បក្ស​កាន់​អំណាច​ប្រកាស​ប្តេជ្ញា​កម្ទេច​នយោបាយ​និង​សកម្មភាព​ជ្រុល​និយម​​ឱ្យ​អស់​ពី​កម្ពុជា​

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

គណបក្សប្រជាជនកម្ពុជា បានប្រកាសប្តេជ្ញាតាមកម្ទេចចោលនយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា ដោយមិនទុកឱ្យនិន្នាការនេះ បង្កជាការបែកបាក់ជាតិ  ដោយថាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ។

ក្នុងសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា​ បានឱ្យដឹងថា គណបក្សដែលកំពុងគ្រប់គ្រងអំណាចនេះ នៅតែថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ គណបក្សនឹងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្តេជ្ញាប្រឆាំងដាច់ខាត រាល់សកម្មភាពប្រទូសរ៉ាយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកម្ចាត់ចោលនយោបាយ សកម្មភាពជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា  ដោយមិនទុកឱ្យនិន្នាការនេះបំផ្លាញជាតិឡើយ។

សេចក្តីសម្រេចបញ្ជាក់ដូចនេះថា៖ «ប្តេជ្ញាកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន»។

គណបក្សកាន់អំណាច ក៏បានបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។ ព្រមជាមួយគ្នានោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

បន្ថែមពីនេះ សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផង ។

វីអូឌីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប៉ុន្តែមិនមានការឆ្លើយតបនៅថ្ងៃទី២៩ ខែមករា។ ​

អ្នកវិ​ភាគ​ន​យោបាយ លោក​ ​ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា បើសិនជាគណបក្សកាន់អំណាចនៅតែបន្តចាត់វិធានការលើអ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ដែលរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល ក្នុងការកែលម្អលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការដើរផ្ទុយពីគោលការណ៍ច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកមាន​ប្រសាសន៍ថា៖ «បើសិនជារដ្ឋាភិបាលចាត់វិធានការទាំងឡាយណាដែលផ្ទុយពីគោលការណ៍ច្បាប់ ដែលធ្វើឱ្យសេរីភាពបញ្ចេញមតិ ឬលំហនយោបាយវាបាត់បង់ ឬក៏វារួមតូច ធ្វើឱ្យការបោះឆ្នោតមិនមានសេរី និងយុត្តិធម៌ កើតមានក្នុងសង្គមកម្ពុជា  ធ្វើឱ្យទំនាក់ទំនងកាទូតជាមួយអន្តរជាតិមិនល្អ ធ្វើឱ្យកម្ពុជាហាក់ដូចជានៅឯកោ ពិបាកកសាងទំនាក់ទងឱ្យបានស្មើមុខ ស្មើមាត់ ហើយនឹងធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍ខាងពាណិជ្ជកម្មដែរ» ។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយពី​បញ្ចប់ការប្តូរព័ត៌​មាន​ថ្ងៃខែឆ្នាំកំណើតក្នុង​បញ្ជី​​​បោះ​​ឆ្នោត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជា ​លោក ហ៊ុន សែន បានបញ្ជាក់ជំហរជាសាធារណៈ​ថា លោក​នឹង​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្រ្ត ដើម្បី​តាម​កម្ទេចអ្នកដែល​លោក​​ហៅ​ថា​ជា​​ក្រុម​​ប្រឆាំង​​នៅ​​តាម​​មូល​​ដ្ឋាន ហើយ​គាំទ្រ​អង្គ​ការ​ចាត់​តាំង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី​​ ដែលលោកហៅថា ជាជនក្បត់ជាតិ៣ជំនាន់។ ជាងនេះ​ទៀត លោក​​នាយករដ្ឋមន្ត្រី ថែម​ទាំងអះអាងថា​ ចំពោះអ្នកនៅតាមមូលដ្ឋានដែល​នៅ​បន្ត​គាំទ្រ​អង្គ​ការ​ចាត់​តាំង​របស់​លោក សម រង្ស៊ី ទៀត នឹងត្រូវកម្ទេចចោលដោយគ្មានការលើកលែង​។

ការព្រមានជាថ្មីទៀតនៅពេលនោះរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺនៅ​មួយថ្ងៃក្រោយ​​ពីសាលាដំបូង​រាជធានី​ភ្នំពេ​ញ ​បាន​កាត់​ទោស​ឱ្យ​លោក សម រង្ស៊ី ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​ផាត់​អ្នក​​ន​​យោ​​​​​​បាយ​​ចាស់វស្សារូបនេះចេញពីសង្វៀននយោបាយជារៀងរហូត។

គណបក្សភ្លើងទៀន ដែលត្រូវបានគេដឹងថា លោក សម រង្ស៊ី ជាអ្នកបង្កើតឡើងនោះ បច្ចុប្បន្នត្រូវបានគេមើលឃើញថា ជាបក្សក្រៅរដ្ឋាភិបាលឬជាគណបក្សប្រឆាំងមួយដែលមានសន្ទុះអ្នកគាំទ្រច្រើនជាងគេបើធៀបទៅនឹងគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត។

ទន្ទឹមនឹងសារព្រមានរបស់ប្រមុខគណបក្សកាន់អំណាចជាបន្តបន្ទាប់ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៣រូបហើយ ដែលកំពុងមានក្តីក្តាំនៅតុលាការ រួមមានឧត្តមទីប្រឹក្សាគណបក្សនេះ គឺលោក គង់ គាំ។ លោក គង់ គាំ ក្រៅពីប្រឈមបណ្តឹងនៅតុលាការហើយនោះ លោកក៏បានបាត់បង់ដីនិងផ្ទះធ្លាប់រស់នៅរាប់សិបឆ្នាំភ្លាមៗ បន្ទាប់ពីថ្លែងសាររិះគន់គណបក្សប្រជាជនកម្ពុជា។ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ក៏កំពុងមានរឿងក្តីនៅតុលាការ ដោយត្រូវបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ប្តឹងទារជំងឺចិត្តរាប់សិបម៉ឺនដុល្លារ ក្រោយលោកនិយាយរិះគន់លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ ថាមានភាពមិនត្រឹមត្រូវ និងការលួចបន្លំជាដើម។ លោក សុន ឆ័យ ក៏កំពុងប្រឈមការរឹបអូសទ្រព្យសម្បត្តិលក់ឡៃឡុង ដើម្បីសងប្រាក់ជំងឺចិត្តទៅដើមបណ្តឹងផងដែរ។

ដោយឡែក អនុប្រធានគណបក្សនេះមួយរូបទៀត គឺ លោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារនៅឡើយ ក្រោយតុលាការសើរើសំណុំរឿងដែលចោទថា ចេញសែកមិនមានសាច់ប្រាក់ ដែលជាសំណុំរឿងមួយកើតឡើងតាំងពីឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ