លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ផ្តល់​មេធាវី​​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​បម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមួយកន្លែង នៅមុខខារ៉ាអូខេមួយដែលមានទីតាំងក្នុងក្រុងភ្នំពេញ។ (ហ៊ី ឆាយ/ ១៧ មីនា ២០២០)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នឹងផ្តល់មេធាវីស្ម័គ្រចិត្តការពារក្តីជូនស្ត្រី ដែលបម្រើការងារផ្នែកសេវាកម្សាន្តនៅទូទាំងប្រទេស ដើម្បីការពារសិទ្ធិស្ត្រីទាំងនោះតាមផ្លូវច្បាប់ ក្នុងករណីមានការរំលោភសិទ្ធិណាមួយកើតឡើង។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃអាទិត្យថា ក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែមករា  លោកនាយករដ្ឋមន្ត្រី ​បានលើកឡើងពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត រួមមាន ខារ៉ាអូខេ បៀរហ្កាឌិន អ្នករត់តុ ជាដើម។ បន្ថែមពីនេះ លោកថា  ​នារីបម្រើការងារផ្នែកសេវាកម្សាន្តក៏នឹងត្រូវ​​ជួយក្នុងការផ្តល់ឱ្យមានបណ្ណ​របបសន្តិសុខសង្គម ឬបណ្ណ បសស ដល់ពួកគេផងដែរ។ ​

ជាមួយគ្នានេះ សារព័ត៌មានស្និទ្ធរដ្ឋាភិបាលហ្វ្រេសញូ បានចុះផ្សាយនៅថ្ងៃអាទិត្យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសម័យមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា នាថ្ងៃទី ២៩ ខែមករា   ដោយបានណែនាំទៅលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត ជួយផ្តល់មេធាវីជួយការពារក្តីដល់ស្ត្រីដែលប្រកបរបរបម្រើក្នុងវិស័យសេវាកម្សាន្តនៅទូទាំងប្រទេស  ហើយទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើងក្នុងមុខរបររបស់ខ្លួន ។

 អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍  អ្នកស្រី ឈឹម សុខន មានប្រសាសន៍ថា គាត់មិនចាប់អារម្មណ៍នឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនស្ត្រីបម្រើការងារផ្នែកសេវាកម្សាន្តនោះទេ  ពីព្រោះគាត់មិនជឿថា មេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាចជួយស្រ្តីរងគ្រោះឱ្យទទួលបានយុត្តិធម៌នោះឡើយ។

អ្នកស្រី ឈឹម សុខន ស្នើទៅរដ្ឋាភិបាលត្រូវជំរុញទៅស្ថាប័នអនុវត្តច្បាប់ ឱ្យបំពេញការងារដោយតម្លាភាព កុំប្រកាន់បក្ខពួក និងមិនត្រូវលម្អៀងទៅរកអ្នកមានលុយ មានអំណាចឡើយ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដ​។

អ្នកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាលមិនបាច់លើករឿងមេធាវីជួយការពារក្តីជូនស្ត្រីបម្រើសេវាកម្សាន្តអ្វីទេ សំខាន់ជំរុញអ្នកអនុវត្តច្បាប់ទៅតាមច្បាប់ដែលប្រទេសយើងបានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងច្បាប់ការងារ លើកតែច្បាប់យកមកអនុវត្ត និងធ្វើឱ្យប្រជាជន ហើយនឹងកម្មករទទួលបានភាពយុត្តិធម៌ហើយ។ ខ្ញុំជឿជាក់ អាហ្នឹងជាដំណោះស្រាយហើយ មិនចាំបាច់មានមេធាវីជួយការពារក្តីអ្វីមកទេ»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក មឿន តុលា សាទរនឹងការលើកឡើងរបស់​លោកនាយករដ្ឋមន្ត្រី ក្នុងការជួយដល់ស្ត្រីដែលបម្រើការងារក្នុងវិស័យសេវាកម្សាន្តនេះ។ ​

ប៉ុន្តែលោកថា តាមច្បាប់ អ្នកធ្វើការនៅក្រុមហ៊ុនឯកជន នៅតាមភោជនីយដ្ឋាន បៀរហ្កាឌិនជាដើម ដែលមានបុគ្គលិក ចាប់ពី៨នាក់ឡើងទៅ គឺរដ្ឋត្រូវផ្តល់ប័ណ្ណ បសស ជូនពួកគេទាំងនោះ។

ចំណែក ការផ្តល់មេធាវីជួយការពារក្តីជូននារីក្នុងសេវាកម្សាន្តគ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះ ប៉ុន្តែលោកចង់ឃើញរដ្ឋាភិបាលជួយផ្តល់មេធាវីជួយការពារក្តីជូនកម្មករទូទៅនៅពេលដែលពួកគេរងការរំលោភបំពានពីថៅកែផងដែរ។

យ៉ាងណា លោក មឿន តុលា បន្ថែមថា អ្នកអនុវត្តច្បាប់ ត្រូវអនុវត្តឱ្យមានតម្លាភាព និងដូចភ្លៀងរលឹម ដោយមិនត្រូវប្រកាន់បក្ខពួក ហើយក៏មិនគួររៀបចំឱ្យមានតែនៅមុនការបោះឆ្នោត ដើម្បីកេងចំណេញនយោបាយនោះឡើយ ។

លោកមានប្រសាសន៍ថា៖ «ការផ្តល់មេធាវីការពារក្តីជារឿងមួយល្អហើយ ដើម្បីជួយប្តឹងប្រឆាំងលើជនល្មើសដែលបានបៀតបៀនជាដើម ​ប៉ុន្តែខ្ញុំសុំកុំឱ្យធ្វើតែតាមរដូវ ព្រោះនៅជិតរដូវបោះឆ្នោតចាប់ផ្តើមចេញសារនយោបាយបែបហ្នឹង ​ ដល់ពេលផុតរដូវបោះឆ្នោតទៅ អត់មានការអនុវត្តអ្វីទៀត »។

លោកបន្ថែមថា៖  «ហើយអ្នកដែលទៅបៀតបៀនគេភាគច្រើនសុទ្ធតែមន្ត្រី អ្នកមានអំណាច ដែលសំណាញ់ច្បាប់មិនហ៊ានចាប់ដាក់ទោស។ អ៊ីចឹងបើអនុវត្ត ត្រូវអនុវត្តឱ្យស្មើភាពគ្នា កុំប្រកាន់បក្ខពួក»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២០ កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ ចំនួន ១ ២៩៣កន្លែងនៅ​ទូទាំង​ប្រទេស ក្នុងនោះមាន ខារ៉ាអូខេ ​(KTV) ចំនួន ១ ០៨៤​កន្លែង ក្លិបឌីស្កូត​ (Club Disco) ចំនួន ១០៩​កន្លែង​  អាជីវកម្មរង្គសាល (Night Club) ចំនួន ១៦​កន្លែង អាជីវកម្មបៀរហ្គាឌិន​ ចំនួន ៨៤​កន្លែង ដែល​ផ្ដល់​ការងារ​​ ១៨ ៣៨១​កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ