អភិបាលខេត្តកណ្ដាល ថានឹងស្វែងរកទីជម្រកសមរម្យសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំងព្រែកថី ក្នុងក្រុងតាខ្មៅ ខណៈដែលបច្ចុប្បន្នពលរដ្ឋរងផលប៉ះពាល់ចំនួន ៦៥គ្រួសារ កំពុងតែរស់នៅទីតាំងបណ្ដោះអាសន្ន។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរខេត្តបានរកទីជម្រកបណ្ដោះអាសន្នសម្រាប់ជនរងគ្រោះទាំង ៦៥គ្រួសារ រួចរាល់ហើយ ដែលមានចម្ងាយប្រហែល ១០០ម៉ែត្រ ពីទីតាំងបាក់ដី។ លោកថា អាជ្ញាធរខេត្តកំពុងស្វែងរកទីតាំងដីដល់ពួកគេ តែមិនទាន់អាចកំណត់ថ្ងៃជាក់លាក់នៅឡើយទេ។
លោកបន្តថា៖ «ហើយទីពីរ យើងកំពុងគិតជំហានបន្តទៀត ដើម្បីរកកន្លែងជ្រកកោនឱ្យបានសមរម្យ ក្នុងពេលបន្តរកហើយ យើងអត់អាចនិយាយថ្ងៃនេះ ថ្ងៃណោះ តែយើងនឹងខិតខំឱ្យបានឆាប់»។
ពលរដ្ឋដែលរងផលប៉ះពាល់ពីការបាក់ច្រាំងព្រែកថី អ្នកស្រី ផន យ៉ានី បានឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋចំនួន៤៣គ្រួសារបានផ្លាស់ទីលំនៅទៅកាន់ទីកន្លែងដែលរដ្ឋបានរៀបចំឱ្យ រស់នៅជាបណ្ដោះអាសន្ន ក្នុងរយៈពេលពីរសប្ដាហ៍ ក្នុងទំហំផ្ទះ ២៥ម៉ែត្រការ៉េ ដែលធ្វើអំពីដែក និងកុងផ្លាកេ និងគ្រួសារទាំង២៣ ក្នុងភូមិព្រែកសំរោង កំពុងតែរើដូចគ្នាដែរ។
អ្នកស្រីបន្ថែមថា គ្រួសារដែលរងផលប៉ះពាល់ទាំងនោះទន្ទឹងរង់ចាំការជួយរបស់រដ្ឋាភិបាល ដោយពួកគេស្នើសុំដីសម្បទានពីរដ្ឋាភិបាល ព្រោះអ្នកស្រីថា ពលរដ្ឋមិនមានលទ្ធភាពក្នុងការទិញដីនោះឡើយ។
អ្នកស្រីថា៖ «មានលទ្ធភាពឯណាទិញ? មានតែសង្ឃឹមលើរដ្ឋាភិបាលហើយ ដែលរកទីជម្រកឱ្យកូនៗគ្រប់គ្នា ព្រោះអត់មានសល់អីសោះហើយ។ ការងារប្រកបអាជីវកម្ម ទាំងដែលដីមិនទាន់បាក់ស្រុត [បាន]មកគ្រាន់បង់ធនាគារ ហើយដល់បាក់ដីមក ការងារក៏មិនសូវមាន»។
ចៅសង្កាត់រងទី២ នៃសង្កាត់រកាខ្ពស់ លោក សោម សារិន បានឱ្យដឹងថា មកទល់ពេលនេះ រដ្ឋមិនទាន់មានគោលការណ៍សម្រេចថាឱ្យពលរដ្ឋទៅរស់នៅទីណានៅឡើយទេ ដោយបច្ចុប្បន្ន គ្រួសាររងគ្រោះទាំង៤៣ នៃភូមិព្រែកថី បានរើមករស់នៅបណ្ដោះអាសន្នហើយ ចំណែកគ្រួសារទាំង២២ នៃភូមិព្រែកសំរោង មិនទាន់មកនៅឡើយទេ ដោយសារតែទីតាំងបណ្ដោះអាសន្នមិនទាន់រៀបចំហើយ។
លោកថា៖ «ខ្ញុំមិនទាន់ហ៊ានសន្មតថាយ៉ាងម៉េចដែរ មិនដឹងថាសន្មតប៉ុន្មានខែដែរ! គាត់ថាឱ្យនៅបណ្ដោះអាសន្នសិន ខ្ញុំអត់ដឹងដែរ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ថាក្រៅតែពីរកទីជម្រកបណ្ដោះអាសន្ន រដ្ឋក៏ត្រូវផ្ដល់ទីតាំងអចិន្ត្រៃយ៍សមរម្យដល់ពលរដ្ឋ។
លោក វណ្ណ សុផាត នៅតែយល់ថា រដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកទីតាំងដីសមរម្យសម្រាប់គ្រួសាររងគ្រោះទាំងនោះ។
លោកថា៖ «បើនិយាយពីការដោះស្រាយ ឱ្យតែរដ្ឋមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ មិនខ្វះទេដីរដ្ឋ! ដីឯកជនរបស់រដ្ឋ! ឬដីអីកន្លែងណា! ព្រោះដីយើងដឹងហើយ ជួនកាលកាត់ឱ្យឯកជន ឬកាត់ក្រុមហ៊ុនមួយគំនរ! សម្រាប់ពលរដ្ឋរស់នៅប៉ុណ្ណឹង បើរដ្ឋថាអត់មានដី អត់ទំនង»។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ផ្ទះពលរដ្ឋចំនួន ៦៥គ្រួសារ ស្មើ៦១ខ្នងផ្ទះ ស្ថិតនៅភូមិព្រែកថី និងភូមិព្រែកសំរោង នៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងផលប៉ះពាល់ពីការបាក់ដី ដោយផ្ទះចំនួន៦ខ្នងបានបាក់ធ្លាក់ចូលទឹកព្រែក ហើយផ្ទះផ្សេងទៀតអាជ្ញាធរតម្រូវឱ្យរើចេញ៕