ងៃទី១៩ ខែតុលា ខណៈបុគ្គលរូបនេះសួរអ្នកស្រីដូចគ្នា ថាតើនឹងយកប្រាក់នេះប្រើប្រាស់សម្រាប់គោលដៅអ្វី ដោយអះអាងថា ខ្លួនត្រូវដឹងមុនពេលដែលអាចអនុញ្ញាតឱ្យប្រតិបត្តិការ [ផ្ញើប្រាក់] បន្តទៅមុខបាន។
អ្នកស្រីបានឱ្យដឹងកាលពីខែធ្នូថា៖ «គាត់ [លោក ស្រូយ ម៉េងទី] បានថ្លែងថា ត្រូវពិនិត្យមើលថាវាគ្មានបញ្ហាអ្វីកើតឡើង [ជាមួយការផ្ញើប្រាក់] នោះទើបគាត់អាចបញ្ជូនវាទៅបាន»។
ជាដំបូង អ្នកស្រីក៏មានការព្រួយបារម្ភថាគណនីរបស់ខ្លួននឹងត្រូវបានបង្កកផងដែរ ប៉ុន្តែមួយសប្តាហ៍ក្រោយមក លោក ស្រូយ ម៉េងទី បានប្រាប់អ្នកស្រីថា ប្រាក់ដែលផ្ញើត្រូវបានបិទជាអចិន្ត្រៃយ៍ ហើយត្រូវបានផ្ញើត្រលប់ទៅកាន់អ្នកផ្ញើវិញ ប៉ុន្តែអ្នកស្រីសង្កេតថា គណនីរបស់ខ្លួននៅតែដំណើរការដដែល។
ទាក់ទិននឹងករណីនេះ ទាំងអ្នកស្រី សុខន និងអ្នកស្រី សុបិន្ត បានលើកឡើងថា ពួកគេមិនច្បាស់ថាតើការរឹតបន្តឹងលើគណនីរបស់ពួកគេនេះ អាចបណ្តាលមកពីលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រៅឃុំដែលត្រូវបានដាក់លើពួកគេ បន្ទាប់ពីការចាប់ខ្លួនទាក់ទងនឹងកូដកម្មដែលកំពុងបន្តឬយ៉ាងណានោះទេ ខណៈក្រុមមេធាវីការពារក្ដីកញ្ញា ឈឹម ស៊ីថរ ធ្លាប់បានអះអាងថា ពួកគាត់មិនបានទទួលការជូនដំណឹង និងដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការឡើយ។
វីអូឌី បានព្យាយាមទាក់ទងទៅកាន់ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA លោក Igor Zimarev និងអ្នកគ្រប់គ្រងកិច្ចការសារព័ត៌មាននៃធនាគារ កញ្ញា ឃួន ពីនុជ្ជ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែពួកគេមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។
អ៊ីម៉ែលដែលបានផ្ញើទៅកាន់មូលនិធិ Urgent Action Fund នៅប្រទេសអូស្ត្រាលី ក៏មិនទាន់មានការឆ្លើយតបនៅក្នុងសប្តាហ៍នេះផងដែរ។
ខណៈមានអតិថិជនចំនួនប្រមាណជា ២,១លាននាក់ ធនាគារ ABA បានចាត់ទុកខ្លួនថាជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង៣នៅក្នុងប្រទេស។ ធនាគារនាពេលបច្ចុប្បន្នក៏មានប្រជាប្រិយភាពផងដែរ សម្រាប់វត្តមានកូដ QR ដែលបានក្លាយជាវិធីដ៏ពេញនិយមសម្រាប់ការផ្ទេរប្រាក់តាមធនាគារ។
សម្រាប់កម្មករដែលត្រូវបានបញ្ឈប់ពីការងារនៅកាស៊ីណូក្រុមហ៊ុនណាហ្គាវើលដ៍ ដែលតំណាងដោយសហជីព បានលើកឡើងថា ពួកគេកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ខណៈដំណោះស្រាយលើវិវាទការងារនេះនៅតែបន្តអូសបន្លាយ។
ការចុះបញ្ជីសហជីពក៏មិនទាន់ត្រូវបានបន្តឡើងវិញដោយក្រសួងការងារផងដែរ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំមុន ដោយក្រសួងលើកឡើងថា មេដឹកនាំដែលត្រូវបានជ្រើសរើស ដូចជា កញ្ញា ឈឹម ស៊ីថរ, អ្នកស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត លែងជាបុគ្គលិកកាស៊ីណូទៀតហើយ។
អ្នកស្រី ឃ្លាំង សុបិន្ត បានឱ្យដឹងដែរថា គណនីធនាគារផ្លូវការរបស់សហជីព ជាមួយធនាគារអេស៊ីលីដា ក៏ត្រូវបានបង្កកដោយសារតែការចុះបញ្ជីរបស់សហជីពមិនត្រូវបានបន្តផងដែរ។
ជាដំណោះស្រាយក្នុងការអាចរៃអង្គាសប្រាក់ជួយដល់កម្មករបាន សមាជិកសហជីពមួយរូប អ្នកស្រី ណុប ទិត្យបូរ៉ាវី ក៏បានចាប់ផ្តើមយុទ្ធនាការ ១ដុល្លារ ដោយក្នុងនោះមានការលើកទឹកចិត្តឱ្យបរិច្ចាគទៅក្នុងគណនីធនាគារអេស៊ីលីដាផ្ទាល់ខ្លួនរបស់អ្នកស្រីផ្ទាល់ ដើម្បីជួយដល់កម្មករដែលកំពុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុន។
ទោះជាយ៉ាងណា កាលពីខែសីហា ឆ្នាំមុន អ្នកគាំទ្រសហជីពនៅប្រទេសអូស្ត្រាលី បានព្យាយាមផ្ទេរប្រាក់ក្នុងចំនួនប្រមាណជា១ ០០០ដុល្លារ ទៅកាន់គណនីអេស៊ីលីដារបស់អ្នកស្រី ប៉ុន្តែប្រតិបត្តិការផ្ញើប្រាក់នេះមិនអាចធ្វើបាននោះទេ។
ទាក់ទិននឹងករណីនេះ អ្នកស្រី ណុប ទិត្យបូរ៉ាវី ក៏សម្រេចចិត្តសួរទៅកាន់ធនាគារអេស៊ីលីដា ថាហេតុអ្វីបានជាការផ្ទេរប្រាក់ត្រូវបានរារាំង។
អ្នកស្រីថា៖ «[អ្នកផ្ញើ] បានណែនាំខ្ញុំឱ្យសួរនាំធនាគារ ហើយខ្ញុំក៏បានទៅសួរពួកគេ។ ប៉ុន្តែខាងធនាគារបានលើកឡើងថា មិនមានបញ្ហាអ្វីជាមួយគណនីនោះទេ។ វានៅតែដំណើរការដូចធម្មតា»។
ដោយហាក់ខុសគ្នាពីករណីរបស់អ្នកស្រី សុខន និងអ្នកស្រី សុបិន្ត បុគ្គលិកធនាគារមិនបានសួរនាំអំពីទំនាក់ទំនងរបស់អ្នកស្រីជាមួយសហជីព ឬហេតុផលនៃការផ្ទេរប្រាក់ឡើយ។
អ្នកស្រី ណុប ទិត្យបូរ៉ាវី ហាក់មានអារម្មណ៍ថាប្លែក ដោយសារតែខ្លួនធ្លាប់ទទួលការផ្ទេរប្រាក់ពីបរទេសនិងការបរិច្ចាគក្នុងស្រុកជាធម្មតា កាលពីពេលកន្លងទៅ។
អ្នកស្រីក៏បង្ហាញការសោកស្តាយក្នុងការបាត់បង់ឱកាសទទួលបានការគាំទ្រដល់កម្មករ។
អ្នកស្រីបន្តថា៖ «អ្នកដែលព្យាយាមផ្ញើប្រាក់មកជួយយើងម្តងហើយម្តងទៀត គឺពួកគេមិនអាចផ្ញើវាបានទេ។ ដូច្នេះហើយពួកគេក៏ហាក់មិនសូវជាចាប់អារម្មណ៍ក្នុងការបន្តគាំទ្រយើងផងដែរ»។
ទាក់ទិននឹងករណីនេះ ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី បានស្នើឱ្យកម្មករណាហ្គាវើលដ៍ ទាក់ទងទៅបុគ្គលិកធនាគារដោយផ្ទាល់ ព្រោះលោកមិនអាចពិភាក្សាបញ្ហាទាំងនេះជាសាធារណៈបាននោះទេ។
លោកថា៖ «គាត់ [សមាជិកសហជីព] គួរតែមកជួបដោយផ្ទាល់។ សម្រាប់ករណីទាំងនេះ យើងមិនអាចដាក់ [ព័ត៌មាន] ជាសាធារណៈបានទេ។ គាត់គួរតែមក ហើយពួកគេ [បុគ្គលិកធនាគារ] នឹងពន្យល់ដល់រូបគាត់៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Banks Block Overseas Transfers to NagaWorld Union Strikers