អាល្លឺម៉ង់ ថាខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យទៅអ៊ុយក្រែនឡើយ

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (REUTERS/Fabian Bimmer)

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកនឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ ខណៈទីក្រុងកៀវ (Kyiv) អំពាវនាវ​ឱ្យ​លោកខាងលិច​ ផ្ដល់អាវុធឱ្យខ្លួនកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌​មាន AFP ដែលត្រូវបានយកមកចុះផ្សាយបន្តដោយ​សារ​ព័ត៌មាន Euronews

ការថ្លែងបដិសេធក្នុងការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែននេះ ធ្វើឡើងបន្ទាប់ពីអាល្លឺម៉ង់ទើបតែប្រកាស​កាលពីថ្ងៃពុធសប្ដាហ៍មុន ក្នុងការបញ្ជូន​រថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់​ប្រទេសអ៊ុ​យ​ក្រែន ដោយខ្លួនក៏បានអនុញ្ញាត​​ឱ្យ​ប្រទេស​ផ្សេងទៀតធ្វើដូច្នេះផងដែរ។

ទោះជាយ៉ាងណា ថ្លែងក្នុងបទសម្ភាសកាលពីថ្ងៃអាទិត្យ ជាមួយកាសែតក្នុងស្រុកមួយ អំពីប្រតិកម្មរបស់​ខ្លួន​ចំពោះសំ​ណើរ​បស់ទី​ក្រុង​កៀវ​ ក្នុងការទទួលបានយន្តហោះចម្បាំង អធិការបតីអាល្លឺម៉ង់រូបនេះ ឱ្យដឹងថា៖ «សំណួរទាក់ទងនឹងយន្តហោះចម្បាំង មិនត្រូវបានធ្វើឡើងនោះទេ»។

លោកបន្ថែមថា៖ «បន្ទាប់ពីការសម្រេចចិត្ត [លើការបញ្ជូនរថក្រោះ] ត្រូវបានធ្វើឡើង ការជជែកពិភាក្សាថ្មីនឹងចាប់ផ្តើម​នៅ​ក្នុងប្រទេស​លើបញ្ហាផ្សេងទៀតដែលមិនធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល»។

គួរបញ្ជាក់ថា អាល្លឺម៉ង់ រួមនឹងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានប្រកាសក្នុងការបញ្ជូនរថក្រោះធុន​ធ្ងន់​​ទៅ​កាន់​​អ៊ុយ​​ក្រែន ដោយទីក្រុងកៀវ​លើកឡើង​​ថា នឹងអាចធ្វើឱ្យកងទ័ពរបស់ខ្លួនមានលទ្ធភាពតទល់ជាមួយរុស្ស៊ីបាន។

ទាក់ទិននឹងករណីនេះ រុស្ស៊ីក៏បានប្រតិកម្មយ៉ាងខ្លាំង​ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ដែលអនុម័ត​លើការបញ្ជូនរថ​ក្រោះទៅកាន់ប្រទេស​អ៊ុយក្រែនផងដែរ ខណៈខ្លួនថា ​សកម្មភាពនេះនឹង​​បំផ្លាញទំនាក់​ទំនង​​រវាង​ប្រទេសទាំង២ ដោយ​មិនអាចស្តារឡើងវិញបាន​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ