គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រើដីនៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំ

លោក សួន ច័ន្ទរស្មី ដែលបានខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន ១៥,០០០ ដុល្លារ មុនពេលត្រូវបានបណ្ដេញចេញពីឧទ្យានបុរាណអង្គរ។ អ្នកស្រីកំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មី ស្ថិតនៅតំបន់រុនតាឯក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។ (Fiona Kelliher/VOD)

អ្នកស្រី ចាំ ស បានខ្ចីប្រាក់ជាលើកដំបូងពីមីក្រូហិរញ្ញវត្ថុមួយនៅក្នុងខេត្តសៀមរាប ចំនួន៤ ០០០ដុល្លារ ប្រហែលមួយទសវត្សរ៍កន្លងទៅ ដើម្បីសាងសង់ផ្ទះ។

ប៉ុន្តែដីតូចមួយដែលអ្នកស្រីដាក់ជាទ្រព្យធានានៅភូមិវាល ស្រុកគោកចក ហើយជាកន្លែងដែលអ្នកស្រីរស់នៅតាំងពីឆ្នាំ២០០៥មកនោះ ត្រូវបានចាត់ទុកជាដីសាធារណៈរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ឥលូវនេះ រដ្ឋាភិបាលកំពុងបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ១០ ០០០គ្រួសារនៅជុំវិញឧទ្យាន រុះរើ និងចាកចេញ ដោយអះអាងថាចាំបាច់ត្រូវបណ្តេញចេញ ដើម្បីរក្សាឋានៈជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ទស្សនវិស័យនោះហាក់បីដូចជាមិនខ្វល់ខ្វាយពីម្ចាស់បំណុលរបស់អ្នកស្រីឡើយ គឺធនាគារស្ថាបនា។ អ្នកស្រីបាននិយាយថា អ្នកស្រីបានបន្តខ្ចីប្រាក់ពីធនាគាររយៈពេល៥ឆ្នាំទៀត។

អ្នកស្រី ចាំ ស អាយុ៦២ឆ្នាំ មានប្រសាសន៍ថា៖ «នៅពេលយើងមកដល់ទីនេះដំបូង យើងប្រើចង្កៀងប្រេងកាត ហើយផ្ទះធ្វើពីស្លឹកឈើ រហូតដល់យើងទទួលបានប្រាក់កម្ចី និងសាងសង់ផ្ទះធំនេះ។ ខ្ញុំមិនទាន់បានបង់ឱ្យធនាគារគ្រប់ឡើយ ប៉ុន្តែគេចង់​បណ្ដេញ​ខ្ញុំ​ចេញហើយ»។

កិច្ចសម្ភាសជាមួយប្រជាពលរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ និងទីតាំងថ្មីនៅរុនតាឯក បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដោយដាក់ដីរបស់ពួកគាត់នៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះថ្មី ឬសង់ផ្ទះបន្ថែម។

ប្រជាពលរដ្ឋនៅឧទ្យានអង្គរ ដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដែលភាគច្រើនពឹងផ្អែកលើការលក់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ បាននិយាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបានពន្យល់ពីអ្វីដែលនឹងកើតឡើងចំពោះប្រាក់កម្ចីរបស់ពួកគាត់ឡើយ ដែលពួកគាត់កំពុងត្រូវបានបណ្តេញចេញពីដីដែលបានដាក់ជាទ្រព្យធានា។ ពួគគាត់ព្រួយបារម្ភអំពីការបង់ប្រាក់ប្រចាំខែ នៅពេលដែលពួកគាត់ទៅរស់នៅទីតាំងថ្មីដែលមានឱកាសការងារតិចតួច។

ដូចអ្នកស្រី ចាំ ស ដែរ គ្រួសារជាច្រើនមានប្លង់ទន់ ដែលត្រូវបានទទួលស្គាល់នៅថ្នាក់មូលដ្ឋាន។

លោក ស៊ាង សុខជា អាយុ៣២ឆ្នាំ បានខ្ចីប្រាក់ចំនួន៥ ០០០ ដុល្លារពីធនាគារអេស៊ីលីដា បាននិយាយថា ស្ទើរតែគ្រប់ផ្ទះទាំងអស់ខ្ចីប្រាក់ពីធនាគារ។

លោកបន្ថែមថា៖ «ចាប់​តាំង​ពីមាន​ការ​បណ្ដេញ​ចេញ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ស្ងៀម។ ថ្មីៗនេះ មិនឃើញពួកគេមកទីនេះឡើយ»។

ប្រជាពលរដ្ឋថា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានដូចជា ធនាគារអេស៊ីលីដា ធនាគារអិលអូអិលស៊ី (LOLC) និងប្រាសាក់ ដើរពីផ្ទះមួយទៅផ្ទះមួយ នៅជុំវិញតំបន់ឧទ្យានអង្គរ ដោយផ្តល់ព័ត៌មានអំពីប្រាក់កម្ចីតាមទំហំផ្ទះនិងដី។ វីអូឌី បានសម្ភាសជាមួយមនុស្ស ៤នាក់ ដែលមានប្រាក់កម្ចីចាប់ពី ១ ៥០០ដុល្លារ ដល់ ១៥ ០០០ដុល្លារ ហើយពួកគាត់បាននិយាយថា ពួកគាត់មានសាច់ញាតិ និងអ្នកជិតខាងដែលមានប្រាក់កម្ចីរហូតដល់ ៤០ ០០០ដុល្លារ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ «លឿង [ប្រជាពលរដ្ឋអាចស្ម័គ្រចិត្តចាកចេញ]» នៃតំបន់អង្គរ បាននិយាយថា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែចុះមកក្នុងសហគមន៍ នៅពាក់កណ្តាលខែមករា។ អ្នក​ដែល​ស្ថិត​ក្នុង​តំបន់ «ក្រហម» បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​បណ្តេញ​ចេញ ​បាន​និយាយ​ថា ម្ចាស់បំណុល​លែងផ្សព្វផ្សាយអំពីប្រាក់កម្ចីថ្មី ប៉ុន្តែ​មិន​បាន​ពន្យល់​ពី​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះ​បំណុល​ដែល​មាន​ស្រាប់​របស់​ពួកគាត់ឡើយ។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល អះអាង​ថា មិន​បាន​ដឹង​ពី​ប្រវត្តិ​ប្រាក់កម្ចី​នៅ​ក្នុង​ឧទ្យាន​នេះ​ទេ។ លោក​បាន​បន្ត​ថា ជា​ប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់នៅ​លើ​ដី​អប្សរា និង​អាចប្រកប​អាជីវកម្ម​នៅ​ទីនោះ ពួកគេ​មិន​អាច​ប្រើប្រាស់​ដី​ ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​​ឡើយ។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់​ថា អ្នក​មិន​អាច​យក​ដី​រដ្ឋ​ដាក់ជាទ្រព្យធានាបាន​ទេ។ ប៉ុន្តែពាក់ព័ន្ធ​នឹង​ករណី​ទាំង​នេះ ខ្ញុំ​មិន​ដឹង​ទេ»។

ប្រជាពលរដ្ឋដែលផ្លាស់មកពីឧទ្យានអង្គរ កំពុងតែមមាញឹកក្នុងការសាងសង់ផ្ទះ ជីកអណ្តូង និងដាំបង្គោលឈើចងខ្សែភ្លើងនៅតំបន់រុនតាឯក ដែលគេសន្យា​ថានឹងផ្តល់ប្លង់រឹង ក្នុងទំហំដី ២០ គុណ ៣០ ម៉ែត្រ ប៉ុន្តែពួកគាត់មិនទាន់បានទទួលប្លង់នោះនៅឡើយ។

អ្នកស្រី សួន ច័ន្ទរស្មី ជាប្រជាពលរដ្ឋម្នាក់ដែលបានផ្លា​ស់ទីលំនៅមករស់នៅរុនតាឯកនេះដែរ កំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មីរបស់អ្នកស្រី។ កាលពី៣ឆ្នាំមុន អ្នកស្រីបានខ្ចីប្រាក់ចំនួន១៥ ០០០ដុល្លារពីប្រាសាក់ ដោយដាក់ជាទ្រព្យធានានូវដីអប្សរាចំនួនពីរកន្លែងដែលអ្នកស្រីកាន់កាប់។

អ្នកស្រី​បាន​យក​ប្រាក់​នេះ​ទៅ​សង់​ផ្ទះ​ទី​ពីរ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្បែរ​អង្គរធំ ប៉ុន្តែឥលូវនេះ​ អ្នកស្រី​បានផ្អាកសាងសង់ ព្រោះ​ការ​បណ្ដេញ​ចេញ​កំពុង​ដំណើរការ។ អ្នក​ស្រី​បន្ត​ថា អតីត​អ្នកជិតខាងរបស់អ្នកស្រី​ នៅ​ភូមិ​ខ្វៀន ឃុំ​គោកចក ភាគច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា។​

អ្នកស្រីបន្តថា អ្នកស្រីបង់ប្រាក់ចំនួន ៣០៨ដុល្លារ​ក្នុង​មួយ​ខែ ហើយនៅសល់សរុបចំនួន ១២ ៤០០ដុល្លារ​ទៀត។

អ្នកស្រីបន្ថែមថា៖ «យើងជំពាក់គេ មិនថាមានរឿងអ្វីទេ យើងត្រូវបង់គេឱ្យគ្រប់។ ជាការងាយស្រួលសម្រាប់យើងក្នុងការខ្ចីប្រាក់ ប៉ុន្តែយើងត្រូវសងវិញ»។

ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈក្រុមសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន បានចងក្រងឯកសារស្តីពីការរំលោភបំពានជាប្រព័ន្ធដោយអ្នកផ្តល់ប្រាក់កម្ចីខ្នាតតូច រួមទាំងការបង្ខំឱ្យលក់ផ្ទះ ឬដីរបស់កូនបំណុល។ គិតត្រឹមដំណាច់ឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជាមានប្រាក់កម្ចីខ្នាតតូចប្រហែល ១៤,៤ ពាន់លានដុល្លារ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។

អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រជាពលរដ្ឋ​កម្ពុជាបង់ប្រាក់កម្ចីប្រហែល១៨២ដុល្លារក្នុងមួយខែ ដោយដាក់ដីជាទ្រព្យធានាជាទូទៅ។

លោកស្រី ណា​លី ភី​ឡូ​ហ្គ (Naly Pilorge) នាយកផ្នែកផ្សព្វផ្សាយរបស់អង្គការលីកាដូ មានប្រសាសន៍ថា៖  «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស យកប្លង់ទន់ជាទ្រព្យធានា ក្នុងនោះមានប្លង់ដែលត្រួតស៊ីគ្នាលើដីផ្សេងទៀត ដូចជា ដីសហគមន៍ជនជាតិដើមភាគតិច ជាដើម»។

លោក​ស្រី​បន្ត​ថា៖​ «​ស្ថានភាព​ផ្លូវ​ច្បាប់​នៃ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ច្រើន​តែ​មិន​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទេ ព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាក់​សម្ពាធ​លើកូនបំណុល​ឱ្យ​លក់​ដី​ក្រៅ​ប្រព័ន្ធ​ច្បាប់ ឬចាត់វិធានការធ្ងន់ធ្ងរផ្សេងទៀត ដូចជាពលកម្មកុមារ»។

លោក​ស្រី​បន្តថា៖ «​នេះ​ជា​មូល​ហេតុ​ដែល​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ទាំង​អស់​ត្រូវ​ប្រគល់​ជូន​កូនបំណុល​វិញ ដើម្បី​ធានា​ថា ​ការ​រំលោភ​បំពាន​ទាំង​នេះ​នឹង​មិន​កើត​ឡើង»។

លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association) បានទទួលស្គាល់ថា ប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ បានទទួលកម្ចីមីក្រូហិរញ្ញវត្ថុ ដោយបន្ថែមថា សំណួររបស់អ្នករាយការណ៍ព័ត៌មានហាក់ដូចជាបង្ហាញឱ្យឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបំណងចង់យកទ្រព្យធានារបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនដូច្នេះទេ។

លោកបន្ថែមថា៖ «មីក្រូហិរញ្ញវត្ថុ យកទ្រព្យធានាដើម្បីរម្លឹកប្រជាពលរដ្ឋឱ្យដឹងថា ពួកគាត់មានកាតព្វកិច្ចក្នុងការសងប្រាក់កម្ចី»។

ការសិក្សាឆ្នាំ២០២២ ដែលទទួលបានមូលនិធិពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានសន្និដ្ឋានថា ពលរដ្ឋកម្ពុជាប្រហែល ១៦៧ ០០០គ្រួសារ ត្រូវបានបង្ខំឱ្យលក់ដីក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារតែបំណុល។

លោក កាំង តុងងី បានការពារ​កម្ចី​នៅ​តំបន់​អង្គរ​ ដោយ​លើកហេតុផល​ថា ​ធនាគារ​ធំៗ​មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ដោយដាក់ដីអប្សរាជាទ្រព្យធានាឡើយ។ ធនាគារស្ថាបនា, អិលអូអិលស៊ី (LOLC), អេស៊ីលីដា និងប្រាសាក់ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយឡើយ។

លោក កាំង តុងងី មាន​ប្រសាសន៍​ថា៖ «​មីក្រូហិរញ្ញវត្ថុ​ មាន​ហានិភ័យ​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​ប្រជាពលរដ្ឋ បើ​មិន​ដូច្នេះ​ទេ ​ប្រជាពលរដ្ឋ​នឹង​មិន​អាច​ប្រកប​អាជីវកម្ម​បាន​ទេ។ ប្រសិនបើមីក្រូហិរញ្ញវត្ថុ និងធនាគារ មិនផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ តើប្រជាពលរដ្ឋនឹងធ្វើអ្វី? ទីមួយ គាត់​នឹង​មិន​មាន​លុយ​សម្រាប់​ប្រកបអាជីវកម្ម ហើយ​ទីពីរ ​ពួកគាត់​អាច​នឹង​ខ្ចី​ប្រាក់​ពី​អ្នក​ដទៃ​»។

ខណៈប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញទៅតាំងទីលំនៅថ្មី នៅរុនតាឯក ការផ្តល់ប្រាក់កម្ចីថ្មីអាចចាប់ផ្តើមជាថ្មីក្នុងពេលឆាប់ៗនេះ។ កាល​ពី​ខែ​កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ផ្តល់​កម្ចីដែលមាន​ការ​ប្រាក់​ទាប​ដល់​ប្រជាពលរដ្ឋ​ដែល​តាំងទីលំនៅថ្មី។

ត្រលប់មកនិយាយអំពីអ្នកស្រី ចាំ ស វិញ ជាអ្នកដែលបានខ្ចីប្រាក់ពីរដងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកដើម្បីសង់ផ្ទះបាននិយាយថា អ្នកស្រីមិនចង់ខ្ចីប្រាក់ថែមទៀតឡើយ ប្រសិនបើអ្នកស្រីត្រូវបណ្តេញចេញ។ ក្រោយពីបង់អស់រយៈពេល​​១០​ឆ្នាំ អ្នកស្រី​នៅ​តែ​ជំពាក់​​ធនាគារ​ស្ថាបនា នូវការប្រាក់ចំនួន ១ ០០០ដុល្លារ។

អ្នកស្រីបន្ត​ថា៖​ «​ប្រសិន​បើ​យើង​ទៅ​ទី​នោះ [រុនតាឯក] យើង​នឹង​មិនអាចរកស៊ីបានឡើយ។ តើយើងអាចបង់ប្រាក់កម្ចីដោយរបៀបណា?»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ https://vodenglish.news/everyone-has-loans-mfis-used-angkor-land-as-collateral-for-years/

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ