គណបក្សប្រជាជនកម្ពុជា បង្ហាញការតាំងចិត្តពង្រីកលទ្ធិប្រជាធិបតេយ្យ ដោយធ្វើឱ្យបរិយាកាសបោះឆ្នោតខាងមុខ គ្មានការគំរាមកំហែង ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លាយឡំនឹងសារគំរាមដៃគូប្រកួត ដែលការណ៍នេះជំរុញឱ្យមានការព្រួយបារម្ភថាការលើកឡើងនេះមិនមានអ្វីផ្លាស់ប្តូរ។
នេះបើតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
បក្សកាន់អំណាច បានលើកឡើងក្នុងគោលដៅយុទ្ធសាស្ត្រដែលមានកម្រាស់៤ទំព័រ ដើម្បីសម្រេចទិសដៅ ៥ឆ្នាំ ខាងមុខទៀតថា ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយត្រូវបានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជា។
បន្ថែមពីនេះ មហាសន្និបាតក៏បានលើកឡើងផងដែរពីជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលថាជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ក្រោមហេតុផលនេះ បក្សកាន់អំណាច អះអាងថាខ្លួននឹងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត «ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង ដើម្បីធានាឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទំាងស្រុងនូវឆន្ទៈរបស់ពលរដ្ឋខ្មែរ»។
បន្ថែមពីនេះ បក្សកាន់អំណាច ក៏បានរំលេចសារបែបគំរាមថា «ខ្លួនចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ»។
យ៉ាងណា ជិត៥ឆ្នាំ នៃអាណត្តិទី៦ ដែលបក្សប្រជាជនក្តោបក្តាប់អំណាចតែឯង ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ ការដឹកនាំនៅកម្ពុជាត្រូវបានគេវាយយម្លៃថាមានអំពើពុករលួយខ្ពស់ក្រោមរូបភាពប្រទាក់ក្រឡាគ្នា នីតិរដ្ឋទាប បើធៀបនឹងប្រទេសជាសមាជិកអាស៊ាន។
ជុំវិញស្ថានភាពសិទ្ធិមនុស្សវិញ ត្រូវបានគេមើលឃើញថា លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមតូច កម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងមិនទាន់រើខ្លួនចេញពីប្រទេសមានហានិភ័យខ្ពស់ នៃប្រទេសតាមដានការលាងលុយកខ្វក់ ឬលុយខុសច្បាប់ នៅឡើយ៕