រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) នៅថ្ងៃអាទិត្យម្សិលមិញនេះ បានទៅដល់ប្រទេសអេហ្ស៊ីប ជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលអំពើហិង្សាមានការផ្ទុះឡើងខ្លាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃចន្ទនេះ ក៏នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សេរុយសាឡឹម (Jerusalem) ខណៈនាយករដ្ឋអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏ធ្លាប់បានលើកឡើងជាការព្រួយបារម្ភទាំងក្នុងប្រទេស និងក្រៅប្រទេស អំពីអនាគតរបស់អ៊ីស្រាអែល និងការជាប់គាំងក្នុងកិច្ចចរចាសន្តិភាពជាមួយប៉ាឡេស្ទីន។
សម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋបាលអ៊ីស្រាអែលថ្មី លោក អេនតូនី ប្លីនខេន ក៏គ្រោងនឹងលើកឡើងអំពីការអំពាវនាវរបស់អាមេរិកសាជាថ្មីម្តងទៀត ឱ្យមានការអត់ធ្មត់ និងសង្កត់ធ្ងន់លើការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះដំណោះស្រាយក្នុងតំបន់ បើទោះបីជាមន្ត្រីសហរដ្ឋអាមេរិកទទួលស្គាល់ថា ការចរចាសន្តិភាពទំនងជាមិនងាយស្រួលយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ាម៉ាឡោះ (Ramallah) ដើម្បីជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh ផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក អេនតូនី ប្លីនខេន មកកាន់តំបន់មជ្ឈិមបូព៌ានេះ ក៏កើតឡើងបន្ទាប់ពីមានករណីខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនម្នាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបាញ់សម្លាប់មនុស្ស ៧នាក់ នៅខាងក្រៅទីតាំងសាសនាមួយក្នុងទីក្រុង Jerusalem ដែលជាការវាយប្រហារដ៏អាក្រក់បំផុតលើប្រជាជនអ៊ីស្រាអែលនៅក្នុងតំបន់នេះ គិតចាប់តាំងពីឆ្នាំ២០០៨។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដដែលនេះ កងកម្លាំងអ៊ីស្រាអែល ក៏បានសម្លាប់ខ្មាន់កាំភ្លើងចំនួន៧នាក់ និងជនស៊ីវិលពីរនាក់ ក្នុងតំបន់ហ្វេសប៊ែង (West Bank) នៃទីក្រុង Jenin ផងដែរ៕