UPDATED៖ បក្សកាន់អំណាចបង្ហាញការតាំងចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យតែបង្កប់សារគំរាមដៃគូប្រកួត

លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហេង សំរិន)

គណបក្សប្រជាជនកម្ពុជា បង្ហាញការតាំងចិត្តពង្រីកលទ្ធិប្រជាធិបតេយ្យ ដោយធ្វើឱ្យបរិយាកាសបោះឆ្នោ​​ត​​​​​ខាងមុខ គ្មានការគំរាមកំហែង ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុ​ត្តិធម៌ លាយឡំនឹងសារគំរាមដៃគូប្រកួត ដែលការណ៍នេះ ជំរុញឱ្យមានការព្រួយបារម្ភថាការលើកឡើងនេះមិនមានអ្វីផ្លាស់ប្តូរ។

នេះបើតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោយពីធ្វើឡើងរយៈពេលពីរថ្ងៃ។

បក្សកាន់អំណាច បានលើកឡើងថា សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលសម្រេចបានរយៈពេល៤៤ឆ្នាំកន្លងទៅនេះ បានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងរបស់កម្ពុជា ក្នុងដំណើរឈានទៅមុ​ខ​​ឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំរបស់គណបក្ស ភាគីពាក់ព័ន្ធមានវិស័យឯកជន និងសង្គមស៊ីវិល។

ដោយឡែក ៥ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយត្រូវបានថែរក្សាយ៉ាងគត់មត់ លទ្ធិ​ប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជា។

បន្ថែមពីនេះ មហាសន្និបាតក៏បានលើកឡើងផងដែរពីជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអា​ស្រ័​​យរដ្ឋធម្មនុញ្ញ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលថាជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ក្រោមហេតុផលនេះ បក្សកាន់អំណាច អះអាងថា ខ្លួននឹងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត «ក្នុងការព​ង្រឹ​​ង​​បរិ​យាកាសនយោបាយសម្រាប់ការបោះឆ្នោត ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង ដើ​ម្បី​​ធានាឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខា​​​ង​មុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទំាង​​ស្រុងនូវឆន្ទៈរបស់ពលរដ្ឋខ្មែរ»។

បន្ថែមពីនេះ បក្សកាន់អំណាចក៏បានរំលេចសារបែបគំរាមថា «ខ្លួនចាំបាច់ត្រូវកម្ចាត់នយោបាយ និងស​កម្ម​​​ភាពជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើង ដើ​ម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា លោកគាំទ្រការបោះឆ្នោតមួយដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគ្មានការគំរាមកំហែងខាងនយោបាយ។

ប៉ុន្តែលោកថា ការតាំងចិត្តរបស់មហាសន្និបាតរបស់គណបក្សកាន់អំណាច អានគ្មានប្រសិទ្ធភាពដូចពេលកន្លងទៅ បើបក្សនេះនៅមានឥទ្ធិពលលើប្រព័ន្ធតុលាការ និងស្ថាប័នរៀបចំការបោះឆ្នោតនោះ។

ក្នុងន័យនេះ លោកគិតថា សេចក្តីសម្រេចនេះអាចត្រឹមជាសារនយោបាយ ចំណែកអ្នកអនុវត្តនៅបន្តធ្វើផ្សេងដដែល ហើយមួយវិញទៀត លោកថា វិធានការច្បាប់ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយម អាចជាការយកប្រៀបលើដៃគូប្រកួត ដោយលោកសំអាងថា ក​ន្ល​​ងទៅ អ្នកពាក់ម៉ាសឱ្យកូនមាន់ ក៏ត្រូវចោទប្រកាន់រហូតជាប់ពន្ធនាគារដែរ ។

លោកថា៖ «អ៊ីចឹង អាពាក្យជ្រុលនិយមនេះ វាពិបាកក្នុងការអត្ថាធិប្បាយទិដ្ឋភាពផ្លូវច្បាប់។ អ៊ីចឹងវាអា​ស្រ័​​យ​​លើអ្នកនយោបាយគាត់ថា! ហើយនិងអាស្រ័យលើតុលាការ ថាតើតុលាការហ្នឹងនៅក្នុងករណីមួយៗ តុ​លា​​ការបំពេញតួនាទីឯករាជ្យបានប៉ុនណា ហើយនៅតែបន្តឥទ្ធិពលពីអ្នកនយោបាយកម្រិតណា

ដោយឡែក នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក លោក សំ គន្ធាមី លើកឡើងថា លោកមា​​នការព្រួយបារម្ភពីប្រសិទ្ធភាពនៃការជំរុញឱ្យលទ្ធផលបោះឆ្នោតធានាឆន្ទៈពលរដ្ឋ បើស្ថាប័នរៀបចំការបោះឆ្នោត ខ្វះឯករាជ្យភាព ចំពោះគណបក្សនយោបាយដែលបានចូលរួមប្រកួត។

លោកថា៖ «បើអ្នករៀបចំការបោះឆ្នោត វាឯករាជ្យទៅ យើងទុកចិត្ត! ខ្ញុំចង់និយាយអ៊ីចឹង! [ក្នុងចំណោមទាំងអស់ ចំណុចណាដែលលោកបារម្ភខ្លាំងជាងគេ?] បារម្ភទាំងអស់នីតិវិធីវា អាហ្នឹងវាអ៊ីចឹង វាចៀសមិនរួចទេ»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស ធ្លាប់ប្រាប់វីអូឌី កាលពីដើមខែមករា ឆ្នាំ២០២៣នេះថា អនុសាសន៍​សំខាន់​ចំនួន​ ៥៨ចំនុច ដែលអង្គការនេះ​ស្នើកែលម្អប្រព័ន្ធបោះឆ្នោត ​ គ.ជ.ប. ទទួលយកតែមួយចំណុចប៉ុណ្ណោះ ពាក់ព័ន្ធការស្នើចល័តអ្នកសង្កេតការណ៍

តាមសំណើរបស់ខុមហ្វ្រែលដាក់ទៅ គ.ជ.ប. គឺស្នើពង្រឹង​គោលកា​រណ៍​សមធម៌ និង​ហិរញ្ញវត្ថុ អំឡុងពេលឃោសនាបោះឆ្នោត ពង្រឹងអព្យាក្រឹតខាងនយោបាយ​របស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីតុលាការ រួមទាំង​ពង្រឹង​ការផ្តល់កិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរជាមួយ គ.ជ.ប. តែ​បន្ថយ​ការ​ជ្រៀតជ្រែក​ និងឥទ្ធិពលលម្អៀងនយោបាយទៅលើដំណើរការបោះឆ្នោត និងពង្រឹងតម្លាភាពនៃការរាប់សន្លឹកឆ្នោត ដោ​យមិនត្រូវបិទបង្អួចនិងទ្វារការិយាល័យរាប់សន្លឹកឆ្នោត ជាដើម។

សមជិក គ.ជ.ប. ចំនួន៩រូបដែលជាក្បាលម៉ាស៊ីនដឹកនាំ ក្រោយបោះឆ្នោតជាតិ ឆ្នាំ២០១៣ មាន៤រូបមកពីគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងពេលនោះ ៤រូបទៀតកូតាមកពីគណបក្សកាន់អំណាច និងមួយរូបជាមន្ត្រីឯករាជ្យមកពីអង្គការសង្គមស៊ីវិល។

សមាសភាពស្មើគ្នានៃក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប. ពេលនោះ កើតចេញពីការចរចានយោបាយរវាងបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលមានអាសនៈក្នុងសភានៅពេលនោះ ប៉ុន្តែក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ ក្បាលម៉ាស៊ីន គ.ជ.ប. ត្រូវបានគេមើលឃើញថាគ្រប់គ្រងដោយបក្សកាន់អំណាច។

យ៉ាងណា ជិត៥ឆ្នាំ នៃអាណត្តិទី៦ ដែលបក្សប្រជាជនក្តោបក្តាប់អំណាចតែឯង ក្រោយរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ ការដឹកនាំនៅកម្ពុជាត្រូវបានគេវាយយម្លៃថាមា​នអំពើពុករលួយខ្ពស់ក្រោមរូបភាពប្រទាក់ក្រឡាគ្នា នីតិរដ្ឋទាប បើធៀបនឹងប្រទេសជាសមាជិកអាស៊ាន។

ជុំវិញស្ថានភាពសិទ្ធិមនុស្សវិញ ត្រូវបានគេមើលឃើញថា លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរួមតូច កម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងមិនទាន់រើខ្លួនចេញពីប្រទេសមានហានិភ័យខ្ពស់នៃប្រទេសតាមដានការលាងលុយកខ្វក់ ឬលុយខុសច្បាប់ នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ