ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបង្ហាញការព្រួយបារម្ភថា កម្ពុជានឹងពិបាកបោសសម្អាតបទឧក្រិដ្ឋលាងលុយខុសច្បាប់ និងរើខ្លួនចេញពីបញ្ជីខ្មៅនៃអំពើជួញដូរមនុស្ស បើសំឡេងរិះគន់ដែលជាតួអង្គចូលរួមជំរុញតម្លាភាពសង្គម នៅតែបន្តរងការគំរាមកំហែង ក្រោមរូបភាពអនុវត្តច្បាប់បែបស្តង់ដារកម្ពុជា។
នៅដើមខែមករានេះ នគរបាលជាតិបានហៅប្រធានអង្គការមួយចំនួនដែលសកម្មក្នុងការទាមទារយុត្តិធម៌សង្គម ទៅធ្វើកិច្ចសន្យាលុបបទចម្រៀងរ៉េប ដែលមានចំណងជើងថា «ឈាមបាតុករ» ចេញពីបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ បើទោះបីពួកគេអះអាងថា ការបង្ហោះបទចម្រៀងនោះជាសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់ ក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលលុបបំបាត់វប្បធម៌និទណ្ឌភាពក្តី។
ដោយឡែក មេដឹកនាំគណបក្សភ្លើងទៀនមួយចំនួនកំពុងជាប់បណ្ដឹងនៅតុលាការ ក្នុងនោះមានអនុប្រធានគណបក្ស គឺលោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ ជាដើម ខណៈគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយអំឡុងចុងឆ្នាំ២០១៧ នៅបន្តបិទខ្ទប់ពីសង្វៀននយោបាយនៅឡើយ។
ជាការកត់សម្គាល់ ក្រោយអវត្តមានបក្សប្រឆាំងពីសង្វៀននយោបាយ កម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅ នៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក ខណៈប្រទេសក្រីក្រមួយនេះមិនទាន់រើខ្លួនពីប្រទេសតាមដានការលាយលុយកខ្វក់នៅឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ចំណាត់ការថ្មីៗនេះជាការរឹតត្បិតបន្ថែមទៀតទៅលើតួអង្គជំរុញការកែលម្អសង្គម បង្កជាឧបសគ្គដល់ការពង្រឹងនីតិរដ្ឋ។ បញ្ហានេះ លោកបារម្ភថា សកម្មជនសិទ្ធិមនុស្ស បរិស្ថាន គណបក្សនយោបាយ នឹងត្រូវបានចាត់វិធានការបន្ថែមទៀត បើអាជ្ញាធររដ្ឋនៅតែគិតថា ការអនុវត្តច្បាប់នៅតែបន្តធ្វើតាមស្តង់ដារកម្ពុជា។
លោកយល់ថា ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ រួមទាំងរើខ្លួនចេញពីបញ្ជីខ្មៅនៃការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ទាល់តែកម្ពុជាពង្រឹងនីតិរដ្ឋ ដែលការណ៍នេះផ្តើមចេញពីការបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិ។
លោកថា៖ «សំឡេងនៃការរិះគន់ក្នុងន័យស្ថាបនានេះ […] វាដូចជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងថា អ្វីដែលរដ្ឋាភិបាលនៅមានការខ្វះខាតក្នុងការកែលម្អ អាហ្នឹងជារឿងសំខាន់ណាស់»។
លោកបារម្ភថា បើគ្មានអ្វីកែលម្អទេ កម្ពុជានឹងប្រឈមបញ្ហាធំៗ២ ដែលថា ទី១ សម្ពាធអន្តរជាតិនឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៍ខាងផ្នែកអំណោយផលសេដ្ឋកិច្ចពីលោកសេរី ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ និងទី២ ប្រឈមការកើនឡើងនូវបទល្មើសនានា រួមទាំងការជួញដូរមនុស្សឆ្លងដែនដូចដែលរដ្ឋាភិបាលធ្លាប់លើកឡើង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា បរិបទនយោបាយដែលបង្កជាការគំរាមកំហែងដល់សំឡេងរិះគន់ដើម្បីស្ថាបនា ជាការអនុវត្តផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ហើយបានលើកទឹកចិត្តឱ្យមានការប្រព្រឹត្តល្មើសច្បាប់កាន់តែកើនឡើងនៅកម្ពុជា។
លោកថា៖ «បើសិនជានៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហាក់បីដូចជាការគំាទ្រឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជារដ្ឋធម្មនុញ្ញហ្នឹងក៏មិនត្រូវបានអនុវត្តឱ្យបានពេញលេញដែរ»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន លើកឡើងថា ការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល ជុំវិញបញ្ហាបង្ក្រាបបទឧក្រិដ្ឋនៅកម្ពុជា ជារឿងត្រឹមត្រូវ ប៉ុន្តែលោកថា បញ្ហានេះ រដ្ឋាភិបាលកំពុងសហការជាមួយភាគីពាក់ព័ន្ធទប់ស្កាត់បានល្អប្រសើរមួយកម្រិតហើយ។
លោកថា៖ «ប្រទេសនីមួយៗ យើងមានច្បាប់រៀងៗខ្លួន ពិសេសច្បាប់ប្រឆាំងនឹងបទល្មើស ដូច្នេះហើយក្នុងក្របខណ្ឌដែលបទល្មើសកើតឡើងនៅកម្ពុជា គឺយើងអនុវត្តច្បាប់កម្ពុជា»។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ចែងថា «កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី សង្កេតឃើញថា ការដែលកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស និងជាប្រទេសតាមដានការលាងលុយខុសច្បាប់ រួមទាំងកើតឡើងនូវបទឧក្រិដ្ឋផ្សេងៗ ជាផលវិបាកជាក់ស្តែងកើតចេញពីការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ចាប់ពីចុងឆ្នាំ២០១៧មក ដែលមានរំលាយគណបក្សសង្គ្រោះជាតិជាបក្សប្រឆាំងធំមួយចេញពីឆាកនយោបាយ។
លោកថា បញ្ហានេះបានបង្កជាឧបសគ្គក្នុងការទាក់ទាញអ្នកវិនិយោគ និងជាឧបសគ្គក្នុងការជំរុញដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ចជាតិ និងការធ្លាក់ចុះនូវការផ្តល់សេវាយុត្តិធម៌។
បញ្ហានេះ លោកយល់ថា វិធានការច្បាប់បង្កប់នូវរូបភាពគំរាមកំហែងសំឡេងរិះគន់ដើម្បីស្ថាបនា តាមគន្លងប្រជាធិបតេយ្យ អាចនឹងធ្វើឱ្យបណ្តាប្រទេសប្រជាធិបតេយ្យ ដែលមានអំណាចធំៗខាងសេដ្ឋកិច្ចដាក់ទណ្ឌកម្ម ដែលអាចប៉ះពាល់ដល់វិស័យសំខាន់ៗនៃសសរស្ដម្ភជាតិ។
លោកថា៖ «ពិសេសវិស័យឧស្សាហកម្ម ហើយនិងវិស័យអចលនទ្រព្យ នឹងអាចមានផលប៉ះពាល់ដោយសារគេអាចចាត់ទុកថា វិស័យខ្លះហ្នឹងមានជាប់ពាក់ព័ន្ធ ឬក៏វិស័យដែលមានហានិភ័យខ្ពស់នៃការលាងលុយកខ្វក់ដែរ»។
ក្នុងអាណត្តិទី៦ ដែលកម្ពុជាបង្កើតបានរដ្ឋាភិបាលឯកបក្ស ក្រោយតុលាការកំពូលរំលាយគណបក្សប្រឆាំងចេញពីឆាកនយោបាយ បទល្មើសជាច្រើន រួមទាំងបទឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែន បទឧក្រិដ្ឋចាប់ជំរិត និងអំពើឆបោកតាមអនឡាញ ត្រូវបានរដ្ឋាភិបាលរកឃើញជាបន្តបន្ទាប់។
បញ្ហានេះ អ្នកឃ្លាំមើល អះអាងថា ក្រោយពីមានការបង្ក្រាបទ្រង់ទ្រាយធំនៅទីក្រុងម៉ាកាវ ប្រទេសចិន នាប៉ុន្មានឆ្នាំចុងក្រោយនេះរួចមក កម្ពុជាបានក្លាយជាជម្រកសុវត្ថិភាពរបស់ពួកឧក្រិដ្ឋជនយកធ្វើជាដែនដី ដើម្បីដំណើរការប្រតិបត្តិការបទល្មើសផ្សេងៗ៕