លោក រ៉ុង ឈុន នឹងប្រកាសពីជំហរថាតើត្រូវបន្តបម្រើការងារនៅសហជីពឬធ្វើនយោបាយនៅថ្ងៃស្អែក

អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក»​ នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អតីតអ្នកជាប់ឃុំ​​​​មនសិការ ដែល​ឆ្លង​កាត់​ស្ទើរ​គ្រប់​រសជាតិនៃជីវិតរបស់លោក ទាំង​ការ​​កា​​រ​​ពា​​​​​រ​ផល​ប្រយោជន៍គ្រូបង្រៀន និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺលោក រ៉ុង ឈុន នៅមិន​ទាន់​ទម្លាយ​​​​​ពី​បំ​​ណ​​​​​​ងពិតប្រាកដរបស់ខ្លួននៅឡើយទេ ដោយអះអាងថា នៅពីក្រោយនៃការចាកចេញ ឬ​មិន​​ចាក​ចេ​​​ញនេះ ត្រូវប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី​៣១ ខែមករា ស្អែកនេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់សហភាពសហជីពកម្ពុជា ដែលចេញនៅថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​​២​​០​​​​២៣នេះ ឱ្យដឹងថា លោក រ៉ុង ឈុន នឹងប្រកាសឱ្យដឹងពីជំហររបស់លោក តាមរយៈសន្និសីទ​​សារព័ត៌មាន នៅព្រឹក​​ថ្ងៃអង្គារ ស្អែកនេះ។ ប្រភពបន្តថា ការប្រកាសពីជំហរនៅពេលនេះ គឺដើម្បី​ឆ្លើយ​តប​ពី​សំណូម​ពរ​របស់​ក្បាល​​​ម៉ា​ស៊ីន​​​ដឹក​​នាំ សកម្មជន និងអ្នកគាំទ្រ​គណបក្សភ្លើងទៀន។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោក រ៉ុង ឈុន នៅមិនទាន់ទម្លាយ​ពីបំណងពិត​​របស់​​លោ​​ក ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា វាំងនននេះនឹងបើកឱ្យសាធារណជនដឹងនៅក្នុង​​​សន្និ​​សីទ​​សារព័ត៌មាន។

លោក រ៉ុង ឈុន បន្តថា៖ «សំណួរហ្នឹង ខ្ញុំនឹងឆ្លើយនៅថ្ងៃស្អែក។ បើឆ្លើយនៅថ្ងៃនេះ វាអស់ហើយ អស់មានអីឆ្លើយនៅថ្ងៃស្អែក»

លោក រ៉ុង ឈុន ជាអ្នកដែលសកម្មម្នាក់ក្នុងចំណោមសកម្មជនដទៃទៀត ទាំងក្នុងវិស័យ​​​ការ​ងា​​រ​​សម្រាប់ការពារផលប្រយោជន៍កម្មករនិយោជិត និងនយោបាយ ហើយ​លោកក៏ធ្លាប់បម្រើ​​​ការ​​​​ជា​ម​​ន្រ្តី​​​​​ជាន់ខ្ពស់នៅក្នុង​ស្ថាប័នជាតិរៀបចំការបោះឆ្នោតដែរ មុននឹងគណបក្សសង្រ្គោះជាតិ​ត្រូវបា​​ន​​រំ​​លាយ​​​កាលពីចុងឆ្នាំ២០១៧។

សម្រាប់ការងារជាអ្នកតស៊ូមតិ​ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន និង​ជាប់ពន្ធនាគា​​រចំនួន​​៣​​លើក​​រួច​​​​មកហើយ។ កាលពីថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់​​តា​​ម​​​​​ផ្លូវតុ​លា​​ការ ព្រោះតែហ៊ានរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម។ ដោយ​ឡែក កា​​ល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ ដោយហ៊ានដឹកនាំទាមទារឱ្យមានការ​​ដោះលែង​លោក វន់ ពៅ នោះ លោក​​ត្រូវ​​​បា​​ន​​ចាប់ខ្លួនជាថ្មីទៀត។

ក្រោយពីលោកត្រូវបានផ្តល់សេរីភាព ក្រោមការឃ្លាំមើលពីតុលាការ កា​​ល​​​ពីថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​​២០២០ លោក រ៉ុង ឈុន ក៏ត្រូវចាប់ខ្លួនជាថ្មីទៀត ក្រោយពីលោក​​បាន​​ចេញថ្លែងការណ៍ពីកា​​រ​​បាត់​ដីរបស់ពលរដ្ឋកម្ពុជា ទៅវៀតណាម នៅ​​ម្ដុំត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ​។ 

លោក រ៉ុង ឈុន ក៏​ធ្លាប់ធ្វើ​ជា​​​ប្រ​​​ធានស​​មាគមគ្រូបង្រៀន​​កម្ពុជាឯករាជ្យ មុននឹងប្តូរការងារជាមន្រ្តី​ជា​​​ន់ខ្ពស់នៅក្នុងស្ថាប័ន​​ជាតិ​​រៀប​ចំការបោះឆ្នោត។ ក្នុងពេលបច្ចុប្បន្ននេះ លោក រ៉ុង ឈុន គឺជា​ប្រ​​​ធា​​​​ន​​សហភាពស​​ហជីព​​កម្ពុ​​ជា ហើយម្ដងម្កាលគេក៏សង្កេតឃើញលោកចូលរួមសម្ដែងមតិនៅ​​ក្នុង​​វេទិកា​​ដែ​ល​​រៀប​​ចំដោយគណ​​បក្ស​​ភ្លើង​ទៀនដែរ។

ចំណែកលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បង្ហាញភក្តីភាពចំពោះជំហរ​​របស់​​លោ​​ក រ៉ុង ឈុ ប្រសិនអតីតអ្នកតស៊ូដើម្បីសេរីភាពរូបនេះសម្រេចចិត្តចូលរួម​​សកម្មភាព​​នយោ​​បា​យជា​​មួ​យ​​​​គណបក្ស​​ភ្លើងទៀន។

បើតាមលោក គីមសួរ ភីរិទ្ធ លោក​ស្វាគមន៍​ការសម្រេចចិត្តរបស់លោក រ៉ុង ឈុន ប្រសិនបើលោក​​ពិត​​ជាចូលរួមជាមួយគណបក្សភ្លើងទៀនពិតមែន។

លោក គីមសួរ ភីរិទ្ធ បន្តថា៖ «ខ្ញុំស្វាគមន៍ បើគាត់ប្រកាសចូលរួមនឹងគណបក្សភ្លើងទៀន។ យើងចង់បានធនធានដែលស្រឡាញ់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដូចលោកគ្រូ រ៉ុង ឈុន ហ្នឹង។ ម្យ៉ាងគាត់ក្លាហានក្នុងការទាមទារសិទ្ធិសេរីភាពជូនគ្រូបង្រៀន ក៏ដូចជាកម្មករក្នុងពេលកន្លងមក។ យើងស្វាគមន៍តែម្តង បើបានធនធានដូចលោកគ្រូ»

យ៉ាងនេះក្ដី លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ យ​ល់​​ឃើញថា វា​​គួរ​​ដល់ពេលដែលលោក រ៉ុង ឈុន គួរចូលរួមនៅក្នុងវិស័យន​​យោបាយហើយ​​។ ​​លោក​​ប​ន្ត​​​ថា​​ អ​​តី​ត​​សមាជិក គ.ជ.ប រូបនេះ មានសមត្ថភាព និងធនធានគ្រប់​​គ្រាន់ ដែលអាចឆ្លើយ​​តប​​ពី​​ត​ម្រូវ​​​​ការចាំ​​បា​​​ច់​​របស់​​ព​​ល​​រដ្ឋបានច្រើនជាង ប្រសិនបើលោកចូលរួមធ្វើនយោបាយជាង​​បម្រើ​​ការ​​នៅ​​​​​​ក្នុង​​វិ​​ស័​យ​​​​រោងច​ក្រ​​កាត់​​ដេរ។

លោក សេក សុជាតិ បន្តថា«ប្រសិនបើលោក រ៉ុង ឈុន គាត់សម្រេចចិត្តនៅក្នុងការលាចេញពីតួនាទីក្នុងនាមជាអ្នកការពារសិទ្ធិឱ្យកម្មករ ហើយទៅធ្វើជារឿងនយោបាយ ខ្ញុំគិតថា វាជារឿងដែលសមរម្យហើយ។ វាគួរតែដល់ពេលហើយដែលគាត់ត្រូវធ្វើកិច្ចការមួយដែលគាត់ធ្លាប់ធ្វើពីមុនក្នុងសង្គមស៊ីវិល តែធ្វើមិនបានជោគជ័យ។ ហើយបញ្ហាដែលគាត់ធ្វើមិនបានជោគជ័យ គឺវាពាក់ព័ន្ធនឹងកត្តានយោបាយ។ វាគឺជារឿងដែលធំចំពោះគាត់»

គណបក្សភ្លើងទៀន បាន​ប្រកាសទទួលយកលោក សុខ ហាច ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ច កា​​ល​​​​​ពី​ដើមខែ​មករា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ក្រោយពីអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះស​​ម្រេ​ច​ចិត្ត​​​​ជួយជ្រោមជ្រែងគណបក្សភ្លើងទៀន ក្នុងនាមជាអ្នក​​ជំនាញលើគោល​​នយោ​​បាយ​​សេដ្ឋកិច្ច។

ការប្រកាសទទួលយកលោកបណ្ឌិត សុខ ហាច និងតែងតាំងជាឧត្តមទីប្រឹក្សាជាន់ខ្ពស់ហើយ គ​​ណ​​បក្សជំទាស់មួយនេះក៏ទើបនឹងបានផ្តល់តួនាទីសម្រាប់លោក គង់ គាំ ជាទីប្រឹក្សាជាន់ខ្ពស់រប​​ស់​​គណបក្សនេះដែរ។

ក្រៅពីទទួលបានធនធានមនុស្សដែលស្ថិតនៅក្នុងជួរក្បាលម៉ាស៊ីនដឹកនាំហើយ គណបក្សជំទាស់​​មួយ​នេះក៏ទទួលបានការប្របាច់បញ្ចូលគ្នាជាមួយគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនី​​កា ជាប្រធានគណបក្ស។

អ្នកវិភាគនយោបាយមើលឃើញថា ប្រសិនបើវត្តមានលោក រ៉ុង ឈុន ពិតជាកើតឡើងមែន ស​​ម្រា​​​​​​ប់គណបក្សភ្លើងទៀន អាចរាប់បានថាជាយុទ្ធនា​ការមួយបន្ថែមទៀតជួយទ្រទ្រង់​គណបក្ស នៅ​​មុន​​កា​​រ​​បោះ​​ឆ្នោត​​ថ្នាក់ជាតិមកដល់ ស្របពេលគណបក្សជំទាស់មួយនេះកំពុងជួបព្យុះភ្លៀងស្ទើរ​​​ទប់​​​លំ​នឹង​​​​មិ​ន​​ជាប់ ក្រោយពីលោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ប្រតិកម្មថានឹងរំលាយ​​ម្តង​​ៗ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ