អាជីវករលក់ដូរនៅផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ បានឱ្យដឹងថា ពួកគេជាង៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ ខណៈតំណាងអាជីវករ ៣នាក់ ចូលឆ្លើយបំភ្លឺនៅក្រសួងមួយនេះ ក្រោយមានវិវាទជាមួយម្ចាស់ផ្សារ។
លោក វុធ រ៉ាវី ជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារសាំហាន់ រយៈពេល៦ឆ្នាំមកហើយ បានប្រាប់វីអូឌីថា តំណាងអាជីវករចំនួន៣នាក់ត្រូវបានក្រសួងមហាផ្ទៃ ហៅទៅឆ្លើយបំភ្លឺ ទៅតាមបណ្តឹងរបស់ម្ចាស់ផ្សារ ដែលប្តឹងពួកគេថាបានញុះញង់ឱ្យអាជីវករតវ៉ា។ លោកបន្តថា ខណៈតំណាងអាជីវករ ៣នាក់ ចូលបំភ្លឺនៅក្រសួងមហាផ្ទៃនោះ គឺអាជីវករចំនួន៣៣០នាក់ តំណាងឱ្យអាជីវករចំនួន១ ០៣០តូប ដែលលក់ដូរនៅផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ បាននាំគ្នាប្រមូលផ្តុំមុខក្រសួងផងដែរ ដើម្បីគាំទ្រតំណាងរបស់ខ្លួន។
លោក វុធ រ៉ាវី ឱ្យដឹងថា ដើមចមដែលបណ្តាលឱ្យអាជីវករតវ៉ា និងតំណាង៣នាក់ ត្រូវរងបណ្តឹងនៅក្រសួងមហាផ្ទៃនោះ គឺដោយសារមានការដោះដូរម្ចាស់ផ្សារថ្មី និងការដំឡើងថ្លៃជួលតូបខ្ពស់ជាងមុនរហូត៣ ០០០ដុល្លារ រយៈពេល២ឆ្នាំ ខណៈម្ចាស់ផ្សារចាស់យកថ្លៃជួលតូបពីអាជីវករត្រឹមតែ១ ៥០០ដុល្លារ ដោយកុងត្រារយៈពេល៣ឆ្នាំ។ លោកថា ក្រោយពីក្រុមអាជីវករផ្ទុះការតវ៉ាជាបន្តបន្ទាប់រួចមក ភាគីម្ចាស់ផ្សារថ្មី បានប្តឹងតំណាងអាជីវករ ៣នាក់ ទៅក្រសួងមហាផ្ទៃ ដោយចោទថាបានញុះញង់ឱ្យអាជីវករតវ៉ាផ្សេងៗ។
លោកបន្ថែមថា៖ «ការលក់ដូរពីមុនមកហ្នឹងមិនធ្លាប់មានការតវ៉ាទេ ទើបតែមានម្ចាស់ផ្សារមកក្តោបក្តាប់ថ្មីនេះទេ បានធ្វើឱ្យអាជីវករផ្ទុះការតវ៉ា ដោយសារតែការគាបសង្កត់អាជីវករខ្លាំងពេក។ បងដឹងស្រាប់ហើយ ទើបងើបពីជំងឺកូវីដ–១៩ លក់ដូរអត់ដាច់ទេ ហើយមកគាបសង្កត់គ្នា តូបមួយ ២ ០០០ ទៅ៣ ០០០ដុល្លារអីចឹង គ្នាមានលុយអីណាបង់? ហើយការតវ៉ាកន្លងមកហ្នឹងគឺជាការស្ម័គ្រចិត្តរបស់បងប្អូនអាជីវកររៀងៗខ្លួនទេ គ្មានអ្នកណាបង្ខិតបង្ខំ ឬបំបះបំបោរឱ្យអាជីវករធ្វើៗ គឺអត់ទេ»។
តំណាងអាជីវករ លោក ស្រ៊ុន ភី ប្រាប់អ្នកសារព័ត៌មាន ក្រោយឆ្លើយបំភ្លឺនៅក្រសួងមហាផ្ទៃ ថាលោកមិនបានញុះញង់អាជីវករឱ្យតវ៉ា ឬធ្វើសកម្មភាពប្រឆាំងម្ចាស់ផ្សារនោះទេ។ លោកថា អាជីវករផ្ទុះការតវ៉ានោះ ដោយសារតែពួកគេរងការគាបសង្កត់ពីម្ចាស់ផ្សាររៀងៗខ្លួន និងតវ៉ាដើម្បីផលប្រយោជន៍រៀងខ្លួនតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ពាក់ព័ន្ធការចោទថាញុះញង់នេះ យើងសុំច្រានចោលទាំងស្រុង ដោយសារយើងទាំងអស់គ្នាធ្វើ គឺជាកម្លាំងសាមគ្គីរួម បានន័យថា ខ្ញុំមិនបានកៀរគរហៅបងប្អូនអាជីវករទាំងហ្នឹងធ្វើសកម្មភាពផ្សេងៗទេ គឺពួកយើងស្ម័គ្រចូលរួមទាំងអស់គ្នា ដើម្បីថែរក្សា ឬដើម្បីការពារសិទ្ធិក្នុងការលក់ដូររបស់ពួកយើងទាំងអស់គ្នា។ យើងមានតូបរៀងខ្លួន យើងត្រូវការពារតូបរៀងខ្លួន គ្មានអ្នកទៅញុះញង់បងប្អូនណាមួយទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍យ៉ាងខ្លីថា ក្រុមអាជីវករបានរំសាយត្រលប់ទៅផ្ទះវិញ ក្រោយក្រសួងដោះស្រាយបញ្ចប់វិវាទនេះ ប៉ុន្តែតំណាងអាជីវករឱ្យដឹងថា ការឆ្លើយបំភ្លឺព្រឹកមិញនេះ គឺខាងក្រសួងមិនទាន់បានសម្រេចថាយ៉ាងណានៅឡើយទេ។
វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាងផ្សារសាំហាន់ លោក គឹម ឆាយ ដែលជាដើមបណ្តឹងបានទេ ពាក់ព័ន្ធករណីនេះដោយទូរសព្ទមិនអាចទាក់ទងបាន។
ផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមក្រុមអាជីវករ ផ្សារនេះមានតូបសរុប១ ០៣០តូប ហើយអាជីវករដែលជាម្ចាស់តូបបានផ្ទុះការតវ៉ាទាំងអស់គ្នា ដើម្បីទាមទារកុំឱ្យម្ចាស់ផ្សារ ឬអ្នកគ្រប់គ្រងថ្មីឡើងថ្លៃតូបខ្ពស់៕