ប្រធានាធិបតីតួកគី ថានឹងពីចារណាលើសំណើសុំចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់មុនស៊ុយអែត

ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងទៅកាន់សមាជិកសភានៃគណបក្ស AK ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសភា ក្នុងទីក្រុង Ankara ប្រទេសតួកគី ថ្ងៃទី១៨ ខែមករា ឆ្នាំ២៩២៣។ (REUTERS)

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បានបង្ហាញជាសញ្ញានៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកអាចនឹងផ្ដល់ការគាំទ្រឱ្យប្រទេសហ្វាំងឡង់ ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មុនប្រទេសស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ។

ថ្លែងក្នុងសុន្ទរកថាមួយតាមរយៈទូរទស្សន៍ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីតួកគី បានឱ្យដឹងថា៖ «យើងអាចនឹងផ្ដល់ឱ្យប្រទេសហ្វាំងឡង់នូវសារផ្សេងមួយ [ទាក់ទងនឹងការដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ពួកគេ] ខណៈប្រទេសស៊ុយអែតនឹងភ្ញាក់ផ្អើលនៅពេលដែលពួកគេឃើញសាររបស់យើង។ ប៉ុន្តែហ្វាំងឡង់មិនគួរធ្វើកំហុសដូចគ្នាដែលស៊ុយអែតបានធ្វើនោះទេ»។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីឆ្នាំមុន បាន​ដាក់​ពាក្យ​ស្នើ​​សុំ​ចូល​ជា​សមាជិកអង្គការណាតូ ដែលធ្វើឡើងបន្ទាប់ពីមានករណីឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដើម្បីចូលជាសមាជិកផ្លូវការ ប្រទេសទាំង២នេះត្រូវការការយល់ព្រមពីប្រទេសជាសមាជិកទាំងអស់។

ទោះជាយ៉ាងណា ប្រទេសតួកគី និងហុងគ្រី នៅមិនទាន់ផ្តល់សច្ចាប័នដល់សមាជិកភាពរបស់ប្រទេសទាំង២នេះ​នៅឡើយទេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី តាយយីប អឺដូហ្គែន កាលពីសប្ដាហ៍មុន ក៏ធ្លាប់បានលើកឡើងថា ប្រទេសស៊ុយ​អែត មិនគួររំពឹង​ថា​នឹង​ទទួល​បាន​ការគាំទ្រពីប្រទេសតួកគី សម្រាប់​សមា​ជិក​ភាព​​របស់​ខ្លួន​ក្នុង​អង្គ​ការ​ណាតូឡើយ បន្ទាប់​ពី​មាន​ការតវ៉ា​នៅ​ជិត​ស្ថាន​ទូត​តួកគី​ ក្នុង​ទីក្រុង​ស្តុក​ហូម (Stockholm) កាលពីពេលកន្លង​ទៅ រួម​ទាំង​ការ​ដុតច្បាប់​ចម្លង​​​នៃ​​គម្ពីរកូរ៉ាន។

ទាក់ទិននឹងករណីនេះ នាយករដ្ឋមន្ត្រី​ស៊ុយអែត​ លោក ​Ulf Kristersson បានឱ្យដឹងថា ប្រទេសរបស់លោកចង់ស្តារកិច្ចសន្ទនាជាមួយតួកគី ប៉ុន្តែរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានឆ្លើយតបវិញកាលពីថ្ងៃព្រហស្បតិ៍ថា ការចាប់ផ្តើមកិច្ចចរចាឡើងវិញរវាងប្រទេសទាំង២ គឺគ្មានប្រសិទ្ធ​ភាព​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ