ក្រសួងសុខាភិបាល ស្នើអាជ្ញាធរចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលកំពុងឈរជើងនៅតាមដងផ្លូវសាធារណៈ រង់ចាំដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ .
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ទៅកាន់អភិបាលរាជធានី-ខេត្ត ឱ្យដឹងថា ទោះបីកន្លងមក ក្រសួងធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសារួចហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវឡើយ។
ក្រសួងបញ្ជាក់ថា មូលហេតុដែលក្រសួងណែនាំដូច្នេះ ដោយសាររថយន្ដសង្គ្រោះទាំងនោះពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវនិងគ្រប់គ្រាន់ ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជនរងគ្រោះ។
ក្រសួងសុខាភិបាល ស្នើទៅអភិបាលរាជធានី-ខេត្ដទាំងអស់ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះ បម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ក្រសួងបន្ថែមថា៖ «សូមឯកឧត្ដមលោកជំទាវ [អភិបាលរាជធានី-ខេត្ត] ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទប្បញ្ញត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។
អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង មានប្រសាសន៍ថា ការណែនាំជាថ្មីទៀតនេះ គឺដើម្បីពង្រឹងផ្នែករថយន្តគិលានសង្គ្រោះនៅតាមរាជធានី-ខេត្តឱ្យកាន់តែល្អប្រសើរ។
លោកថា៖ «រថយន្តសង្គ្រោះខុសច្បាប់ដែលគាត់ធ្វើចរាចណ៍មិនប្រក្រតី នៅតែមានតាមដងផ្លូវ ដែលវាប៉ះពាល់ ហើយដែលវាមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ អ៊ីចឹងហើយបានក្រសួងចេញលិខិត ដើម្បីណែនាំបន្ថែម បានន័យថា រថយន្តគិលានសង្គ្រោះ គឺមានទាំងសម្ភារ បរិក្ខារផង ហើយនិងមានទាំងបុគ្គលិកសុខាភិបាលដែលបម្រើការនៅលើរថយន្តហ្នឹង គឺថាគាត់ត្រូវមានជំនាញសង្គ្រោះបន្ទាន់នៅនឹងកន្លែង ឬលើកដាក់ជនរងគ្រោះហ្នឹង គឺយើងត្រូវតាមបច្ចេកទេស»។
បើតាមលោក ហុក គឹមចេង នៅតាមបណ្ដាមន្ទីរពេទ្យបង្អែកខណ្ឌ និងស្រុកនីមួយៗ គឺមានរថយន្តគិលានសង្គ្រោះមួយគ្រឿងនៅប្រចាំការ។
អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា មានប្រសាសន៍ថា នៅខេត្តស្វាយរៀងមិនមានរថយន្តសង្រ្គោះអនាធិបតេយ្យដែលដណ្តើមគ្នាដឹកជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនោះទេ។ ប៉ុន្តែយ៉ាងណា លោកថា អាជ្ញាធរខេត្តនឹងអនុវត្តទៅតាមលិខិតរបស់ក្រសួងសុខាភិបាល។
លោកថា៖ «[ខេត្ត]ស្វាយរៀងខ្ញុំ អត់មានបញ្ហាអនាធិបតេយ្យ រឿងរថយន្តសង្គ្រោះដណ្ដើមគ្នា តាមដងផ្លូវអីទេ។ ក្រោយពីទទួលបានការណែនាំលិខិតនេះមកដល់ខេត្ត ឯកឧត្តមអភិបាលខេត្ត គាត់មានវិធានការ។ អ៊ីចឹងក្រុមការងារបានគិតគូរហើយ គ្រប់គ្រងរថយន្តសង្គ្រោះនៅមន្ទីរព្យាបាល ឬព្យាបាលឯកជនណាដែលមាន អ៊ីចឹងធ្វើកិច្ចសន្យា យើងណែនាំ ចុះអីអ៊ីចឹង ដើម្បីអ៊ីចឹង។ ប៉ុន្តែជាទូទៅ ដែលខ្ញុំទទួលការងារនេះ ពុំមានភាពអនាធិបតេយ្យក្នុងការធ្វើទៅលើការដណ្ដើមការសង្គ្រោះរបស់រថយន្តឯកជនទេ តែផ្ទុយទៅវិញ រថយន្តរបស់រដ្ឋយើង គឺបម្រើការជូនប្រជាពលរដ្ឋបានពេញលេញតែម្ដង រួមទាំងគ្រូពេទ្យដែលនៅក្នុងរថយន្តអីទាំងអស់ហ្នឹង»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី គាំទ្រចំពោះលិខិតណែនាំរបស់ក្រសួង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងគ្រោះ ប៉ុន្តែលោកស្នើកុំឱ្យមានការរើសអើង ទោះអ្នករងគ្រោះជាប្រជាពលរដ្ឋក្រីក្រក៏ដោយ។
លោកបញ្ជាក់ថា បើរថយន្តសង្គ្រោះបន្ទាន់ដែលដឹកអ្នកជំងឺដោយមិនមានឧបករណ៍ និងបរិក្ខារគ្រប់គ្រាន់ ព្រមទាំងមិនមានមន្ត្រីជំនាញទេ នោះវាហាក់ដូចជាយកជនរងគ្រោះទៅសម្លាប់ដែរ។
លោកថា៖ «តាមក្រសួងលើកឡើង វាជារឿងល្អប្រសើរ ដើម្បីពង្រឹងច្បាប់សុខាភិបាលឱ្យបានរឹងមាំ ព្រោះរថយន្តសង្គ្រោះមួយៗចូលទៅ វាត្រូវមានម៉ាស៊ីនត្រជាក់ មានអុកស៊ីសែន មានប្រដាប់សង្គ្រោះបេះដូង វាមានបីទៅបួនប្រភេទ ហើយមានឧបករណ៍ធ្វើចលនាដង្ហើមគាត់ទៀត។ បើគ្មានឧបករណ៍ និងមន្ត្រីជំនាញទេ ដូចយកគាត់ទៅសម្លាប់អ៊ីចឹង ហើយគាត់គិតលុយគេ អាហ្នឹងជារឿងមួយអយុត្តិធម៌ដែលយើងឃើញមានកន្លងមក»។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាលក៏ធ្លាប់ស្នើទៅអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះម្ចាស់គ្លីនិកឯកជនដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយករថយន្តពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះត្រឹមត្រូវ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឬសាកសពនៅតាមដងផ្លូវ ជាដើម៕