ព្រះសង្ឃ​និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​រៃ​អង្គាស​ថវិកា​ជួយ​កុមារ​ក្រីក្រ​តាម​ជន​បទ

ព្រះតេជព្រះគុណ គង់ ជីវន្ត (ព្រះហស្ថកាន់កាមេរ៉ាគង់ឈរតែអង្គឯង) គង់នៅវត្តមហាមន្ត្រី នារាជធានីភ្នំពេញ ចូលរួមសកម្មភាពចែកសម្ភារៈដល់កុមារក្រីក្រនៅខេត្តព្រៃវែង កាលពីថ្ងៃ១០ ខែ កញ្ញា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

ព្រះសង្ឃ និង​យុវជនស្ម័គ្រចិត្តមួយក្រុម បានរៃអង្គាសថវិកានៅលើបណ្តាញសង្គម ដើម្បីជួយ​ដល់​សិស្សា​នុសិស្សតាមជនបទ នៅតំបន់ដាច់ស្រយាលក្នុងខេត្តចំនួនពីរ គឺខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ស្របពេលដែលពួកគេកំពុងជួបការលំបាកក្នុងការសិក្សា។

តំណាងក្រុមយុវជនស្ម័គ្រចិត្ត​ ព្រះតេជព្រះគុណ គង់ ជីវ័ន្ត គង់នៅវត្តមហាមន្រី្ត រាជធានីភ្នំពេញមានថេរដីកាថា ការប​ង្កើតឱ្យមានជាសកម្មភាពសប្បុរសធម៌នេះឡើង ដោយសារព្រះអង្គមើលឃើញ​កា​​រខ្វះខាត និងតម្រូវការរបស់សិស្សានុសិស្សក្រីក្រតាមជនបទដាច់ស្រយាល ហើយ​​ពួក​​គេ​​ទាំងនោះកំពុងជួបការលំបាក។ ព្រះអង្គបន្តថា ក្នុងនាមការងារស្ម័គ្រចិត្តនេះ នឹងព្យា​យាម​​រក​​ថ​វិ​កា​​ដើម្បីទិញសម្ភារៈសិក្សាសម្រាប់កុមារក្រីក្រទៅ​​​តាមលទ្ធភាព​​ដែលអាចធ្វើទៅបាន។

ព្រះអង្គមានថេរដីកាថា៖«អាត្មាសម្លឹងមើលឃើញនៅភាពខ្វះខាតនិងទុក្ខលំបាករបស់ពួកគាត់  [ក្មេងៗ] គាត់ពិតជាត្រូវការជំនួយពីសប្បុរសជនមែនទែន[…] ដូច្នេះអាត្មាភាពនៅតែបន្តធ្វើកម្មភាពការងារស្ម័គ្រចិត្តនេះរហូត ដរាណាអាត្មាភាពនៅមានជីវិត​»។

ព្រះអង្គបន្ថែមថា៖«សម្រាប់អាត្មាផ្ទាល់ ទោះបីរបស់ហ្នឹង[សម្ភារៈ]វាតិចតួចក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកដែលខ្វះខាតគឺពិតជាសំខាន់ណាស់សម្រាប់ពួកគាត់[ក្មេងៗ]»។

បើតាមព្រះតេជ​ព្រះគុណ គង់ ជីវ័ន្ត ក្រុមការងារស្ម័គ្រចិត្តមានគម្រោងជួយដល់សិស្សានុ​​សិ​​ស្ស​​​​​​ក្រីក្រ ​នៅសាលាបឋមសិក្សាឡៅការ ស្ថិតក្នុងភូមិពូតាំង ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៨ ដល់ ២​​​៩​ ខែមករា ឆ្នាំ២០២៣។ ​ចំណែកថ្ងៃទី ៥ ខែកុម្ភៈ ​ឆ្នាំ២០២៣ នឹងបន្តនៅសាលាបឋមសិក្សាយ​​ស​​​វិន័យ ស្ថិតនៅក្នុងភូមិផ្ទះចេក ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិញម្តង។

ស្ថិតក្នុងព្រះជន្ម​ ២១ ព្រះវស្សាព្រះអង្គមានថេរដីកាបន្តថា យុវជនជា​ធនធានស្នូល​នៅក្នុង​ការ​កំ​​​ណ​​ត់​​​​​​​​​​​អនាគត​របស់​សង្គម​ជាតិ។ ដូច្នេះត្រូវឆ្លៀតឱកាសជួយបណ្តុះផ្នត់គំនិតដល់យុវជន និងសិស្សា​​នុសិ​​ស្ស​​​​​ឱ្យមានគតិបណ្ឌិតក្នុងខ្លួន និងមានមនសិការសង្គមជាតិដើម្បីឱ្យប្រទេសជាតិមានការអភិ​​វឌ្ឍន៍។ ព្រះអង្គបន្ថែមថា សង្គម​មួយ​រីកចម្រើន និងអភិវឌ្ឍន៍​ខ្លាំងជា​សង្គម​ដែលសម្បូរដោយធនធានមនុស្ស​ខ្លាំង ពោល​គឺជា​ធនធានមនុស្ស​ដែលមាន​ការអប់រំ​ខ្ពស់ មាន​ការគិត​ស៊ីជម្រៅ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ និង​មានភាពជា​ពលរដ្ឋ​ល្អចេះជួយយកអាសាគ្នា និងសាមគ្គីគ្នាជាដើម។

ព្រះអង្គបន្តថា៖«អាត្មាគឺចង់ឃើញសង្គមមួយដែលសម្បូរទៅដោយយុវជនមានចំណេះដឹងខ្លាំងអាចជួយដល់សង្គមបាន បុគ្គលម្នាក់អាចជួយដល់មនុស្ស ១០០នាក់ អ៊ឹចឹងបុគ្គល ១០០នាក់អាចជួយដល់មនុស្ស ១,០០០នាក់ប្រសិនបើពួកគាត់យល់អំពីគោលបំណងរបស់ក្រុមការងារអាត្មា»។

ស្រដៀងគ្នានេះដែរ និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តម្នាក់ទៀតគឺយុវតី ហួរ ស៊ីវម៉េង បានឱ្យដឹងថា ការចូលរួមការងារស្ម័គ្រចិត្តគឺជាក្តីស្រលាញ់ និងជាវិធីដ៏ល្អមួយសម្រាប់កញ្ញាដើម្បីចង់ឃើញការផ្លាស់ប្តូររួមទាំងការកែប្រែក្នុងសហគមន៍ឱ្យរួចផុតពីភាពក្រីក្រ ជាពិសេសចង់ស្គាល់ឱ្យកាន់តែច្បាស់អំពីការរស់នៅរបស់សិស្សានុសិស្សតាមជនបទ។ កញ្ញបន្តថា កញ្ញាក៏ជាអ្នកខ្វះខាតកាលពីក្មេ​ងៗហេតុ ដូច្នេះហើយទើបធ្វើឱ្យកញ្ញាមានផ្នត់គំនិតមួយគឺត្រូវចូលរួមការងារស្ម័គ្រចិត្តជួយទៅដល់​​កុមារ ហើយវាជាចំណែកនាំមកនូវអ្វីដែលល្អប្រសើរចំពោះសង្គម។

កញ្ញាបន្តថា៖«ទីមួយក្តីស្រឡាញ់សម្រាប់ទីពីរគឺការចង់ជួយចែករំលែកទៅដល់ពួកគាត់ ដោយសារតែកាលពីមុនមក ខ្ញុំក៏មានការខ្វះខាតដូចគ្នាអ៊ីចឹងដែរ ខ្ញុំក៏ធ្លាប់រស់នៅទីជនបទដូចគ្នា»។

កញ្ញា ហួរ ស៊ីវម៉េង ដែលមានវ័យ ២១ឆ្នាំរូបនេះបានប្រាប់ថា ថវិកាដែលប្រមូលបានក្នុងពេលបច្ចុ​​ប្ប​​ន្នមាន​ជាង ៣ ០០០ ដុល្លារអាមេរិក ខណៈទំហំថវិកាគ្រោងចំណាយប្រមាណ៤ ០​​០​០​​​​​ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ យុវតីរូបនេះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធនឹងវិស័យអប់រំ និងសប្បុរសជ​​ន​​​​​​​នានា គួរជួយឧប​​ត្ថ​​ម្ភ​​ដល់សិស្សានុសិស្សដែលកំពុងខ្វះខាតសម្ភារៈសិក្សា។ បន្ថែមពី​នេះ ក្រុ​​ម​​​ការងារស្ម័គ្រចិត្ត ក៏បានរួមចំណែកសង់បណ្ណា​​ល័យដើម្បីទុកឱ្យពួកគេបានសិក្សារៀនសូត្របន្តទៀ​ត​​ដែរ។

កញ្ញាបន្ថែមថា៖«ជាសំណូមពរពីពួកគាត់[ក្មេងៗ]គឺពួកគាត់ចង់បានកាតាប សៀវភៅសរសេរ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប ហើយ Color ផាត់ពណ៌ជាដើម ហើយអ្វីដែលពួកគាត់មានតម្រូវការខ្លាំងបន្ថែមទៀតហ្នឹងគឺបណ្ណាល័យគឺពួកគាត់អត់មានជាបន្ទប់បណ្ណាល័យទេ»។

រដ្ឋធម្មនុញ មាត្រា៦៨ បានចែងថា រដ្ឋាភិបាលត្រូវផ្ដល់​ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិ​​ក្សា​ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សា ជា​មូលដ្ឋានយ៉ាងហោ​ចណាស់ត្រឹមថ្នាក់ទី៩ ហើយរដ្ឋត្រូវមានកាតព្វកិច្ច​​ជួយផ្សព្វផ្សាយ និងលើកតម្កើង​​សាលា​​បា​​លី​ និងពុទ្ធិកសិក្សា។

ដោយឡែក នាយកសាលាបឋមសិក្សាឡៅការ​ ខេត្តមណ្ឌលគិរី លោកស្រី ជា សុធា  ប្រាប់វីអូឌីថា កុមារដែលកំពុងសិក្សាក្នុងសាលាមួយនេះ ពិតជាកំពុងជួបការលំបាកពិតមែន ដោយខ្វះខាត សម្ភារៈសិក្សាដូចជា សៀវភៅ ប៊ិច កាតាប ខណៈ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាក៏ប្រឈមការខ្វះខាតថែ​​មទៀត។ អ្នកស្រីបន្តថា ការចូលរួមចំណែកជួយសម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រនៅសា​​លា​​ក្នុងសាលាបឋមសិក្សាឡៅការ គឺជាការលើកទឹកចិត្តឱ្យកុមារដែលជួបការលំបាកនឹងបន្តការរៀន​​សូត្រទៅមុខទៀត។

លោកស្រីបន្តថា៖«ខ្ញុំសប្បាយចិត្តដែលពួកលោកគ្រូ អ្នកគ្រូ [ក្រុមយុវជនស្ម័គ្រចិត្ត] បានមកចែកជូនសម្ភារសិក្សាដល់ក្មេងៗក្រីក្រនៅនេះ សប្បាយចិត្ត។បើអាចសុំជួយបណ្ណាល័យសិក្សាមួយទៀតមក ដើម្បីទុកឱ្យពួកគាត់[សិស្ស] បានរៀនសូត្រ»។

ទាក់ទិនរឿងនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត មិនអាចសុំការឆ្លើយបតបានទេនៅថ្ងៃសៅរ៍ ដោយទូរសព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

ចំណែក លោក នាង​ វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ទទួលស្គាល់ថា សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ពិតជាកំពុងជួបការលំបាកពិតមែន ហើយថា សក​​ម្មភា​​ព​​រប​​​​ស់ក្រុមយុវជនស្ម័គ្រចិត្តនេះ ពិតជាបានចូលរួមចំណែកជាមួយអាជ្ញាធរដោះស្រាយការលំបាកដល់ការសិ​​​ក្សា​របស់កុមមារទាំងនោះបានមួយចំណែកដែរ។

លោកថា៖«ខ្ញុំយល់ថាជាទឹកចិត្តសប្បុរសធម៌របស់ពួកគាត់ដែមានឆន្ទៈមនសិការចង់ចូលរួមក្នុងការងារសង្គម ព្រោះនិយាយទៅនៅតំបន់ដាច់ស្រយាលវាមានការខ្វះខាតច្រើន បើបានពួកគាត់ (យុវជនស្ម័គ្រចិត្ត) ចូលរួមជួយជារឿងល្អដែរ»។

លោកបន្ថែមថា៖«រដ្ឋបាលខេត្តយើងក៏បានចូលរួមចំណែកជួយដែរ ហើយបងប្អូនប្រជាពលរដ្ឋហ្នឹងគាត់ខ្វះខាតច្រើនណាស់ ខ្វះខាតច្រើននៅតំបន់ដាច់ស្រយាលនៅខេត្តមណ្ឌលគិរីយើង។ បើបានខាងប្អូនៗក្រុមយុវជនជួយបានច្រើនក៏បានចូលរួមជាមួយរដ្ឋបាលខេត្តជួយបានច្រើនដែរ ព្រោះរដ្ឋបាលខេត្តក៏សស្រាក់សស្រាំដែរ»។

យ៉ាងនេះក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិម​អេង ​សាទរចំពោះគំនិតផ្តួចផ្តើមនៃការរៃអង្គាសថវិកាដើម្បីជួយដល់សិស្សានុសិស្សក្រីក្រតាមជនបទ​​។ ​​បន្ថែមពីនេះ លោកថារដ្ឋាភិបាលគួរ មានយន្តការជួយដល់កុមារនៅតំបន់ដាច់ស្រយាលបន្ថែមទៀ​​ត​​ដើម្បីឱ្យពួកគេទទួលបានការគាំពារ ដូចកុមារនៅតំបន់មានការអភិវឌ្ឍផងដែរ។

លោកបន្តថា៖«រដ្ឋគួរតែពង្រីកវិសាលភាពនៃការជួយហ្នឹងដែរទៅដល់កូនសិស្សដែលគ្នាក្រីក្រឱ្យគ្នាបានចូលរៀន បានរៀនបានសូត្រ»។

លោកបន្ថែមទៀតថា៖«កុំទុកគាត់ចោល កុំឱ្យគ្នា[កុមារ]បាត់បង់ក្នុងការសិក្សា គាត់ក្រីក្រ ប៉ុន្តែគំ​​និ​ត​​​​ស្មារតីរបស់ពួកគាត់គឺមាន ប៉ុន្តែអត់មានលទ្ធភាព ហើយការអត់លទ្ធភាពនេះប្រសិនបើយើងអត់ទៅជួយគាត់ទេ យើងអត់បានគិតគូរជួយដល់គាត់ទេ គាត់ខកខានអត់បានរៀនសូត្រគឺមានន័យថាយើងកំពុងបាត់បង់ធនធានមនុស្សសំខាន់ហើយ»។

កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការ​​ងា​រ ​ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ជំរុញឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត។

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ ក្នុងខែមីនា ឆ្នាំ ២០២២ ឱ្យដឹងថា សា​​​លាបឋមសិក្សានៅកម្ពុជាបានកើនឡើង ១២៧ សាលារៀនបន្ថែមទៀត ដែលមាន ៧ ៨៤៣ សា​​​​លារៀនសម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

តួលេខនេះ បើធៀបក្នុងរយៈពេល​​ដូចគ្នាក្នុង​​ឆ្នាំ​​សិ​ក្សា ២០១៨-២០១៨ មានត្រឹម ៧ ៧១៦ សា​​លា​​រៀន​ទេ ក្នុងនោះសាលាឯកជនជិត ៥០០​​សា​​លា(៤៨៨) សម្រាប់ឆ្នាំសិក្សា ២០១៨-២​​០​​១​​៩ និង​​បា​​​​ន​កើនឡើងជាង ៥០០សាលា​​(៥៣​​​៩​​​)សម្រាប់​​​ឆ្នាំសិក្សា ២០២០-២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ