រដ្ឋបាលស្រុកអង្គស្នួលហៅតំណាងកម្មកររោងចក្រ បូវឃើរ ទៅដោះស្រាយវិវាទការងារ

តំណាងកម្មករចំនួន​ ១២នាក់ បម្រើការងារនៅរោងចក្រ បូវឃើរ ទៅសម្របសម្រួលរកដំណោះស្រាយជាមួយ​ភាគី​រោង​ចក្រ​ នៅ​ទីស្តីការ​ក្រសួង នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយ​ពីថៅកែបង្ខំ​កម្មករ​​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារដោយ​គ្មានប្រាក់​ឈ្នួល ​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ។ (ផ្ដល់ឱ្យ)

រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានហៅតំណាងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីតធីត (Bowker Garment Factory Cambodia) CO.,LTD. ទៅដោះស្រាយវិវាទការងារ ក្រោយពីគ្មានដំណោះស្រាយពីក្រសួងការងារ។

នាយកដ្ឋានវិវាទ​ការងារ​ នៃក្រសួងការងារ បានកោះហៅតំណាងកម្មករបម្រើការងារនៅរោងចក្រ បូវឃើរ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅដោះស្រាយវិវាទការងារជាបន្តបន្ទាប់ ទៅតាមបណ្តឹងរបស់ថៅកែ ក្រោយពីកម្មករទាមទារទៅថៅកែឱ្យផ្តល់ប្រាក់ឈ្នួលអំឡុងពេលឈប់សម្រាករៀងរាល់ថ្ងៃសៅរ៍ រយៈពេល១ខែ ក្នុងខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែពុំមានលទ្ធផលជាវិជ្ជមាននោះទេ។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ដែលតាមដានករណីនេះ និងតំណាងឱ្យកម្មករនៅរោងចក្រ បូវឃើរ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កាលពីម្សិលមិញនេះ អភិបាលស្រុកអង្គស្នួល ហៅតំណាងកម្មករ ក្នុងនោះក៏មានរូបលោកផងដែរ ឱ្យចូលដោះស្រាយវិវាទការងារជាមួយភាគីរោងចក្រ ប៉ុន្តែមិនទទួលបានដំណោះស្រាយជាវិជ្ជមាននោះទេ។

ប្រធានសហព័ន្ធសហជីពរូបនេះ បន្តថា ភាគីរោងចក្រសុំយកសំណើរបស់កម្មករទៅពិភាក្សាជាមួយថ្នាក់ដឹកនាំសិន និងសន្យាផ្តល់ចម្លើយមកភាគីកម្មករនៅថ្ងៃនេះវិញ។

លោកបន្ថែមថា៖ «តើក្រុមហ៊ុនមានលទ្ធភាពប៉ុន្មានសម្រាប់ផ្តល់ជូនកម្មករឱ្យក្រុមហ៊ុនឆ្លើយមកសិន ៥០ភាគរយ ឬ៣០ភាគរយ ឱ្យគាត់ឆ្លើយសិន។ ដំបូង បើគាត់អត់ព្រម យើងទាមទារប្រាក់ឈ្នួល ១០០ភាគរយ ព្រោះវាជាច្បាប់។ បើយើងទាមទារ ៥០ភាគរយ វាអត់មានក្នុងច្បាប់»

លោក រី សិទ្ធីណែត លើកឡើងថា ករណីថៅកែឱ្យដាក់ពាក្យ​ឈប់​ដោយ​ខ្លួន​ឯង​ដោយគ្មានប្រាក់ឈ្នួលនេះ គឺ​ជាការ​មិន​ទទួល​ខុស​ត្រូវ កេង​ប្រវ័ញ្ចកម្លាំងពលកម្ម និងជាទង្វើខុសច្បាប់។ លោកថា ប្រសិនបើរោងចក្រអត់មានការងារឱ្យកម្មករធ្វើទេ គឺម្ចាស់រោងចក្រត្រូវជូនដំណឹងទៅនាយកដ្ឋានអធិការការងារ ដើម្បីសុំព្យួរការងារកម្មករ ប៉ុន្តែលោកថា រោងចក្រ បូវឃើរ នៅមានការងារឱ្យកម្មករធ្វើ និងមានការងារថែមម៉ោងពីថ្ងៃចន្ទដល់ថ្ងៃសុក្រផងដែរ។

លោក រី សិទ្ធីណែត ឱ្យដឹងថា ការសម្របសម្រួលដោះស្រាយវិវាទរបស់នាយកដ្ឋានវិវាទការងារកន្លងមកនេះ គឺមិនបានបញ្ចូលសម្តីភាគីកម្មករទៅក្នុងកំណត់ហេតុនោះទេ ដែលធ្វើឱ្យភាគីកម្មករមិនសប្បាយចិត្ត និងផ្តិតស្នាមមេដៃលើកំណត់ហេតុនៃកិច្ចប្រជុំទាំងនោះ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកអង្គស្នួល លោក ខុន សេរីរដ្ឋា និង​ប្រធាន​រដ្ឋបាលរោងចក្រ បូវឃើរ លោក ស៊ាង រដ្ឋា បានទេ នៅថ្ងៃអង្គារនេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

បើតាមតំណាងកម្មករ​ លោក ឆន ចាន់ រោងចក្រ បូវឃើរ ជារោងចក្រកាត់ដេរសម្លៀកបំពាក់មានកម្មករជាង ៤ ៣០០​នាក់បម្រើកា​រ​ងារ និងមានថៅកែជាជនជាតិហុងកុង។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធសហជីពឯករាជ្យ និង​អង្គការដៃគូផ្សេងទៀត បានផ្ញើលិខិតមួយទៅក្រុម​ហ៊ុនបញ្ជា​ទិញ អាឌីដាស (ADIDAS) ដើម្បី​សុំ​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ជូន​កម្មក​រ​នៅ​រោង​ចក្រ បូវ​ឃើរ ដោយអះ​អាង​ថា រោង​ចក្រ​មួយ​នេះបាន​បង្ខំកម្មករឱ្យដាក់ពាក្យសុំច្បាប់ឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល រៀងរាល់ថ្ងៃសៅរ៍​ នៅក្នុង​ខែធ្នូ​ ឆ្នាំ​២០២២។

ក្នុងលិខិតនេះ ក្រុមសហជីពបានស្នើដល់អ្នកបញ្ជាទិញ Adidas ជំរុញ និង​ដាក់សម្ពាធទៅលើក្រុមហ៊ុន បូវឃើរ ត្រូវអនុវត្តច្បាប់ស្តីពីការងារឱ្យបានត្រឹមត្រូវ ពោល​គឺឱ្យកម្មករឈប់សម្រាកដោយមានប្រាក់ឈ្នួល​ត្រឹមត្រូវ ក្នុងករណីរោងចក្រអត់ការ​ងារ​ឱ្យក​ម្មករ​ធ្វើការ​ពិត​ប្រាកដ​មែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ