អ្នកច្បាប់ថា បើការបិទប្រតិបត្តិការផ្ទេរប្រាក់ចូលគណនីសហជីពណាហ្គាពីសំណាក់ធនាគារ ABA ធ្វើឡើងដោយចិត្តឯងជារឿងមិនត្រឹមត្រូវ

ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហង់ សុខហុង)

អ្នកច្បាប់បានលើកឡើងថា ប្រសិនបើធនាគារ ABA បិទប្រតិបត្តិការផ្ទេរប្រាក់ពីក្រៅប្រទេសមកគណនីរបស់សមាជិកសហជីពណាហ្គាវើលដ៍ ដោយគ្មានដីកាសម្រេចរបស់តុលាការ ឬពីរដ្ឋាភិបាល នោះវាជារឿងខុសច្បាប់ ដោយថាធនាគារគ្មានអំណាចក្នុងការវិនិច្ឆយថាគណនីបុគ្គលណាជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស​ ហើយត្រូវបង្កកថវិកាចូលគណនី​នោះឡើយ។

ការអះអាងនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ៣រូប ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ អះអាងថា ធនាគារ «វឌ្ឍនៈ អាស៊ី ចំកាត់ ឬ ABA» បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេពីម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដោយគ្រាន់តែ​លើក​ឡើង​ហេតុផល​អំពី​ព័ត៌​មានអវិជ្ជ​មាន​នៃ​សហជីព​នៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន ​មានប្រសាសន៍ថា បើធនាគារ ABA សម្រេចចិត្តដោយខ្លួនឯង ក្នុងការបិទប្រតិបត្តិការផ្ទេរប្រាក់មកគណនីរបស់សមាជិកសហជីពណាហ្គាវើលដ៍ទាំង៣នាក់ នោះវាជារឿងមិនស្របច្បាប់។ លោកបន្តថា  ​ធនាគារគ្មានអំណាចក្នុងការវិនិច្ឆយថាគណនីណាជាប់ពាក់ព័ន្ធនឹងរឿងអ្វីមួយឡើយ ពោលគឺច្រើនបំផុតត្រឹមអាចរាយការណ៍ទៅសមត្ថកិច្ចប៉ុណ្ណោះ។

លោកថា បើធនាគារជាអ្នកសម្រេចចិត្តបិទប្រតិបត្តិការដោយខ្លួនឯងនោះ ធនាគារនឹងអាចខូចកេរ្តិ៍ឈ្មោះ ហើយរងនូវការរិះគន់ ដោយសារអាងតែជាធនាគារ ប្រើអំណាចបិទគណនីរបស់អតិថិជនតាមអំពើចិត្ត។

លោក សុក សំអឿន ថា៖ «អាហ្នឹងវាអត់ស្របច្បាប់ទេ បើសិនធនាគារ ABA សម្រេចចិត្តខ្លួនឯង ព្រោះធនាគារអត់មានអំណាចវិនិច្ឆយថាតើ Account [គណនី] ណាមួយពាក់ព័ន្ធអីៗទេ។ យ៉ាងច្រើនត្រឹមតែរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ»។

លោកថា ករណីបិទប្រតិបត្តិការបែបនេះអាចទៅរួច លុះត្រាតែរដ្ឋាភិបាលជាអ្នកសម្រេចចិត្តដូចជា សេចក្តីជូនដំណឹង (ស.ជ.ណ) ឬការបង្គាប់ ឬតាមការសម្រេចរបស់តុលាការ ដោយយោងទៅតាមគោលការណ៍ច្បាប់ នោះទើបធនាគារត្រូវតែគោរពតាម។ ក្នុងនោះ ធនាគារមិនបាច់ផ្សព្វផ្សាយជាសាធារណៈទេ គ្រាន់តែផ្តល់ដំណឹងទៅសាម៉ីខ្លួន ឬម្ចាស់គណនី។

មេធាវី សុក សំអឿន ថាករណីនេះ បើម្ចាស់គណនីមិនពេញចិត្ត អាចតវ៉ាជាមួយធនាគារ ប៉ុន្តែបើមិនមានប្រសិទ្ធភាព អាចប្តឹងទៅតុលាការ និងរដ្ឋាភិបាល។


ស្រដៀងគ្នានេះដែរ មេធាវីមួយរូបទៀត លោក សេក សោភ័ណ្ឌ លើកឡើងថា តាមច្បាប់ គណនីធនាគារ គឺជាកិច្ចសន្យារវាង ២ភាគី ម្ចាស់គណនី និងធនាគារ។ ដូច្នេះភាគីធនាគារត្រូវមានកាតព្វកិច្ចគ្រប់បែបយ៉ាងទៅតាមកិច្ចសន្យាកិច្ចព្រមព្រៀងក្នុងការបើកគណនី។

រីឯចរន្តសាច់ប្រាក់ បើសង្ស័យថាជាប្រតិបត្តិការសម្អាតប្រាក់ ឬកិច្ចផ្ទេរប្រាក់មិនស្របច្បាប់ ធនាគារអាចជូនព័ត៌មានទៅសាម៉ីខ្លួនម្ចាស់គណនី ពីហេតុផលច្បាស់លាស់តាមផ្លូវច្បាប់ ដូចជា យោងដីកាសម្រេចរបស់តុលាការ ឬរបស់រដ្ឋាភិបាល ដែលមិនអនុញ្ញាតឱ្យបុគ្គលនោះទទួលប្រាក់ពីបរទេស។  

​លោក សេក សោភ័ណ្ឌ ថា«បញ្ហារឿងសហជីព មិនមែនជាមូលហេតុស្របច្បាប់ដែលអាចបង្កកទ្រព្យគេទេ។ រឿងសហជីព រឿងសម្តែងមតិ រឿងអីនេះ គឺជាសិទ្ធិដែលច្បាប់អនុញ្ញាត។ អ៊ីចឹងបើសិនជាការបង្កកហ្នឹងមិនមានការសម្រេចតាមផ្លូវច្បាប់ណាមួយទេ ឧទាហរណ៍ អ៊ីចឹងការសម្រេចមិនផ្ទេរលុយហ្នឹង គឺជាការប៉ះពាល់កាតព្វកិច្ចចំពោះអ្នកប្រើប្រាស់ Account ហ្នឹងហើយ។ អ៊ីចឹងបើសិនជាការមិនផ្ទេរហ្នឹងយកមូលហេតុដោយសារតែពាក់ព័ន្ធជាមួយណាហ្គា មិនមែនជាមូលហេតុស្របច្បាប់ទេ។ ហើយមូលហេតុមួយទៀតដែលលើកឡើងថា ដោយសារគាត់ជាសមាជិកសហជីព ហើយមិនបើកលុយឱ្យ អាហ្នឹងរឹតតែខុសទៅទៀត។ អ៊ីចឹងបើសិនជាយកមូលហេតុហ្នឹងជាការសំអាងក្នុងការមិនបើកលុយឱ្យគាត់ អាហ្នឹងច្បាប់របស់ស្រុកខ្មែរមិនអនុញ្ញាតឱ្យធ្វើអ៊ីចឹងទេ»

​លោកមេធាវី សេក សោភ័ណ្ឌ និយាយថា បើវិវាទរវាងម្ចាស់គណនី និងធនាគារ មិនអាចដោះស្រាយបានតាមរយៈការជជែកដោយភាគីទាំង២ ជនដែលគិតថាខ្លួនរងគ្រោះអាចប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ទៅតាមសិទ្ធិរបស់ខ្លួន។

សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បាន​អះអា​ង​ថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេ​ពីម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដោយ​លើក​​ហេតុផលអំពីព័ត៌​មានអវិជ្ជ​មាន​នៃ​សហជីព​នៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។

សហជីព​ទ្រទ្រង់សិទ្ធិ​ការ​ងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បាន​ស្ថិត​នៅ​ក្នុងវិវាទ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ល្បែង​ដ៏ធំមួយ​នេះ គិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​កើត​ឡើង​បន្ទាប់​ពីមាន​ករណី​កម្មករ​ជាង១ ៣០០នាក់ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការ​ងារ ខណៈ​សកម្មភាពតវ៉ារបស់ពួកគេជា​ញឹកញាប់ក៏តែង​​ត្រូវបានរារាំងដោយ​​អាជ្ញាធរនៅតាមដងផ្លូវនានាដែល​នៅ​ក្បែរ​ទីតាំង​កាស៊ីណូ​ផង​ដែរ។

សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៣រូប បានលើកឡើងដោយរំពឹងថា ពួកគេ​នឹង​ទទួលបានការផ្ទេរប្រាក់ពីអ្នកផ្ញើនៅក្រៅប្រទេស ​ក្នុងអំឡុង​ខែ​តុលា ដើម្បីគាំទ្រដល់អ្នកតវ៉ា​ដែល​គ្មាន​ការ​ងារ​ធ្វើ ឬបាតុករ​ជាស្រ្តីដែល​មាន​កូន​តូច ប៉ុន្តែ​ពួក​គេ​បែរជាត្រូវបានជូនដំណឹងដោយបុគ្គលមួយរូបដែលអះអាងថាជាបុគ្គលិក​ធនាគារ ABA ថាការ​ផ្ទេរ​ប្រាក់​ត្រូវបានរារាំង​ទៅ​វិញ។

ថ្នាក់ដឹកនាំសហជីព២នាក់ ក្នុងចំណោមអ្នកទាំង៣ រួមមាន អនុប្រធានសហជីព LRSU កញ្ញា ឈឹម សុខន និង អគ្គលេខាធិការសហជីព អ្នកស្រី ឃ្លាំង សុបិន្ត ធ្លាប់​ប្រាប់វីអូឌីថា ពួកគេរំពឹងថានឹងទទួលបានទឹកប្រាក់​ចំនួន៥ ០៥០ដុល្លារក្នុងម្នាក់ៗ ដែលនឹងត្រូវផ្ទេរទៅក្នុងគណនីធនាគារ ABA របស់ពួកគេ។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួននៅពន្ធនាគារ​ជា​បណ្តោះអាសន្ន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់​ពី​ត្រូវបាន​សមត្ថកិច្ចចាប់​ខ្លួន​សាជាថ្មី ក្រោម​ហេតុផល​ថា ល្មើស​​បម្រាម ឬគេចវេះពីការត្រួតពិនិត្យ​របស់​តុលាការ ក្រោយ​​ពេល​​កញ្ញា​បាន​ធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ។

ប្រធានសហជីព​រូបនេះបានប្រាប់ វីអូឌី កាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីសវនាការ​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​​ថាជំនួយ​នេះ ​គឺបានមកពីមូលនិធិ Urgent Action Fund ជាក្រុមមួយនៅប្រទេសអូស្ត្រាលី ដែល​គាំទ្រចលនា​​ដឹកនាំដោ​យ​ស្ត្រី។

កញ្ញា ឈឹម សុខន ​ដែលត្រូវធនាគារ ABA បិទថវិកាមិនឱ្យចូលគណនី ប្រាប់វីអូឌី​នៅថ្ងៃទី ៣០ ខែមករា ​​ថាបើសិនគោលការណ៍ធនាគារមិនអាចបង្កកប្រាក់ពីក្រៅប្រទេសដោយគ្មានហេតុផលច្បាប់ជាក់លាក់ណាមួយដូចការលើកឡើងរបស់អ្នកច្បាប់ នោះមានន័យថា បុគ្គលិកធនាគារនោះកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់អតិថិជនហើយ។ កញ្ញាថា ​បុគ្គលិកដែលអះអាងថាជាបុគ្គលិកធនាគារ ABA នោះ បានសួរកញ្ញាម្តងហើយម្តងទៀតថា តើគាត់យកលុយទៅប្រើការក្នុងគោលដៅធ្វើកូដកម្ម ឬយ៉ាងណា។

បែបនេះក្តី កញ្ញាថានឹងពិភាក្សាជាមួយសមាជិកផ្សេងទៀតថាត្រូវធ្វើគិតយ៉ាងណាបន្ត ពាក់ព័ន្ធថវិកានេះ។

កញ្ញា ឈឹម សុខន ថា«ឥលូវបើមេធាវីគាត់និយាយអ៊ីចឹង វាបានន័យថា វាមានសម្ពាធអីនៅពីក្រោយខ្នងធនាគារហើយ។ យើងគិតថា វាជារឿងលូកលាន់ផ្ទៃក្នុងរបស់យើងហើយ ធនាគារលូកលាន់ផ្ទៃក្នុងរបស់អតិថិជនហ្អ៎ា ពីព្រោះយើង[ធនាគារ]សួរយកលុយទៅធ្វើអីៗហ្នឹង»

អ្នកគ្រប់គ្រងកិច្ចការទំនាក់ទំនងព័ត៌មាននៃធនាគារ ABA កញ្ញា ឃួន ពីនុជ្ជ ឱ្យវីអូឌីដឹងនៅថ្ងៃទី៣០ ខែមករា ​ថាធនាគារមិនអាចពន្យល់នូវព័ត៌មានរបស់អតិថិជនទៅកាន់ភាគីទី៣ បានទេ។ កញ្ញាថា បើអតិថិជនមិនពេញចិត្តនឹងសេវាពី ABA ពួកគេអាចលើក​បញ្ហាទាំងនោះតាមរយៈ​គេហទំព័ររបស់ធនាគារ​​បាន។

កញ្ញាប្រាប់ថា ការបិទការផ្ទេរប្រាក់ពីខាងក្រៅប្រទេស គឺអាស្រ័យលើលក្ខខណ្ឌរបស់ធនាគារ ដែលកញ្ញាមិនអាចបកស្រាយជាទូទៅបាន។

កញ្ញា ឃួន ពីនុជ្ជ ថា៖ «So far [កន្លងមក] ខ្ញុំអត់ដែលជួបបញ្ហាហ្នឹង អ៊ីចឹងខ្ញុំអត់អាច give answer [ផ្តល់ចម្លើយបាន] អ៊ីចឹង ព្រោះការបិទ ការ block funds transfer [បិទការផ្ទេរប្រាក់] ហ្នឹង គឺវា base [អាស្រ័យ] លើ conditions [លក្ខខណ្ឌ] របស់ធនាគារដែរ។ អ៊ីចឹងខ្ញុំអត់អាច answer [ឆ្លើយ] បានទេ»។

សម្រាប់កម្មករដែលមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ លើកឡើងម្តងហើយម្តងទៀតនៅពេលចេញធ្វើកូដកម្ម​ថា ពួកគេកំពុងប្រឈមមុខនឹងការលំបាក​ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ខណៈដំណោះ​ស្រាយ​លើវិវាទការងារនេះនៅតែបន្តអូសបន្លាយ។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ការទទួលជំនួយសង្គ្រោះបន្ទាន់ ឬមូលនិធិ និងការគាំទ្ររបស់អង្គការសង្គមស៊ីវិល ទាំងក្នុងនិងក្រៅស្រុក ដល់ក្រុមសហជីពណាហ្គាវើលដ៍ មិនមែនជារឿងខុសទាស់ឡើយ ព្រោះអង្គការវិជ្ជាជីវៈកើតឡើងដោយស្របច្បាប់ មានគោលបំណងលើកកម្ពស់សហជីព។

លោកថា បើសិនមានការលើកឡើងថា ករណីនេះជាប្រតិបត្តិលាងលុយ វាលុះត្រាការស៊ើបអង្កេតច្បាស់លាស់ចេញជារបាយការណ៍ដែលអាចទុកចិត្តបាន។

លោក ឃុន ថារ៉ូ ថា«ខ្ញុំយល់ឃើញថា អាហ្នឹងប្រហែលជាចេតនានៅក្នុងការទប់ស្កាត់ ឬការដាក់សម្ពាធទៅដល់ខាងសហជីព ដើម្បីពួកគាត់មិនអាចនៅប្រតិបត្តិការសកម្មភាពរបស់គាត់ ឬក៏គាត់បិទនូវផ្នែកនៃមូលនិធិដែលគាត់ទទួលបានតាមរយៈអង្គការ ស្ថាប័នជាតិ-អន្តរជាតិទាំងក្នុងស្រុក ក្រៅស្រុកអីហ្នឹង។ អ៊ីចឹងអាហ្នឹង ខ្ញុំគិតថា វាអាចប្រហែលជាចេតនានៅក្នុងការទទួលនូវសម្ពាធពីភាគីណាទេ ខ្ញុំអត់ដឹងទេ។ ខ្ញុំមិនដឹងថាខាងធនាគារគាត់ទទួលបានសម្ពាធ នៅក្នុងលក្ខខណ្ឌអី ពីព្រោះយើងអត់មានជារបាយការណ៍ ឬក៏ព័ត៌មាន ឬការស៊ើបអង្កេតណាមួយដែលអាចទុកចិត្តបាន»។

មន្ត្រីសង្គមស៊ីវិលរូបនេះស្នើធនាគារ ABA ស៊ើបអង្កេត និងលាតត្រដាងនូវទិដ្ឋភាពនៃករណីនេះដោយស្មោះត្រង់ មុនឈានដល់ការបង្កកថវិកាពីក្រៅប្រទេសមិនឱ្យចូលគណនីរបស់ពួកគេបែបនេះ។

លោក ឃុន ថារ៉ូ ថាបើមានការពឹងពាក់ជាផ្លូវការពីសមាជិកសហជីពណាហ្គា អង្គការសង់ត្រាល់ នឹងសិក្សាពីអង្គច្បាប់ និងផ្តល់ជំនួយសេវាផ្នែកច្បាប់ដល់ពួកគេ ដើម្បីឱ្យធនាគារ ABA មានការបញ្ជាក់ច្បាស់លាស់សម្រាប់សមាជិកសហជីពណាហ្គាដែលជាអតិថិជនរបស់ធនាគារនេះ។

តាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការបង្កក គឺជាការហាមឃាត់ជាបណ្តោះអាសន្ននូវការផ្ទេរ ការបំប្លែង ការចាត់ចែង ឬចលនានៃទ្រព្យសម្បត្តិ ឬសន្មតថាការឃុំឃាំង ឬការគ្រប់គ្រងទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដោយផ្អែកលើដីកាដែលចេញដោយតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត។

ការបង្កក គឺជាសកម្មភាពដែលផ្អាកសិទ្ធិជាបណ្តោះអាសន្នលើទ្រព្យសកម្ម ហើយជាឧទាហរណ៍ អាចអនុវត្តចំពោះគណនីធនាគារដែលអាចដំណើរការបាន។

ការបង្កកទ្រព្យសម្បត្តិ ធ្វើឡើងនៅពេលដែលមានការស៊ើបអង្កេតពីគណៈកម្មការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នោះគេអាចបង្កកទ្រព្យសម្បត្តិ ឬចាត់វិធានការជាបណ្តោះអាសន្ន ពេលដែលមានការសង្ស័យ ឬមានមូលដ្ឋានសមស្រប ដែលសង្ស័យថា ទ្រព្យសម្បត្តិទាំងនោះពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ រួចហើយទើបគេ​ស្នើសុំទៅកាន់តុលាការបន្តទៀត៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ